មន្ត្រី​របប​ភ្នំពេញ​ចាត់​ទុក​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​របស់​ព្រឹទ្ធសភា​អាមេរិក ជា​ព្រឹត្តិការណ៍​នយោបាយ

ដោយ មួង ណារ៉េត
2019-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

មន្ត្រី​របប​លោក ហ៊ុន សែន ចាត់​ទុក​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​មួយទៀត របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ថា ជា​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បី​រូប រួមគ្នា​ស្នើ​ច្បាប់​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​។ ច្បាប់​នេះ នឹង​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របប​លោក ហ៊ុន សែន ផង។

មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ថ្លែងប្រាប់​អាស៊ីសេរី ថា លោក​មិន​ចាប់អារម្មណ៍​ការ​ស្នើ​ច្បាប់​ថ្មី​នេះ​ទេ ព្រោះ​លោក​អះអាង​ថា មន្ត្រី​រដ្ឋសភា​អាមេរិក គឺ​សុទ្ធតែ​ជា​អ្នក​នយោបាយ ដែល​ចេញមុខ ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ លោក​ស្នើ​ឱ្យ​អ្នកនយោបាយ​អាមេរិក បើ​ឈប់​បាន​ឈប់​ទៅ ចំពោះ​អ្វី​ដែល​លោក​ហៅថា​ជា​វប្បធម៌​ចក្រពត្តិនិយម ព្រោះ​លោក​ថា វា​មិន​ថ្លៃថ្នូរ​ក្នុង​ភាពជា​មនុស្សជាតិ បើ​នៅតែ​បន្ត​ធ្វើ​ដូច្នេះ៖ «តាំងពី​ឆ្នាំ​១៩៩៨ មក​សមាជិកសភា​របស់​សហរដ្ឋអាមេរិក​ខ្លះ ក៏បាន​ចាក​ឋាន​ចោល​ទៅ​ហើយ នេះ​ជា​រលក​ថ្មី​មក​ជា​បន្តបន្ទាប់​។ ពួកគេ​គួរតែ​ទទួលស្គាល់ នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​ភាព​សុខសាន្ត​។ ដូច្នេះ​ការ​លើកឡើង​នេះ គឺជា​រឿង​ធម្មតា​ទេ របស់​អ្នក​នយោបាយ​នោះ»

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​បី​រូប ពី​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង បាន​រួមគ្នា​ស្នើ​ច្បាប់​ថ្មី​មួយ​នេះ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា តែ​ទើបតែ​ត្រូវ​បាន​លេចចេញ​ជា​សាធារណ​: កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា។ ច្បាប់​នោះ​មាន​លេខ​កូដ S. 1468 ស្ដីពី​ការទទួលខុសត្រូវ​របស់​កម្ពុជា និង ការ​វិលត្រឡប់​មកវិញ​នៃ​ការ​វិនិយោគ​ឆ្នាំ​២០១៩ (Cambodia Accountability and Return on Investment Act of 2019) ដែល​ស្នើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ងាក​មក​គោរព​គោលការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឱ្យ​បាន​ពេញលេញ។

សមាជិក​ព្រឹទ្ធសភា​ទាំង​បី​រូប​នោះ មួយ​រូប​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ និង​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​ទៀត គឺ​លោក ឌិក ឌើប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាង​គណបក្ស​សាធារណរដ្ឋ។

ច្បាប់ S.1468 នេះ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិសុខ​ក្នុង​តំបន់ ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា កុំ​ឱ្យ​លុះ​តាម​ឥទ្ធិពល​របស់​ចិន​កុម្មុយនិស្ត និង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ និង​ការទទួលខុសត្រូវ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ច្បាប់​នេះ តម្រូវ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង ហើយ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​ពួកគាត់​។ ច្បាប់​នេះ ក៏​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់ ដោយ​ហេតុផល​នយោបាយ លើ​មេដឹកនាំ​ផ្សេងទៀត របស់​បក្ស​ប្រឆាំង មាន​ដូចជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​ផង គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

លើស​ពី​នេះ​ទៅ​ទៀត ច្បាប់​នេះ ក៏​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​លុបចោល​ច្បាប់​វិសោធនកម្ម ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​អនុញ្ញាត​ឱ្យ​គណបក្សប្រឆាំង​បើក​ដំណើរការ​ឡើងវិញ និង​ផ្ដល់​នីតិសម្បទា ដល់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់ ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ ពី​សំណាក់​របប​នេះ​នោះ។

ក្នុង​ករណី​របប​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ដែល​ជា​មន្ត្រី​របប​នេះ រួមមាន​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ទាំងនោះ និង​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ​ទាំងមូល រួមមាន​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP និង​មិន​បន្ធូរបន្ថយ​ចំពោះ​ការ​ជំពាក់​បំណុល​អាមេរិក​ជាដើម។

នេះ​គឺ​សេចក្ដាំ​ស្នើ​ច្បាប់​ទី​បួន​ហើយ ដែល​សមាជិកសភា និង សភាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​ដាក់​ស្នើ​ក្នុង​ឆ្នាំ ២០១៩ នេះ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​របប​នេះ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ មិន​ភ្ញាក់ផ្អើល​នឹង​ការ​ស្នើ​ច្បាប់​បន្ថែម ដើម្បី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នេះ​ទេ ព្រោះ​លោក​មើល​ឃើញ ​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​នៅតែ​អាក្រក់​បែបនេះ​។ លោក គឹម សុខ បន្ថែម​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ​១៩៩១ ដែល​ក្នុង​ន័យ​នេះ អាមេរិក​មាន​ករណីយកិច្ច​ផ្នែក​សីលធម៌ ក្នុង​ការ​ធ្វើ​យ៉ាងណា ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​មាន​ចែង​ក្នុង​ស្មារតី នៃ​កិច្ចព្រមព្រៀង​នោះ៖ «កាតព្វកិច្ច​ជា​ចម្បង​របស់​អាមេរិក គឺ​ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា ជា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកណា​ក៏ដោយ ដែល​មិន​គោរព​ទៅតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​ក្លាយទៅជា​លិខិតុបករណ៍​អន្តរជាតិ ឬ ក៏​ជា​ច្បាប់​អន្តរជាតិ​ទៅ​ហើយ​នោះ ឱ្យ​ត្រូវតែ​គោរព​ដើម្បី​បម្រើ​ផលប្រយោជន៍​នៃ​ប្រជា​ជាតិខ្មែរ​។ នេះ​ជា​គោលការណ៍​អន្តរជាតិ​។ វា​ច្បាប់​ដែល​ត្រូវតែ​គោរព»

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឯណោះ តាមរយៈ​ក្រសួងការបរទេស​របស់​ខ្លួន កាលពី​ថ្ងៃទី១៧ ខែ ឧសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍​បន្ថែម​មួយទៀត ថ្កោលទោស​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ដែរ​។ រដ្ឋាភិបាល​អាមេរិក ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ លើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់ និង​ធ្វើ​យ៉ាងណា​អនុញ្ញាត​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពិតប្រាកដ និង​ត្រូវ​ពិនិត្យ​ច្បាប់ និង​ការអនុវត្ត​របស់​ខ្លួន ឱ្យ​ស្របតាម​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល