អ្នកវិភាគ និងអ្នកដែលធ្លាប់ជាប់ពន្ធនាគារដោយអយុត្តិធម៌រិះគន់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលយកសេរីភាពរបស់លោក កឹម សុខា មកធ្វើជាល្បែងភ្នាល់គ្នា។ ពួកគាត់ស្នើទៅអ្នកនយោបាយកុំយករឿងជាតិមកធ្វើជាល្បែងភ្នាល់គ្នា។
ប្រតិកម្មរបស់ពីមជ្ឈដ្ឋាននានារួមទាំងហ្វេសប៊ុក (Facebook) របស់លោក កឹម សុខា ផង បង្ហាញការមិនពេញចិត្តនៃល្បែងនយោបាយរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលយកសេរីភាពរបស់លោក កឹម សុខា មកភ្នាល់គ្នា។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលធ្លាប់ជាប់ពន្ធនាគារព្រោះវិបត្តិនយោបាយបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ « យុត្តិធម៌ និងសេរីភាពមិនមែនជារឿងភ្នាល់គ្នានោះទេ !!! លោកបន្តថាពេលបានស្ដាប់ឮ និងដឹងរឿងនេះហើយនឹកសែនហួសចិត្តមែនទែន !!!»
រីឯអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលធ្វើការងារទាក់ទងនឹងកសិករ និងធ្លាប់ជាប់ពន្ធនាគារទាំងអយុត្តិធម៌ដែរនោះ ក៏បានឲ្យអាស៊ីសេរីដឹងថា ការយកសេរីភាពនិងជីវិតមនុស្សមកធ្វើជាល្បែងភ្នាល់គ្នាគឺជាការបង្ហាញអំពីការមិនផ្ដល់តម្លៃ សេចក្ដីថ្លៃថ្នូរ និងការគោរពជីវិតឯកជននៃបុគ្គលដែលត្រូវគេយកភ្នាល់គ្នា។ លោកលើកឡើងថា ក្នុងនាមលោកជាជនធ្លាប់ជាប់ឃុំគឺមានការឈឺចិត្ត ឬប៉ះទង្គិចផ្លូវចិត្តនៅពេលសេរីភាពរបស់ខ្លួនត្រូវបានបុគ្គលណាម្នាក់ ឬអ្នកនយោបាយយកមកធ្វើជាល្បែងភ្នាល់គ្នាបែបនេះ៖ «សម្រាប់ការភ្នាល់ដោយប្រើប្រាស់មនុស្សជាចំណាប់ខ្មាំង ឬក៏ជាវត្ថុបំណងនៃការភ្នាល់ដើម្បីចាញ់ឈ្នះខ្ញុំគិតថារឿងនេះជារឿងមួយហាក់បីដូចជាមិនបានគិតគូពីសេចក្ដីថ្លៃថ្នូរនៃមនុស្ស»។
ក្រៅពីសកម្មជនសិទ្ធិមនុស្សពីររូបនេះ អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ក៏មិនពេញចិត្តចំពោះល្បែងនយោបាយរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែរ។ លោកបណ្ឌិត មាស នី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការបបួលរបស់លោក សម រង្ស៊ី ហៅលោក ហ៊ុន សែន ភ្នាល់គ្នា រឿងដោះលែងលោក កឹម សុខា ជាកំហុសដដែលៗ និងបានហៅការឆ្លើយរបស់លោក ហ៊ុន សែន ទៅលោក សម រង្ស៊ី វិញថា ជានយោបាយមាត់អត់គម្រប ។ លោកបណ្ឌិតថែមទាំងលើកឡើងថា បើលោកជាសហគមន៍អន្តរជាតិលោកពិតជាមានការខកចិត្តនិងធុញទ្រាន់លើរបៀបដែលបងប្អូនពីរនាក់នេះឈ្លោះគ្នាណាស់។
ការរិះគន់របស់អ្នកឃ្លាំមើលសង្គមបែបនេះ ខណៈលោក ហ៊ុន សែន និង លោក សម រង្ស៊ី បានយកសេរីភាពរបស់លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះធ្វើជាអាយ៉ៃឆ្លើយឆ្លង។ អ្នកទាំងពីរព្រមព្រៀងភ្នាល់រឿងដោះលែង ឬមិនដោះលែងលោក កឹម សុខា មុនថ្ងៃទី៣ ខែមីនា ឆ្នាំក្រោយ។
