មន្ត្រីរបបលោក ហ៊ុន សែន ចាត់ទុកសេចក្ដីស្នើច្បាប់ថ្មីមួយទៀត របស់សមាជិកព្រឹទ្ធសភាអាមេរិក ថា ជាការបង្កើតព្រឹត្តិការណ៍នយោបាយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយសមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ ច្បាប់នេះ នឹងបញ្ចូលការដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ផង។
មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរី ថា លោកមិនចាប់អារម្មណ៍ការស្នើច្បាប់ថ្មីនេះទេ ព្រោះលោកអះអាងថា មន្ត្រីរដ្ឋសភាអាមេរិក គឺសុទ្ធតែជាអ្នកនយោបាយ ដែលចេញមុខ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ លោកស្នើឱ្យអ្នកនយោបាយអាមេរិក បើឈប់បានឈប់ទៅ ចំពោះអ្វីដែលលោកហៅថាជាវប្បធម៌ចក្រពត្តិនិយម ព្រោះលោកថា វាមិនថ្លៃថ្នូរក្នុងភាពជាមនុស្សជាតិ បើនៅតែបន្តធ្វើដូច្នេះ៖ «តាំងពីឆ្នាំ១៩៩៨ មកសមាជិកសភារបស់សហរដ្ឋអាមេរិកខ្លះ ក៏បានចាកឋានចោលទៅហើយ នេះជារលកថ្មីមកជាបន្តបន្ទាប់។ ពួកគេគួរតែទទួលស្គាល់ នូវអ្វីដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានភាពសុខសាន្ត។ ដូច្នេះការលើកឡើងនេះ គឺជារឿងធម្មតាទេ របស់អ្នកនយោបាយនោះ»។
សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីរូប ពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានរួមគ្នាស្នើច្បាប់ថ្មីមួយនេះ កាលពីថ្ងៃទី១៤ ខែឧសភា តែទើបតែត្រូវបានលេចចេញជាសាធារណ: កាលពីថ្ងៃទី ២២ ខែឧសភា។ ច្បាប់នោះមានលេខកូដ S. 1468 ស្ដីពីការទទួលខុសត្រូវរបស់កម្ពុជា និង ការវិលត្រឡប់មកវិញនៃការវិនិយោគឆ្នាំ២០១៩ (Cambodia Accountability and Return on Investment Act of 2019) ដែលស្នើឡើងដើម្បីជំរុញឱ្យរបបលោក ហ៊ុន សែន ងាកមកគោរពគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឱ្យបានពេញលេញ។
សមាជិកព្រឹទ្ធសភាទាំងបីរូបនោះ មួយរូបមកពីខាងគណបក្សសាធារណរដ្ឋ គឺលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជាអ្នកផ្ដួចផ្ដើមស្នើច្បាប់នេះ និងគាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាងគណបក្សប្រជាធិបតេយ្យ និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ។
ច្បាប់ S.1468 នេះទាមទារឱ្យរបបលោក ហ៊ុន សែន ចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខក្នុងតំបន់ ការពារអធិបតេយ្យភាពរបស់កម្ពុជា កុំឱ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនិស្ត និងធ្វើយ៉ាងណាឱ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការទទួលខុសត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ច្បាប់នេះ តម្រូវឱ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដោះលែងអ្នកទោសនយោបាយ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើពួកគាត់។ ច្បាប់នេះ ក៏ទាមទារឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ ដោយហេតុផលនយោបាយ លើមេដឹកនាំផ្សេងទៀត របស់បក្សប្រឆាំង មានដូចជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងទម្លាក់ចោលបទចោទលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបផង គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។
លើសពីនេះទៅទៀត ច្បាប់នេះ ក៏ស្នើឱ្យរបបលោក ហ៊ុន សែន ត្រូវតែលុបចោលច្បាប់វិសោធនកម្ម ស្ដីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឱ្យគណបក្សប្រឆាំងបើកដំណើរការឡើងវិញ និងផ្ដល់នីតិសម្បទា ដល់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងអស់ ដែលរងបម្រាមសិទ្ធិនយោបាយ ពីសំណាក់របបនេះនោះ។
ក្នុងករណីរបបលោក ហ៊ុន សែន មិនអនុវត្តតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មលើបុគ្គល ដែលជាមន្ត្រីរបបនេះ រួមមានបង្កកទ្រព្យសម្បត្តិមន្ត្រីទាំងនោះ និងដាក់ទណ្ឌកម្មលើរបបនេះទាំងមូល រួមមានការព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP និងមិនបន្ធូរបន្ថយចំពោះការជំពាក់បំណុលអាមេរិកជាដើម។
នេះគឺសេចក្ដាំស្នើច្បាប់ទីបួនហើយ ដែលសមាជិកសភា និង សភាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានដាក់ស្នើក្នុងឆ្នាំ ២០១៩ នេះ ដើម្បីដាក់សម្ពាធឱ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ក្រោយរបបនេះរម្លាយគណបក្សសង្គ្រោះជាតិ។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ មិនភ្ញាក់ផ្អើលនឹងការស្នើច្បាប់បន្ថែម ដើម្បីដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន នេះទេ ព្រោះលោកមើលឃើញ ពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលនៅតែអាក្រក់បែបនេះ។ លោក គឹម សុខ បន្ថែមថា សហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ១៩៩១ ដែលក្នុងន័យនេះ អាមេរិកមានករណីយកិច្ចផ្នែកសីលធម៌ ក្នុងការធ្វើយ៉ាងណា ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចមានចែងក្នុងស្មារតី នៃកិច្ចព្រមព្រៀងនោះ៖ «កាតព្វកិច្ចជាចម្បងរបស់អាមេរិក គឺត្រូវជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសកម្ពុជា ជារដ្ឋាភិបាលដឹកនាំដោយអ្នកណាក៏ដោយ ដែលមិនគោរពទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព ដែលក្លាយទៅជាលិខិតុបករណ៍អន្តរជាតិ ឬ ក៏ជាច្បាប់អន្តរជាតិទៅហើយនោះ ឱ្យត្រូវតែគោរពដើម្បីបម្រើផលប្រយោជន៍នៃប្រជាជាតិខ្មែរ។ នេះជាគោលការណ៍អន្តរជាតិ។ វាច្បាប់ដែលត្រូវតែគោរព»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកឯណោះ តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែ ឧសភា បានចេញសេចក្ដីថ្លែងការណ៍បន្ថែមមួយទៀត ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជានេះដែរ។ រដ្ឋាភិបាលអាមេរិក ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញមកលើមន្ត្រីបក្សប្រឆាំង និងបញ្ឈប់រាល់ការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយ លើមន្ត្រីបក្សប្រឆាំងទាំងអស់ និងធ្វើយ៉ាងណាអនុញ្ញាតឱ្យមានរបបប្រជាធិបតេយ្យសេរីពហុបក្ស ពិតប្រាកដ និងត្រូវពិនិត្យច្បាប់ និងការអនុវត្តរបស់ខ្លួន ឱ្យស្របតាមកាតព្វកិច្ចរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
