របបក្រុងភ្នំពេញគ្រោងនឹងស្នើឱ្យអាជ្ញាធរប្រទេសថៃចាប់បញ្ជូនយុវជនខ្មែរម្នាក់ ដែលខ្លួនចោទថា បង្ហោះសារប្រមាថអាយុជីវិតលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ សង្គមស៊ីវិលយល់ថា ការបញ្ចេញមតិបែបជេរប្រមាថ គឺជារឿងខុសច្បាប់ ប៉ុន្តែការចាត់វិធានការចំពោះតែអ្នកប្រឆាំងរដ្ឋាភិបាលបែបនេះ គឺបង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ប្រកាសថា លោកមិនលើកលែងទោសឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ''ថារិទ្ធិ ប៊ុន (Tharith Bun)" ជាដាច់ខាត ដោយលោកចោទថា យុវជនម្នាក់នេះព្រហើនហ៊ានប្រមាថជីវិតលោក ហ៊ុន សែន ជាសាធារណៈ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកនឹងដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១១ ខែកុម្ភៈ ដើម្បីឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសថៃ ស្វែងរក និងចាប់បញ្ជូនយុវជននោះមកកាត់ទោសនៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ការប៉ុនប៉ងធ្វើឃាតមេដឹកនាំប្រទេស គឺមិនមែនជាការបញ្ចេញមតិស្របច្បាប់នោះទេ៖ «យើងមានវិធានការ ព្រោះប្រទេសថៃបានចុះហត្ថលេខាបត្យាប័នជាមួយកម្ពុជារួចហើយ។ ដូច្នេះយើងមានសិទ្ធិគ្រប់គ្រាន់ ដែលទទួលបានកិច្ចសហការជាមួយអាជ្ញាធរថៃ ដើម្បីឱ្យគេជួយសម្រួល និងបញ្ជូនយុវជននោះមកវិញ ឬមួយយើងចាំយុវជននោះមកវិញនៅពេលណាមួយ»។
កាលពីថ្ងៃទី៨ កុម្ភៈ លោក ផៃ ស៊ីផាន ក៏ប្រកាសផ្ដល់រង្វាន់ចំពោះអ្នកណា ដែលរកឃើញឪពុកម្ដាយ ឬកន្លែងស្នាក់នៅរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នោះដែរ។
អាស៊ីសេរី មិនអាចទាក់ទងម្ចាស់ហ្វេសប៊ុកឈ្មោះ ''ថារិទ្ធិ ប៊ុន'' នោះបានទេ ប៉ុន្តែ នៅលើហ្វេសប៊ុកឈ្មោះ ''ថារិទ្ធិ ប៊ុន''នោះ បង្ហាញថា លោកអាចនៅទីក្រុងបាងកក។ នៅក្នុងខ្លឹមសារភាគច្រើន ដែលហ្វេសប៊ុកនេះបានចែករំលែក គឺមិនឃើញមានសារគំរាមសម្លាប់លោក ហ៊ុន សែន នោះទេ។ ប៉ុន្តែភាគច្រើន គឺជាវីដេអូ និងរូបភាពកងកម្លាំងសមត្ថកិច្ច ប្រើអំពើហិង្សាលើអ្នកតវ៉ាដីធ្លី និងសាររិះគន់លើការដឹកនាំរបស់លោក ហ៊ុន សែន។
អ្នកនាំពាក្យសមាគម អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើម្ចាស់ហ្វេសប៊ុកនោះប្រើពាក្យគំរាម និងជេរប្រមាថមែន គឺជាទង្វើផ្ទុយពីច្បាប់។ ប៉ុន្តែលោកបន្ថែមថា ការប្រើប្រាស់ច្បាប់តែចំពោះអ្នកប្រឆាំងជាមួយរដ្ឋាភិបាលបែបនេះ គឺបង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ ព្រោះកន្លងមក ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកគាំទ្របក្សកាន់អំណាចមួយចំនួន បានបង្ហោះរូបភាពកាំភ្លើង ហើយគំរាមសម្លាប់មេបក្សប្រឆាំងជាច្រើនករណីដែរ ប៉ុន្តែអាជ្ញាធរមិនដែលចាត់វិធានការឡើយ៖ «ករណីនេះយើងឃើញមានចំណុចផ្ទុយគ្នាដែរ រហូតដល់ថា យុវជននោះ គាត់រស់នៅដល់ក្រៅប្រទេសហើយ នៅតែមានការបញ្ជាឱ្យតាមចាប់តាមបញ្ជូនយុវជននោះមកវិញទៀត។ ដោយឡែកអ្នកគំរាមសម្លាប់ដូចគ្នាដែរ នៅក្នុងប្រទេសកម្ពុជាយើងនេះ យើងឃើញថា មិនមានការអើពើពីខាងរដ្ឋាភិបាលទាំងសមត្ថកិច្ចកម្ពុជា ក៏អត់ចាត់វិធានការលើជននោះដែរ ។នេះគឺជាផ្ទុយគ្នាក្នុងការអនុវត្តច្បាប់ ក្នុងស្រុកយើង»។
កាលពីឆ្នាំ២០១៣ គណនេយ្យហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានបង្ហោះសារមានកាំភ្លើង និងគ្រាប់កាំភ្លើង៧គ្រាប់ គំរាមសម្លាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ចំណែកកាលពីចុងឆ្នាំ២០១៨ សារសំឡេងបែកធ្លាយ ដែលគេស្គាល់ថា ជាសំឡេងរបស់អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានរៀបចំផែនការជួលក្រុមជើងកាងឱ្យវាយធ្វើបាបពលករ និងអ្នកប្រឆាំងនៅក្រៅប្រទេស ឬរៀបចំសម្លាប់ក្រោមលេសគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើពួកគេហ៊ានចូលមកស្រុកវិញជាដើម។ ប៉ុន្តែករណីទាំងនេះ មិនត្រូវបានស៊ើបអង្កេត និងមានវិធានការច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
