របប​ភ្នំពេញ​ប្រកាស​បន្ត​ស្វាគមន៍​លោក សម រង្ស៊ី ប៉ុន្តែ​បញ្ជូន​ដីកា​ចាប់ខ្លួន​ទៅ​សមាជិក​អាស៊ាន

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បន្ត​ប្រកាស​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដោយ​បាន​លើក​បម្រាម​លែង​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា​វិញ ប៉ុន្តែ​កាលពី​ថ្មី​នេះ របប​នេះ បែរជា​ធ្វើ​ផ្ទុយ​ពី​ការ​លើក​បម្រាម​នេះ​ទៅវិញ​។ របប​ក្រុងភ្នំពេញ​បាន​បញ្ជូន​ដីការ​ចាប់ខ្លួន​លោក សម រង្ស៊ី និង សមាជិក​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដាក់​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​នៅ​តាម​ព្រំដែន​ខ្មែរ។ សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន មាន​ចេតនា​មិន​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ជាជាង​ការ​ឃាត់ខ្លួន​លោក​ដាក់​ពន្ធនាគារ។

មន្ត្រី​នាំពាក្យ​គណបក្ស​កាន់អំណាច និង​ក្រសួង​យុត្តិធម៌​បកស្រាយ​ផ្សេងគ្នា​ចំពោះ​មូលហេតុ​ដែល​ម្ដង​ថា មិន​ហាម​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក និង​ម្តង​ទៀត​ដើរ​សុំ​ប្រទេសជិតខាង​ឱ្យ ឃាត់​មេដឹកនាំ​បក្ស ប្រឆាំង​មិន​ឱ្យ​ជាន់​ទឹក​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ លោក សម រង្ស៊ី មាន​សិទ្ធិ​ចូល​ទឹកដី​កម្ពុជា​ដោយ​សេរី ដោយ​រដ្ឋាភិបាល​មិន​អាច​ហាមឃាត់​បានទេ ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវ​ប្រឈមមុខ​ចំពោះ​ការ​ចាប់ខ្លួន​តាម​អំណាច​សាលក្រម​របស់​តុលាការ ។ លោក​បន្ត​ថា ចំពោះ​ការ​បញ្ជូន​ដីកា​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ ដោយសារ​កម្ពុជា​មាន​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន ហើយ​ម្យ៉ាងទៀត​វា​គឺជា​របៀប​ធ្វើ​ការងារ​ការទូត​របស់​ក្រសួងការបរទេស​កម្ពុជា៖ «ជា​គោលការណ៍ រដ្ឋាភិបាល​ប្រកាន់យក​ហើយ​ពលរដ្ឋ​កម្ពុជា ទោះបី​មាន​សញ្ជាតិ​ទី​២ ទី​៣​ក៏ដោយ ក៏​នៅតែ​មាន​សិទ្ធិ​ចូល​មក​រស់នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ ជន​ដែល​មាន​បទល្មើស​ធ្ងន់ធ្ងរ​ដូច​ជា​ក្បត់ជាតិ ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​អី​ផ្សេងៗ គឺ​យើង​មាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់»។

ចំណែកឯ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅតែ​ស្វាគមន៍​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ ដើម្បី​ចាប់ខ្លួន​អនុវត្ត​ទោស​តាម​បញ្ញត្តិ​ច្បាប់​។ លោក​បន្ថែម​ថា ចំពោះ​ការ​បញ្ជូន​ដីកា​ចាប់ខ្លួន​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​នោះ គឺជា​ការ​បំពេញ​នីតិវិធី និង​ការ​សហការ​ជួយ​គ្នា​ទៅតាម​ផ្លូវច្បាប់៖ «កិច្ចសហការ​នោះ​គឺថា ការ​ចាប់ខ្លួន​ទណ្ឌិត​ដែល​ល​មាន​ដីកាចាប់ខ្លួន​របស់​កម្ពុ​ជា​នេះ​បញ្ជូន​មក​អនុវត្ត​ទោស​នៅ​កម្ពុជា ប៉ុន្តែ​គ្រាន់តែ​ថា ប្រទេស​ជា​មិត្ត​នោះ​គឺ អនុវត្ត​ការ​ចាប់​បញ្ជូន​មក ឬក៏​ឃាត់ខ្លួន​មិន​ឱ្យ​ចូល​មក​ប្រទេស​គេ គឺជា​សិទ្ធិ​សម្រេច​និង​ជា​អធិបតេយ្យ​របស់​គេ​បាទ»។

