អ្នកជំនាញវិស័យសិទ្ធិមនុស្ស និងអ្នកវិភាគ ចង់ឃើញរបបលោក ហ៊ុន សែន ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត យកមកអនុវត្តនៅកម្ពុជា តាមរយៈការកែលម្អការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ឡើងវិញ។ សំណើនេះធ្វើឡើងដោយសារតែមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន ថា របបនេះមិនត្រូវការអ្នកវាយតម្លៃការងារនោះទេ។
អ្នកជំនាញវិស័យសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានសមាគមអាដហុក (Adhoc) លោក ធន សារាយ ថ្លែងក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៩ វិច្ឆិកា ព្រមានថា ប្រសិនបើរបបលោក ហ៊ុន សែន នៅតែរឹងទទឹងមិនព្រមធ្វើការកែលម្អវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នោះទេ នោះពលរដ្ឋខ្មែរភាគច្រើន នឹងលែងក្លាយជាម្ចាស់ប្រទេសរបស់ខ្លួនបានទៀតហើយ៖ «ខ្ញុំសូមបញ្ជាក់ជូនដល់ប្រជាពលរដ្ឋខ្មែរជាទូទៅដែលជាម្ចាស់អំណាច។ ប្រសិនបើយើងនៅទុកឲ្យប្រព័ន្ធយុត្តិធម៌ បាន ន័យថាតុលាការនៅរបៀបនេះតទៅទៀត គឺមានន័យថា ប្រជាពលរដ្ឋយើង មិនមែនជាម្ចាស់ទេ អ្នកដែលជាម្ចាស់គឺអ្នកមានអំណាចទៅវិញទេ ពីព្រោះថាឥឡូវនេះ យើងឃើញថាសង្គមយើងបច្ចុប្បន្ន មានមនុស្សមួយចំនួននៅពីលើច្បាប់។ នេះហើយដែលយើងធ្វើអីអត់កើត។ នៅពេលដែលមនុស្សមួយចំនួននៅពីលើច្បាប់ គេធ្វើអ្វី ក៏មិនចេះខុសដែរ។ ចំណែកយើងដែលឥតដែលធ្វើអីខុសសោះ ក៏គេថាខុសបានដែរ គេយកយើងទៅដាក់គុកបានដែរ។ នេះហើយដែលជាបញ្ហា ហើយប្រជាពលរដ្ឋជាម្ចាស់ហ្នឹងក៏អ៊ីចឹងដែរ ប្រជាជនជាម្ចាស់ ក៏ប៉ុន្តែនៅពេលដែលខ្លួននិយាយស្អី ទាមទារតវ៉ាស្អី គេយកទៅដាក់ពន្ធនាគារ គេយកទៅធ្វើទុក្ខបុកម្នេញ បានគ្រប់បែបយ៉ាង នៅគ្រប់ពេលវេលា។ នេះហើយដែលយើងលែងមានភាពជាម្ចាស់»។
លោក ធន សារាយ គូសបញ្ជាក់បន្ថែមថា ប្រសិនបើស្ថាប័នយុត្តិធម៌ និងកងកម្លាំងប្រដាប់អាវុធ មិនឯករាជ្យ ហើយត្រូវបានអ្នកគ្រប់គ្រងប្រទេសយកទៅក្ដោបក្ដាប់បាន នោះអ្នកដឹកនាំប្រទេសអាចធ្វើអ្វីៗបានស្រេចតែអំពើចិត្ត៖ «អ្វីដែលគេសម្រេចចិត្តគឺជាបញ្ជា ដើម្បីឲ្យអ្នកទាំងអស់គ្នានៅក្នុងសង្គមត្រូវតែស្តាប់តាម ហើយអ្នកណាមិនស្ដាប់តាមត្រូវចាត់ទុកជាខ្មាំង ជាសត្រូវទាំងអស់។ នេះហើយដែលជាបញ្ហាសំខាន់នៅក្នុងសង្គមរបស់យើង»។
កាលពីថ្ងៃទី៨ វិច្ឆិកា ថ្លែងក្នុងពេលបិទបញ្ចប់បេសកកម្មលើកទី ៦ របស់អ្នកស្រីមកកាន់កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ផ្ដល់អនុសាសន៍ថា ប្រសិនបើរបបក្រុងភ្នំពេញពិតជាចង់អភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចិរភាព និងសន្តិភាពយូរអង្វែងមែននោះ នោះរបបនេះ ចាំបាច់ត្រូវតែធ្វើការដោយឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យពួកគេអាចចូលរួមបានយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងក្នុងសង្គម ហើយត្រូវផ្ដោតលើការគោរពសិទ្ធិមនុស្សជាចំណុចស្នូល។
អនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត នេះ ចង់សំដៅទៅលើរបបលោក ហ៊ុន សែន ដែលបរាជ័យក្នុងការលើកកម្ពស់ឲ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនយោបាយ ក្នុងសង្គម និងការអភិវឌ្ឍន៍ប្រទេស តាមរយៈការរម្លាយចោលគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រដល់ទៅជិតពាក់កណ្ដាលប្រទេស ការចាប់ខ្លួនមេបក្សប្រឆាំង សកម្មជននយោបាយ សិទ្ធិមនុស្ស ដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញមកលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក ធន សារាយ យល់ស្របទៅនឹងអនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត នេះ ដោយលោកពន្យល់ថា នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ តម្រូវឲ្យមាននូវការចូលរួមពីសំណាក់ពលរដ្ឋទូទៅមកពីគ្រប់មជ្ឈដ្ឋាន។ លោកគូសបញ្ជាក់ថា នៅក្នុងការគ្រប់គ្រងរដ្ឋ និងការសម្រេចចិត្តរបស់អ្នកដឹកនាំប្រទេស ឬអ្នកមានអំណាច តែងតែមានពលរដ្ឋពេញចិត្ត និងមិនពេញចិត្ត ដោយសារតែមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ គេត្រូវតែទុកលទ្ធភាពឲ្យប្រជាពលរដ្ឋមានការតវ៉ា មានការទាមទារ ដើម្បីដោះស្រាយបញ្ហារបស់គាត់ឲ្យបានសមស្របជូនគាត់វិញ។ ប៉ុន្តែ នៅក្នុងរបបដែលមិនប្រជាធិបតេយ្យ គឺគេវាយមនុស្សដែលត្រៀមតវ៉ាហ្នឹង គេបង្ខំឲ្យអ្នកហ្នឹងទទួលនូវអ្វីដែលជាដំណោះស្រាយដែលគេប្រគល់ឲ្យ។ នេះហើយជាភាពខុសគ្នាធំណាស់ត្រង់កន្លែងហ្នឹង។ នេះហើយ ដែលអ្នកដឹកនាំរបស់យើង មានការខ្វះចន្លោះ ចេះតែគិតថា ឲ្យតែអ្នកណាហ៊ានមានមតិ ផ្ដល់មតិយោបល់ ឬទាមទារតវ៉ាហ្នឹង គឺថាសុទ្ធតែជាអ្នកប្រឆាំងនឹងរបបរបស់គាត់។ មិនមែនទេ។ នេះជាសិទ្ធិមូលដ្ឋាន ដែលយើងត្រូវតែទទួលស្គាល់។ បើមិនអ៊ីចឹងទេ យើងកុំប្រកាសថាប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ !»។
បន្ថែមពីលើនេះ លោក គឹម សុខ អ្នកវិភាគនយោបាយ យល់ឃើញថា អនុសាសន៍ដាក់ចេញដោយអ្នកស្រី រ៉ូណា ស្មីត គឺជាមេរៀនប្រជាធិបតេយ្យមួយ ដែលឆ្លុះបញ្ចាំងពីការលើកកម្ពស់ និងការលើកតម្កើងនូវសិទ្ធិសេរីភាពពលរដ្ឋជាធំ ហើយផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ។ លោកបន្តថា បើមេដឹកនាំរបបក្រុងភ្នំពេញ ពិតជាដឹកនាំប្រទេស ដើម្បីប្រយោជន៍ពលរដ្ឋខ្មែរមែននោះអនុសាសន៍ទាំងនោះ គឺជាជំនួយដ៏ធំសម្រាប់ពួកគេក្នុងការយកមកអនុវត្តតាម៖ «គាត់ចង់ឆ្លើយទៅមេដឹកនាំកម្ពុជាថា គាត់កុំទន្ទេញពាក្យសន្តិភាពតែមួយមុខ។ វាត្រូវមានក្ដោបនឹងពាក្យយុត្តិធម៌ ហើយនឹងស្ថាប័នរឹងមាំ។ នេះជាចំណុចដែលយើងរៀនសូត្រ ហើយដែលមេដឹកនាំខ្មែររបស់របបលោក ហ៊ុន សែន ត្រូវរៀនសូត្រឲ្យច្បាស់។ សិទ្ធិយុត្តិធម៌របៀបណា ? យុត្តិធម៌ដែលច្បាប់មានស្មារតីនីតិរដ្ឋពិតប្រាកដគ្រប់គ្នា ស្មើមុខគ្នានៅចំពោះមុខច្បាប់។ មិនមែនច្បាប់និយាយដោយបុគ្គលម្នាក់ ហើយខ្ញុំគ្រាន់តែអត្ថាធិប្បាយនីតិមាត់មួយម៉ាត់ នៅក្នុងស្រុកមិនបានអ៊ីចឹងទេ។ ស្ថាប័នរឹងមាំគឺចង់បញ្ជាក់ថា កាតព្វកិច្ចរបស់អ្នកគ្រប់គ្រងស្ថាប័នមួយៗហ្នឹង គឺគាត់មានសិទ្ធិសេរីភាពធ្វើតាមតួនាទី តាមច្បាប់ដែលមានចែង។ អត់មានចាំស្ដាប់នរណាម្នាក់ទេ»។
ទាំងលោក គឹម សុខ និងទាំងលោក ធន សារាយ មើលឃើញថា ចំពោះការដឹកនាំប្រទេសជាតិមួយដែលខ្វះការចូលរួមពិតប្រាកដពីសំណាក់ប្រជាពលរដ្ឋ នឹងបណ្ដាលឲ្យសង្គមជាតិទាំងមូល មិនត្រឹមតែគ្មានយុត្តិធម៌ប៉ុណ្ណោះទេ តែក៏ធ្វើឲ្យស្ថាប័នជាតិទាំងមូល ពុំមានស្ថិរភាព ហើយសង្គមមិនអាចមានសន្តិភាពយូរអង្វែងនោះឡើយ។ ពួកលោកចង់ឃើញ របបលោក ហ៊ុន សែន ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទៅរៀនសូត្រ និងអនុវត្តតាម ដើម្បីឲ្យរបបនេះក្លាយជាក្រុមពេញសិទ្ធិនៅលើឆាកអន្តរជាតិ និងទទួលស្គាល់ដោយពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋាន៕
