លោក ហ៊ុន សែន ប្រកាស​​កំដរ​លេង​ល្បែង​នយោបាយ​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​កំដរ​លេង​ល្បែង​នយោបាយ​ទាំង​ក្តៅ ឬ​ត្រជាក់ គ្រប់​រសជាតិ គ្រប់​រដូវ​កាល ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ឆ្លើយ​តប​ភ្លាមៗ​ថា លោក ហ៊ុន សែន និយាយ​ដូច​នេះ ព្រោះ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​លេង​ល្បែង​នយោបាយ​បែប​នេះ​កំដរ​លោក ហ៊ុន សែន ទេ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ចំពោះ​មុខ​សមាជិក​សភា​ទាំង​ពីរ​បក្ស​ថា លោក​មិន​គំរាម​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​លោក​អាច​កំដរ​លេង​បាន​គ្រប់​ទម្រង់​ទាំង​អស់។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​នៅ​មន្ទីរ​រដ្ឋសភា ក្នុង​សម័យ​ប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៥ ថ្ងៃ​ទី​២០ ខែ​តុលា ស្ដីពី​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បេឡារូស (Belarus) ស្ដីពី​ការ​ជំរុញ និង​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ៖ «បើ​អស់​លោក​ចង់​បន្ត ខ្ញុំ​កំដរ​លេង! ខ្ញុំ​បាន​ប្រាប់​ទៅ រង្ស៊ី ហើយ ខ្ញុំ​កំដរ​លេង​គ្រប់​ទម្រង់​លេង។ ខ្ញុំ​ត្រូវ​តែ​និយាយ​ដើម្បី​ជៀសវាង​ការ​ឆ្លៀត​ឱកាស​បញ្ចេញ​មតិ។ គណបក្ស​ប្រជាជន​កំដរ​គ្រប់​ទម្រង់​លេង គ្រប់​រសជាតិ ផ្អែម ល្វីង ជូរ ចត់ ខ្ញុំ​លេង​បាន​ទាំង​អស់»

ដើមចម​ដែល​លោក ហ៊ុន សែន ថ្លែង​បែប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន និយាយ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យក​វេទិកា​សេដ្ឋកិច្ច និយាយ​ទាក់ទង​រឿង​ផ្ទៀងផ្ទាត់​ផែនទី និង​រឿង​ផែនការ​ក៥។

ក្នុង​ពេល​ផ្ញើ​សារ​នយោបាយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ខ្លាំងៗ និង​ចង្អុល​ចំៗ ទៅ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅ​លោក​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក (Facebook) ឲ្យ​លោក​បើក​ចិត្ត​ឲ្យ​ទូលាយ៖ «ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្ដម​ប្រដៅ​ខ្ញុំ​នៅ​ក្នុង​ហ្វេសប៊ុក របស់​ឯកឧត្ដម ប៉ុន្តែ​ឯកឧត្ដម​ក៏​ភ្លេច​គិត​ថា មេ​របស់​ឯកឧត្ដម ប្រមាថ​ចំពោះ​អ្នក​រៀន​សូត្រ​ក្នុង​ស្រុក​ប៉ុណ្ណា»

ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​បទសម្ភាសន៍​មក​សារព័ត៌មាន​នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី​២០ ខែ​តុលា ក្រៅ​ពី​កិច្ច​ប្រជុំ​សភា​បញ្ចប់​ថា ការ​លើក​ឡើង​របស់​លោក​ក្នុង​គោល​បំណង​ផលប្រយោជន៍​រួម។ លោក​បញ្ជាក់​បន្ថែម​ថា ទស្សនៈ​ដែល​លោក​លើក​ឡើង​នោះ មិន​សំដៅ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។

ទោះ​លោក ហ៊ុន សែន និយាយ​ខ្លាំង និង​ចង្អុល​ចំៗ​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​នេះ មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នោះ​ឡើយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា លើក​ឡើង​ថា លោក ហ៊ុន សែន និយាយ​ដូច្នេះ ព្រោះ​លោក ហ៊ុន សែន ដឹង​ថា ខ្លួន​នឹង​ចាញ់​ឆ្នោត ហើយ​ថា ភាសា​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មិន​មាន​អ្វី​ប្លែក ឬ​ថ្មី​នោះ​ទេ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា មិន​មាន​អី​ថ្មី​ទេ ខ្ញុំ​គិត​ថា គាត់​ដឹង​ថា គាត់​នឹង​ចាញ់ ហើយ​សង្គ្រោះ​ជាតិ នឹង​ឈ្នះ បាន​ជា​គាត់​និយាយ​អី​ពេល​ឈ្នះ​ឆ្នោត អ៊ីចឹង​ប្រហែល​គាត់​ដឹង​ថា សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ហើយ»

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​ជា​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ស្វាគមន៍​សារ​នយោបាយ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន លេង​ល្បែង​នយោបាយ​ដែល​មាន​ប្រយោជន៍​ចំពោះ​សាធារណជន ដូចជា​ការ​ដេញដោល​នៅ​លើ​វេទិកា​សាធារណៈ។ ទោះ​យ៉ាង​នេះ​ក្តី លោក កែម ឡី សង្កេត​ឃើញ​ថា ទម្រង់​នយោបាយ​ដែល​លោក ហ៊ុន សែន លេង​កន្លង​មក គឺ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង ឬ​ប្រកាស​ថា នឹង​មាន​សង្គ្រាម​ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត៖ «មេ​បក្ស​ ទាំង​ពីរ​អាច​ប្រកួតប្រជែង​គ្រប់​ទម្រង់​ដូច​នៅ​ប្រទេស​គេ​ទៅ ដូចជា​ការ​ប្រកួត​តាម​រយៈ​ការ​ធ្វើ​វេទិកា​សាធារណៈ​ដេញដោល​គ្នា ជជែក​គោលនយោបាយ ការ​ប្រឡង​ប្រណាំង​ជាមួយ​យុវជន​អី​ទៅ ខ្ញុំ​គិត​ថា​ចំណេញ​ជាង»

លោក កែម ឡី សង្កេត​ឃើញ​ថា រូបភាព​ដដែល​តែង​កើត​ឡើង​នៅ​សង្គម​នយោបាយ​ខ្មែរ​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ ខណៈ​ដែល​លោក ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស​នោះ គឺ​មាន​តែ​មនុស្ស​បាត់​ខ្លួន​ដោយ​មិន​មាន​ហេតុផល ការ​សម្លាប់​មនុស្ស សកម្មជន​បក្ស​ប្រឆាំង ករណី​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ ការ​ចោទ​ប្រកាន់ និង​បាញ់​សម្លាប់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។