លោក សម រង្ស៊ី ជាអ្នកផ្ដើមរឿងនេះមុនលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរលើហ្វេសប៊ុករបស់លោកថា លោក សុខចិត្តដើរចូលឲ្យលោក ហ៊ុន សែន ចាប់ បើលោក កឹម សុខា មិនត្រូវដោះលែងមុនថ្ងៃទី៣ ខែមីនាខាងមុខ។
បន្តិចក្រោយមកលោក ហ៊ុន សែន ក៏ឆ្លើយតបតាមរយៈប្រព័ន្ធឃោសនារបស់លោកគឺសារព័ត៌មាន “ហ្វ្រេសញូវ (Fresh News) ថា លោកព្រមភ្នាល់។ មិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេ នៅថ្ងៃទី១០ ខែវិច្ឆិកា លោក ហ៊ុន សែន បន្តប្រាប់ទៅប្រព័ន្ធឃោសនារបស់លោកដោយស្នើទៅក្រុមគ្រួសារលោក កឹម សុខា កុំឲ្យបន្ទោសលោកដែលសម្លាប់ជីវិតនយោបាយលោក កឹម សុខា នេះក៏មកតែពីលោក សម រង្ស៊ី រុញលោកឲ្យផ្ទប់នឹងជញ្ជាំងដើម្បីទទួលបានការភ្នាល់នេះ។
ប៉ុន្តែក្រោយមកលោក សម រង្ស៊ី បានផ្តល់បទសម្ភាសដល់អាស៊ីសេរីថា គ្រាន់តែលោក ហ៊ុន សែន ព្រមភ្នាល់ជាមួយលោក គឺលោក ហ៊ុន សែន បានចាញ់លោកទៅហើយ។ លោកបន្តទៀតថា នេះជាការបង្ហាញប្រាប់ពិភពលោកថា លោក ហ៊ុន សែន យកសិទ្ធិអំណាចរបស់ខ្លួនមកបញ្ជាតុលាការ៖ «នាយករដ្ឋមន្ត្រីក៏ដោយហេតុអីក៏លោកអះអាងថាគាត់សម្រេចជំនួសតុលាការអ៊ីចឹងទេ គ្រាន់តែលោក ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយខ្ញុំគាត់ចាញ់ខ្ញុំស្រេចទៅហើយ»។
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត សង្កេតឃើញថា អ្នកនយោបាយខ្មែរតែងយករឿងប្រទេសជាតិមកធ្វើជាល្បែងភ្នាល់គ្នាជាញឹកញាប់។ អ្នកវិភាគវ័យក្មេងរូបនេះ ស្នើទៅអ្នកនយោបាយចាស់វស្សាទាំងពីរឲ្យបញ្ឈប់យកបញ្ហាជាតិមកធ្វើជាល្បែងភ្នាល់គ្នា និងងាកមករកការចរចាគ្នាដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចង់ឃើញ៖ «វប្បធម៌ទាំងអស់នេះគួរតែលុបចោលទាំងអស់ទៅការភ្នាល់អីណឹងខាងរដ្ឋាភិបាលដាក់ខ្លួនចុះយើងមិនអាចខ្វះគណបក្សប្រឆាំងបានទេ»។
លោក កឹម សុខា ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ចោទប្រកាន់ពីបទក្បត់ជាតិ។ កាលពីថ្ងៃទី១០ ខែកញ្ញា លោកត្រូវបានសមត្ថកិច្ចនាំខ្លួនពីពន្ធនាគារត្រពាំងផ្លុងមកឃុំក្នុងផ្ទះវិញម្ដង។ ខណៈលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានយកសេរីភាពរបស់លោកមកភ្នាល់គ្នាបែបនេះ ហ្វេសប៊ុករបស់លោក កឹម សុខា បានសរសេរពាក្យមួយថា៖ «គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញៈ ដឹងថាអ្នកកំពុងធ្វើអ្វីមកលើ រូបគាត់និងប្រទេសជាតិ»៕
