ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអះអាងថា ការអភិវឌ្ឍរបស់កម្ពុជាមិនមែនពឹងផ្អែកទាំងស្រុងទៅលើចិន (China) តែមួយនោះទេ តែក៏ជាការរួមចំណែករបស់ប្រទេសជាច្រើនទៀតដែរ ជាពិសេសក្រុមប្រទេសប្រជាធិបតេយ្យ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងវេទិកាអន្តរជាតិនៅថ្ងៃទី២០ ឧសភានេះថា ការអភិវឌ្ឍរបស់កម្ពុជាពឹងផ្អែកទៅលើប្រទេសចិន។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយលើកឡើងស្របគ្នាថា មេដឹកនាំកម្ពុជាមិនអាចផាត់ចោលតួនាទីដ៏សំខាន់របស់ក្រុមប្រទេសប្រជាធិបតេយ្យក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាបាននោះទេ។ ជាពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាត្រូវការទីផ្សារប្រទេសលោកខាងលិចទៀតនោះ ការលម្អៀងទៅរកចិនខ្លាំងពេកមិនមែនជារឿងល្អសម្រាប់កម្ពុជាឡើយ។
អ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ថ្វីដ្បិតកម្ពុជាទទួលបានជំនួយ និងកម្ចីច្រើនពីប្រទេសចិនពិតមែន ក៏នេះមិនមែនជាប្រភពតែមួយដែលជួយដល់ការអភិវឌ្ឍជាតិនោះដែរ។ លោកបន្តថា សហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យ បានជួយជ្រោមជ្រែងកម្ពុជាយ៉ាងច្រើនទាំងការផ្តល់ជំនួយ និងកម្ចី នៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១។ ម្យ៉ាងវិញទៀត ពួកគេបានផ្តល់ទីផ្សារសម្រាប់ទំនិញកម្ពុជា និងឋានៈអនុគ្រោះពន្ធថែមទៀត ដែលទាំងនេះសុទ្ធសឹងជាចំណុចគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
លោក ឯម សុវណ្ណារ៉ា យល់ថា ការចោទសួរកម្ពុជារឿងជំហរលម្អៀងទៅរកចិននេះ គឺជាការពញ្ញាក់ស្មារតីមួយបន្ថែមទៀតរបស់សហគមន៍អន្តរជាតិទៅកាន់ថ្នាក់ដឹកនាំកម្ពុជា ឱ្យបង្ហាញនូវនយោបាយអព្យាក្រឹត្យរបស់ខ្លួន ដើម្បីកុំឱ្យកម្ពុជាខាតបង់ប្រយោជន៍បន្ថែមទៀតនៅថ្ងៃខាងមុខ៖ « ទីផ្សារ ឬក៏ការជួយជ្រោមជ្រែងនយោបាយការបរទេសការទូតនេះ គឺលោកខាងលិចទេអ្នកជួយផ្តួចផ្តើម ហើយ ( ទីផ្សារ ) សេដ្ឋកិច្ចចិនប្រៀបពុំបាននឹងលោកខាងលិចទេ។ កន្លែងហ្នឹងកម្ពុជាគួរតែឱ្យតម្លៃ ឬក៏បង្ហាញជំហរ ឥរិយាបថរឹងមាំមួយដែលកសាងជំនឿទុកចិត្តដល់លោកខាងលិច និងសមភាគីជប៉ុនជាដើម។ កុំឱ្យតែយើងបង្ហាញតែនៅក្នុងទ្រឹស្ដីសុទ្ធសាធ វាមិនអំណោយផលដល់ការអភិវឌ្ឍជាតិទេ » ។
ការបកស្រាយរបស់អ្នកជំនាញនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ជប៉ុន នីកេ (Nikkei) នៅថ្ងៃទី ២០ឧសភា ថា ការអភិវឌ្ឍរបស់កម្ពុជាពឹងផ្អែកខ្លាំងទៅរកប្រទេសចិន។
នៅក្នុងវេទិកាអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូនោះ លោក ហ៊ុន សែន បានថ្លែងសុន្ទរកថាចំនួន ៥ទំព័រ អំពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេសទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩។ បន្ទាប់ពីនោះ អ្នករៀបចំកម្មវិធីបានសួរសំណួរមួយចំនួនឱ្យលោកបកស្រាយ ក្នុងនោះមានសំណួរដ៏រសើបមួយទាក់ទងនឹងការដែលកម្ពុជា ក្រោមការដឹកនាំរបស់លោក ពឹងផ្អែកខ្លាំងទៅរកប្រទេសចិន។
លោក ហ៊ុន សែន ឆ្លើយតបថា ក្រៅពីប្រទេសចិន លោកមិនដឹងពឹងប្រទេសណានោះទេ។ លោកថា កម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន និងផ្លូវថ្នល់ ជាដើម ហើយចិនគឺជាអ្នកជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ លោកថ្លែងទៀតថា សូម្បីតែវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ចិនជួយផ្គត់ផ្គង់ដល់កម្ពុជាដែរ ខណៈប្រទេសផ្សេងទៀតមិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជានោះទេ ក្រៅតែពីវ៉ាក់សាំងដែលទទួលបានតាមយន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក។ លោកស្នើឱ្យប្រទេសមួយចំនួនពិនិត្យឡើងវិញអំពីឥរិយាបថរបស់ខ្លួនមកលើកម្ពុជា៖ « ស្ពានទាំងឡាយនៅតាមដងទន្លេមេគង្គ តាមទន្លេសាប តាមទន្លេបាសាក់ គឺសុទ្ធតែស្ពានចិនកសាងទាំងអស់។ ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ គឺចិនជួយទាំងអស់ អ៊ីចឹងសុំតាំងជាសំណួរថា បើកុំមានជំនួយរបស់ចិន តើយើងខ្ញុំគួរទៅពឹងអ្នកណា ? គេអាចឆ្លើយ តើពិភពលោកអាចឆ្លើយជាមួយកម្ពុជាបាននូវសំណួរនេះដែរឬទេ ?» ។