លោក សម រង្ស៊ី បាន​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ ដើម្បី​គេច​ពី​បណ្ដឹង​ព្រហ្មទណ្ឌ​ជាច្រើន​ប្រឆាំង​នឹង​រូបលោក ដែល​ប្ដឹង​ដោយ​មន្ត្រី​និង​មេដឹកនាំ​កំពូលៗ​របស់​របប​ក្រុងភ្នំពេញ រួមមាន លោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ស ខេង ជាដើម​។ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ប្រកាស​ជាក់លាក់​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដោះស្រាយ​បញ្ហា​នានា​ដូចជា​កុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ជាដើម​។ មក​ដល់​ពេល​នេះ នៅ​សល់​តែ ២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​កំណត់​ដែល​លោក សម រង្ស៊ី ប្រកាស​ថា នឹង​វិល​ចូល​កម្ពុជា​វិញ​ហើយ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា វិធានការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន កន្លង​ម​កនេះ គឺជា​ចេតនា​គំរាមកំហែង​មិន​ចង់​ឱ្យ​លោក សម រង្ស៊ី ចូល​កម្ពុជា​តែម្ដង​។ អ្នកស្រី​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល ពិតជា​ចង់​ចាប់ខ្លួន​លោក សម រង្ស៊ី មែន​នោះ គឺ​មិន​ចាំបាច់​ពឹង​ពាក់​ប្រទេសជិតខាង​នោះ​ទេ ពោល​គឺ​អាច​បណ្ដោយ​ឱ្យ​លោក សម រង្ស៊ី ចូល​ដល់​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​ចាប់ខ្លួន​ពេលណា​ក៏បាន៖ «តាមមើល​គាត់​( លោក ហ៊ុន សែន ) អត់​ចង់​ឱ្យ​គាត់​(​លោក សម រង្ស៊ី )​មក​ទេ ព្រោះ​នាំ​គាត់​ពិបាក​ទប់ទល់​ដែល​គាត់​( លោក ហ៊ុន សែន ) មើល​អត់​ដឹង​ថា មាន​សន្ទុះ គាំទ្រ​ប៉ុន្មាន? អ៊ីចឹង​ទៅ លោក ហ៊ុន សែន ចង់​ធ្វើ​គ្រប់ៗ​ជំ​ហ៊ាន​ដើម្បី​កុំ​ឱ្យ​ទាំងអស់​គ្នា​មក​កម្ពុជា។

​អ្នកស្រី​បន្ត​ទៀត​ថា ប្រសិន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​តាម​ការសន្យា ហើយ​រដ្ឋាភិបាល​ចាប់ខ្លួន​មែន​នោះ​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា​ឡើយ ព្រោះ​នឹង​នាំ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ច្រើន​ដូចជា​បន្ថែម​បន្ទុក​ឱ្យ​សហគមន៍​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ចេញពី​កម្ពុជា ដោយសារ​ពួកគេ​ចាត់ទុកថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ជា​រឿង​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។ អ្នកស្រី ធីតា ឃឹះ លើកឡើង​ថា វិធី​ដែល​ល្អ​បំផុត​គឺ​មានតែ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​មេដឹកនាំ​គណបក្សប្រឆាំង វិល​ទៅ​រក​តុ​ចរចា​នយោបាយ​ហើយ បើ​ដោះស្រាយ​មិន​ចេញ​នោះ​ទេ គួរតែ​បន្ត​រក​អាជ្ញាកណ្ដាល​ឱ្យ​ជួយ​សម្របសម្រួល ដើម្បី​បញ្ចៀស​ការ​ជាប់​គាំង​នយោបាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ និង​ការរស់នៅ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។