លោក ហ៊ុន សែន ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់
2019.05.02

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh ) នៅរសៀលថ្ងៃព្រហស្បតិ៍ទី២ ខែ ឧសភា ឆ្នាំ២០១៩។
លោក ឡេ ឌឹកអាញ់ ជាអតីតប្រធានាធិបតី និងជាអតីតមេទ័ពល្បីឈ្មោះរបស់វៀតណាម បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ក្នុងវ័យ៩៨ឆ្នាំ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍ ទី ២ ឧសភានេះថា លោក ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយរូប និងជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសវៀតណាម និងប្រទេសកម្ពុជា ដោយសារតែបានចូលរួមយ៉ាងសកម្ម ក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក៏ប៉ុន្តែ ឯកសារប្រវត្តិសាស្ត្រ ស្ដីពីកម្ពុជា មួយចំនួនបានសរសេរថា លោក ឡេ ឌឹកអាញ់ ជាអ្នកមានគុណរបស់លោក ហ៊ុន សែន ដែលបានលើកបន្តុបលោកឱ្យឡើងធ្វើជាមេដឹកនាំរបបក្រុងភ្នំពេញប្រមាណជា៤០ឆ្នាំកន្លងមកនេះ។
ឯកសារប្រវត្តិសាស្ត្រទាំងនោះ បានឱ្យដឹងទៀតថា វៀតណាមមិនបានចូលរំដោះកម្ពុជា ពីរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩នោះទេ តែជាការដឹកនាំកងទ័ពជាង ១២ម៉ឺននាក់ ចូលមកលុកលុយ ឈ្លានពានប្រទេសកម្ពុជា ហើយក្រោយមកចំនួនកងទ័ពនេះបានកើនឡើងជាង ២សែននាក់ ដោយមានការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន និងលោក ហេង សំរិន ប្រធានសភាជាតិកម្ពុជា កាលពីពេលនោះ៕