ជាមួយគ្នានេះ លោក ហ៊ុន សែន បដិសេធជាថ្មីទៀតថា រដ្ឋាភិបាលរបស់លោកមិនបានអនុញ្ញាតឱ្យកងទ័ពបរទេសណាបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរឡើយ ព្រោះជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក្រៅពីនោះ លោកបានអះអាងទៀតថា របបលោកនឹងមិនទាមទារយកឋានៈអនុគ្រោះពន្ធ២០% ដែលសហភាពអឺរ៉ុបបានដកហូតពីកម្ពុជានោះឡើយ ទោះជាលោកយល់ថា ការដកហូតនេះជារឿងអយុត្តិធម៌ក៏ដោយ៖ « កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការមិនវិលត្រឡប់មកវិញនូវភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដោយមិនធ្វើការចរចា មិនប្រឆាំងតវ៉ា ឬជំទាស់ការអនុវត្តសេចក្តីសម្រេចរបស់ពួកគេទេ។ យើងបន្តនាំចេញទំនិញ២០ % ទៅកាន់សហភាពអឺរ៉ុបដោយបង់ពន្ធជាធម្មតា » ។
ជុំវិញរឿងនេះ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា កម្ពុជាត្រូវការទាំងប្រទេសចិន និងប្រទេសមហាអំណាចផ្សេងទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យដទៃទៀត។ លោកបញ្ជាក់ថា ការពឹងអាស្រ័យហួសហេតុទៅរកប្រទេសចិន នឹងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសនៅក្នុងការអភិវឌ្ឍជាតិជាមួយប្រទេសដទៃ៖ « ពីរទសវត្សរ៍ចុងក្រោយនេះ ចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមនៃការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រចរន្តនយោបាយរបស់កម្ពុជា។ ប៉ុន្តែមិនមែនមានន័យថា ការអភិវឌ្ឍសេដ្ឋកិច្ច ឬការអភិវឌ្ឍប្រទេសរបស់កម្ពុជា គឺពឹងអាស្រ័យលើចិនផ្តាច់មុខនោះទេ។ អ៊ីចឹងសហគមន៍អន្តរជាតិដទៃទៀតដើរតួនាទីយ៉ាងសំខាន់ដែរនៅក្នុងការកសាងកម្ពុជា ទាំងផ្នែកធនធានមនុស្ស ប្រជាធិបតេយ្យ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឬក៏ការផ្តល់អនុគ្រោះពន្ធទៅលើការនាំចេញទំនិញ ឬក៏ផ្តល់ទីផ្សារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាដូចគ្នាដែរ » ។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ (១.០៨៦) ប៉ុន្តែនាំចូលពីចិនវិញ មានរហូតដល់ជាង ៧ពាន់លានដុល្លារ។ ដោយឡែកការនាំចេញទៅសហរដ្ឋអាមេរិកវិញ គិតជាទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ខណៈការនាំចូលពីអាមេរិក មានត្រឹមតែជាង ២៥០លានដុល្លារប៉ុណ្ណោះ។ ចំណែកទីផ្សារសហភាពអឺរ៉ុបវិញ កម្ពុជានាំចេញទំនិញគិតជាទឹកប្រាក់ជាង ៣ពាន់លានដុល្លារ និងនាំចូលមកវិញជាង ៦រយលានដុល្លារ។ តួលេខនេះបង្ហាញថា កម្ពុជាពឹងផ្អែកលើទីផ្សាររបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ច្រើនជាងទីផ្សារប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន បានជ្រើសរើសយកចិនជាខ្នងបង្អែក ដើម្បីទប់ទល់ទៅនឹងសម្ពាធ ឬទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ដែលបន្តទាមទារឱ្យរបបនេះគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទោះជាយ៉ាងណា ជំហរបែបនេះរបស់លោក ហ៊ុន សែន កំពុងនាំមកផលវិបាកជាច្រើនសម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ការទូត និងនយោបាយ។
ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសលោកសេរីដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបណ្តើរៗលើរបបលោក ហ៊ុន សែន ដូចជា ការដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ និងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើមន្ត្រីគ្រាក់ៗ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ជាដើម។ ចំណែកវិស័យការទូតវិញ កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានជាប់ឈ្មោះថា ជាប្រទេសមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានអំពើពុករលួយដល់ឆ្អឹង និងជាប្រទេសរណបចិនកុម្មុយនីស្ត។ រីឯវិស័យនយោបាយវិញ កម្ពុជាបានរអិលធ្លាក់ទៅក្នុងប្រទេសដែលមានការដឹកនាំបែបឯកបក្សផ្ដាច់ការ ប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។
ក្រុមអ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ជម្រើសល្អសម្រាប់ថ្នាកដឹកនាំកម្ពុជា គឺអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត្យ ស្របទៅតាមរដ្ឋធម្មនុញ្ញ ព្រោះមានតែធ្វើបែបនេះទេ ទើបកម្ពុជាអាចទាញប្រយោជន៍បានពីប៉ូលនយោបាយធំៗលើពិភពលោក និងរួចផុតពីការលូកដៃចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសមហាអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
