មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញនិយាយថា លោក សម រង្ស៊ី កំពុងប្រឌិតរឿងទាំងស្រមើស្រមៃចោទ លោក ហ៊ុន សែន ថា ចង់សម្លាប់ លោក ហ៊ីង ប៊ុនហៀង បំបិទមាត់ ដូច លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដើម្បីកេងចំណេញនយោបាយ។ អ្នកវិភាគថា នេះមិនមែនជាការញុះញង់ទេ តែជាសារពញ្ញាក់អារម្មណ៍ ប្រាប់អ្នកដែលកំពុងធ្វើការជាមួយមេដឹកនាំកុម្មុយនិស្ត។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា លោក សម រង្ស៊ី គ្មានសមត្ថភាពញុះញង់រដ្ឋាភិបាល ឱ្យបែកបាក់បានទេ។ លោកថា កន្លងមក លោក សម រង្ស៊ី ធ្លាប់បរាជ័យច្រើនដងហើយ និងកំពុងប្រឈមបញ្ហាធ្ងន់ធ្ងរខ្លួនឯង គឺការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ៖ «អាហ្នឹងជាការប្រឌិតរបស់គាត់។ គាត់គួរតែទទួលស្គាល់បរាជ័យរបស់គាត់»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហោះសារក្នុងហ្វេសប៊ុក (facebook) កាលពីថ្ងៃទី១៤ ឧសភា ថា លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ មានបំណងចង់សម្លាប់ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ដើម្បីបំបិទមាត់ ព្រោះដឹងរឿងលោកច្រើនពេក ដូច ករណីស្លាប់ ដោយមិនដឹងមូលហេតុច្បាស់លាស់ របស់ លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។
ក្នុងសារដដែល លោក សម រង្ស៊ី ជំរុញឱ្យលោក ហ៊ីង ប៊ុនហៀង ហ៊ានងើបប្រឆាំងនឹងលោក ហ៊ុន សែន ព្រោះលោកអះអាងថា កងកម្លាំងប្រដាប់អាវុធ ស្នេហាជាតិ ដែលបង្កប់ក្បែរខ្លួនលោក ហ៊ុន សែន កំពុងត្រៀមខ្លួនគាំទ្រវត្តមានលោកវិលចូលកម្ពុជា៖ «ហ៊ុន សែន ដឹង។ ដឹងថា ថ្ងៃណាមួយគេ ( ប៉ូលិសអន្តរជាតិ ) នឹងចាប់ ហ៊ីង ប៊ុនហៀង។ ហ៊ីង ប៊ុនហៀង ត្រូវឆ្លើយទទួលស្គាល់ថា ហ៊ុន សែន ជាអ្នកបញ្ជា។ អ៊ីចឹង ហ៊ុន សែន ដឹង ថាថ្ងៃណាមួយ ហ៊ីង ប៊ុនហៀង ឆ្លើយដាក់ ហ៊ុន សែន ហើយ។ ពេលនោះ ដឹងអស់ចិត្តហើយ ហ៊ុន សែន ត្រូវសម្លាប់ ហ៊ីង ប៊ុនហៀង មុន ហ៊ុន ប៊ុនហៀង និយាយ ដូច ហ៊ុន សែន បានសម្លាប់ ហុក ឡង់ឌី មុន ហុក ឡង់ឌី និយាយ។ អ៊ីចឹង បានខ្ញុំប្រាប់ ហ៊ីង ប៊ុនហៀង ថា ចាំអ្វីទៀត កុំឱ្យ ហ៊ុន សែន វាយមុន វាយ ហ៊ុន សែន មុនទៅ។ សំឡេងទះដៃ។ វាចូលដល់ដំណាក់កាលពាលស៊ីពាល។ យើងធ្វើម្ដេចឱ្យពាល វាស៊ីពាលគ្នាវាទៅបងប្អូន»។
អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ស្លាប់កាលពីយប់ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០០៨។ រដ្ឋាភិបាលអះអាង ការស្លាប់នោះ ដោយសារផ្ទុះឧទ្ធម្ភាគចក្រ (យន្តហោះ) បន្ទាប់ពីត្រូវរន្ទះបាញ់ នៅខេត្តស្វាយរៀង។
លោក សម រង្ស៊ី ថា លោក ហ៊ីង ប៊ុនហៀង បានក្លាយជាឧបករណ៍ ដើម្បីសម្លាប់មនុស្សដូច លោក ហុក ឡង់ឌី និងត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមិនឱ្យចូលទឹកដីអាមេរិកដូចគ្នា។
នៅឆ្នាំ២០០៦ លោក ហុក ឡងឌី ត្រូវសហរដ្ឋអាមេរិកបានបដិសេធមិនព្រមផ្ដល់ទិដ្ឋាការ ឱ្យចូលរួមក្នុងសន្និសីទមួយ ដោយសារតែមានការចោទថា លោក ហុក ឡងឌី មានការពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។
នេះមិនមែនជាករណីថ្មី ដែលមន្ត្រីរបបក្រុងភ្នំពេញ បដិសេធការចោទរបស់ លោក សម រង្ស៊ី ទេ។ កន្លងទៅ សូម្បី លោក ហ៊ុន សែន ក៏ធ្លាប់អះអាងថា លោក សម រង្ស៊ី ប្រឌិតរឿង ដើម្បីញុះញង់ផ្ទៃក្នុងគណបក្សកាន់អំណាចដែរ ដូចជា ករណី លោក សម រង្ស៊ី លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបែកចែងជា ក្រុម លោក ស ខេង ក្រុម លោក ទៀ បាញ់ និងក្រុមអ្នកស្រី ម៉ែន សំអន ជាដើម។
អ្នកវិភាគនយោបាយ កំពុងរស់នៅប្រទេសហ្វាំងឡង់ លោក គឹម សុខ យល់ថា បើទោះពិត ឬមិនពិត តែការលើកឡើងរបស់ សម រង្ស៊ី ជាសារពញ្ញាក់អារម្មណ៍ឱ្យពលរដ្ឋ និងអ្នកស្នេហាជាតិក្នុងគណបក្សកាន់អំណាច បានឃើញ និងយល់ពីរបៀបដឹកនាំរបស់មេដឹកនាំកុម្មុយនិស្ត៖ «ឱ្យឃើញអំពីការពិតនៅក្នុងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថារបៀបដឹកនាំរបស់គេ គឺដើម្បីអំណាច ប្រយោជន៍ក្រុមគ្រួសារ លោក ហ៊ុន សែន ប៉ុណ្ណឹង»។
បើទោះ មន្ត្រីរបបក្រុងភ្នំពេញ និង លោក ហ៊ុន សែន អះអាងថា គណបក្សកាន់អំណាចនឹងមិនបែកបាក់ តាមការញុះញង់ តែលោក សម រង្ស៊ី អះអាងថា ឥឡូវ លោកប្រមូលបានកម្លាំងជ្រោមជ្រែង៣ក្រុម គឺ ក្រុមអ្នកស្នេហាជាតិផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ក្រុមពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលត្រៀមទទួល និងត្រៀមអមដំណើរ លោកវិលចូលស្រុក និងរដ្ឋាភិបាលប្រទេសជិតកម្ពុជា ដែលប្រឆាំងនយោបាយរណបចិន ព្រោះប៉ះពាល់ដល់សន្តិសុខ និងប្រយោជន៍ប្រទេសទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
