មេធាវី​២​នាក់​ដែល​មាន​ស្នាដៃ​ប្ដឹង​រំលាយ​បក្ស​ប្រឆាំង​ទទួល​បាន​តួនាទី​ធំ​ក្នុង​របប​ឯកបក្ស

មេធាវី​២​នាក់ ក្នុងចំណោម​៥​នាក់ ដែល​មាន​ស្នាដៃ​ជួយ​របប​ក្រុងភ្នំពេញ ប្ដឹង​រំលាយ​គណបក្សប្រឆាំង កាលពី​ឆ្នាំមុន ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ តាម​សំណើ​លោក ហ៊ុន សែន មេដឹកនាំ​របប​ឯក​បក្ស​ក្រុងភ្នំពេញ។

លោក​មេធាវី គី តិច ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​ឋានៈ​ស្មើ​​ទេសរដ្ឋមន្ត្រី បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន។ ចំណែក​លោក​មេធាវី លី ច័ន្ទតុលា ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ ផ្ដល់​តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ឲ្យ​ដែរ តែ​មាន​ឋានៈ​ត្រឹម​ស្មើ​រដ្ឋមន្ត្រី។ ថ្វីបើ​មេធាវី​ទាំងពីរ ត្រូវ​បាន​តែងតាំង ជា​ក្រុមប្រឹក្សា​អ្នកច្បាប់ ក្រោម​បង្គាប់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ មេធាវី​៣​នាក់​ផ្សេងទៀត ដែល​ជួយ​ជ្រោមជ្រែង​ប្ដឹង​រំលាយ​គណបក្ស​ប្រឆាំង គឺ លោក​មេធាវី គង់ ទីលីន មេធាវី សាន់ ជួយ និង​លោក​មេធាវី ចេង ប៉េងហាប់ មិន​ឃើញ​មានឈ្មោះ​តែងតាំង​ទេ។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​ក្រុមប្រឹក្សា​អ្នកច្បាប់ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១២ វិច្ឆិកា​ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា បង្ហាញ​ថា ព្រះមហាក្សត្រ​បាន​យល់ព្រម​​តាម​សំណើ​លោក ហ៊ុន សែន តែងតាំង សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ចំនួន​៤៥​នាក់

​ដោយ​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ជា​ប្រធាន និង​តែងតាំង​ទីប្រឹក្សា ១០​នាក់ ឲ្យ​ក្រុមប្រឹក្សា​អ្នកច្បាប់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។