លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ទៅបោះឆ្នោតឃុំសង្កាត់នៅដើមខែមិថុនាខាងមុខឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសារលិខិតផ្ញើរជូនពលរដ្ឋខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ យល់ឃើញចម្រុះជុំវិញព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ។ អ្នកខ្លះថា ពលរដ្ឋគួរតែអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ ដើម្បីកុំឱ្យបក្សកាន់អំណាចធ្វើអ្វីបានស្រេចតាមអំពើចិត្ត។ អ្នកខ្លះទៀត ទទូចឱ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតនេះ ដើម្បីបញ្ចៀសការផ្តល់ភាពស្របច្បាប់ឱ្យបក្សកាន់អំណាច។
មិនខុសពីរៀងរាល់ឆ្នាំលោក ហ៊ុន សែន តែងផ្ញើរសារជូនពលរដ្ឋខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយអួតអាងអំពីសមិទ្ធផលវិជ្ជមាននានាដែលរដ្ឋាភិបាលរបស់លោកសម្រេចបានកាលពីឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែ លោកពុំដែលលោកឡើងពីរឿងរ៉ាវដែលរដ្ឋាភិបាលរបស់លោករំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យឡើយ។ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះហើយ សហគមន៍អន្តរជាតិ ក្នុងនោះមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាក់លាក់ជាបន្តបន្ទាប់មកលើរដ្ឋាភិបាលរបស់លោកមកទល់នឹងសព្វថ្ងៃនេះ។
សម្រាប់ឆ្នាំថ្មី ឆ្នាំខាលនេះ ក្រៅពីអះអាងថា រដ្ឋាភិបាលរបស់លោកបានប្រសូតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព លោក ហ៊ុន សែន ក៏មិនភ្លេចឆ្លៀតអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន។ លោកថា ការធ្វើដូច្នេះ គឺដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសជាតិ។ ក៏ប៉ុន្តែ ទន្ទឹមនឹងការអំពាវនាវនេះ រដ្ឋាភិបាលរបស់លោកបានបើកយុទ្ធនាការ «ជាប្រព័ន្ធ» អស់រយៈពេលជាង ៥ឆ្នាំមកហើយ ក្នុងការគាស់រំលើងឬសគល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនោះ មានដូចជា ការរម្លាយគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិមិនឱ្យចូលរួមការបោះឆ្នោត ការរឹតត្បិតលំហរសិទ្ធិពលរដ្ឋ និងនយោបាយ លំហរប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ព្រមទាំងការកាត់ទោស ចាប់ដាក់គុក និងការធ្វើទុក្ខបុកម្នេញមកលើក្រុមមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិឥតស្រាកស្រាន។
ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា មានទស្សនៈចម្រុះជុំវិញការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
អតីតស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ពលរដ្ឋគួរតែនាំគ្នាទៅបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំនៅតាមមូលដ្ឋានសព្វថ្ងៃនេះ ដោយជ្រើសរើសយកមេដឹកនាំល្អមកធ្វើជាអ្នកតំណាងរបស់ពួកគេដើម្បីទទួលបានសេវាល្អ និងសេរីសួស្តីសម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត៖ « ពុទ្ធសាសនាមានហើយគេមិនគោរព យើងគោរព។ យើងគោរពច្បាប់ ហើយបើមេដឹកនាំទាំងឡាយណាយកច្បាប់ទៅទ្រាប់អង្គុយមិនគោរពច្បាប់ ពេលវេលាមកដល់ហើយ គឺចង្អុលដៃរបស់យើងទៅជ្រលក់ទឹកខ្មៅរើសមេដឹកនាំល្អជាតំណាងនៅក្នុងឃុំ។ កាលណាមានមនុស្សរស់នៅជុំវិញខ្លួនយើងល្អ យើងនឹងទទួលបានសេវាល្អ។ យើងនឹងទទួលបានសេរីភាព។ យើងនឹងទទួលបានសេរីសួស្តី។ ដូច្នេះ សូមកុំបណ្តោយ ! បើបណ្តោយឱ្យទេវតាឆ្នាំនេះកាន់កាំភ្លើងមកគំរាមយើងថ្ងៃបោះឆ្នោត ខូចហើយ។ បើថាយើងឈរឱ្យគេគំរាមបាននៅឆ្នាំ២០២២នេះ អស់៥ឆ្នាំទៀតហើយ។ ខូចសុភមង្គល ខូចសេរីសួស្តី »។
ក៏ប៉ុន្តែ ការអំពាវនាវឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ មិនត្រូវបានអ្នកតាមដាននយោបាយកម្ពុជាមួយចំនួនទៀតយល់ស្របតាមឡើយ ស្របពេលដែលពុំទាន់មានការចរចានយោបាយ និងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅឡើយនោះ។
អ្នកវិភាគនយោបាយកំពុងរស់នៅភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) ដោយសារការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្រុងភ្នំពេញលោក គឹម សុខ យល់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមគណបក្សនយោបាយដែលមាននិន្នាការប្រាថ្នាលទ្ធិប្រជាធិបតេយ្យពិតប្រាកដគួររួបរួមគ្នាបញ្ចេញសកម្មភាពកុំចូលរួមការបោះឆ្នោតនេះដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ « ខ្ញុំគិតថា មានវិធីមួយ ខ្ញុំឃើញគណបក្សភ្លើងទៀនចេញសកម្មភាព។ ខ្ញុំគាំទ្រការចេញសកម្មភាព។ ខ្ញុំគាំទ្រត្រឹមតែការចេញសកម្មភាពទេ។ ខ្ញុំគិតថា ជាគំនិតរបស់ខ្ញុំ គណបក្សសិទ្ធិមនុស្សគួរចេញសកម្មភាពដែរ។ ប៉ុន្តែ គណបក្សទាំងពីរនេះ ចេញសកម្មភាពកុំចូលរួមការបោះឆ្នោត តែចេញសកម្មភាពស្រុះគ្នាក្នុងទិសដៅតែមួយ។ កុំវាយប្រហារគ្នា តែចេញធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ ក្នុងការបោះឆ្នោតប្រសិនបើចង់ចូលរួមបោះឆ្នោត។ ឬក៏គណបក្សទាំងពីរនេះ ទាមទារនូវដំណោះស្រាយនយោបាយពីព្រោះបក្សទាំងពីរនេះមានឥទ្ធិពលដោយសារតែបក្សទាំងពីរនេះ គឺជាសហស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ។ ដូច្នេះ ខ្ញុំគិតថាវិធីនេះមួយមានឥទ្ធិពលក្នុងការសង្កត់លោក ហ៊ុន សែន ខ្លាំង។ ចំណុចទីពីរ កុំវាយប្រហារគ្នាលើមេដឹកនាំចាស់ៗរបស់ខ្លួន ដើម្បីឱ្យពួកគាត់តស៊ូនយោបាយ ឬក៏តស៊ូក្នុងការទាមទារយុត្តិធម៌តាមសិទ្ធិក្នុងក្របខណ្ឌច្បាប់របស់ពួកគាត់។ បើធ្វើបែបហ្នុងបាន ហើយជម្រុះចោលនូវគំនិតអស្មិមានះ វាយប្រហារគ្នា ខ្ញុំគិតថា ដង្ហើមអំណាច និងនយោបាយរបស់លោក ហ៊ុន សែន មិនយូរប៉ុន្មានទេ »។
ការមិនចង់ឃើញគណបក្សនយោបាយចូលរួមការបោះឆ្នោតនេះ ក៏ត្រូវអ្នកឃ្លាំមើលបញ្ហានយោបាយមួយរូបទៀត យល់ឃើញស្រដៀងគ្នានេះដែរ។ អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី ដែលបច្ចុប្បន្នកំពុងរងនូវការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថា ការទៅចូលរួមបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ គឺជាការផ្តល់ភាពស្របច្បាប់ឱ្យគណបក្សប្រជាជនកម្ពុជា។ កញ្ញាយល់ថា ពលរដ្ឋ និងគណបក្សនយោបាយដែលមាននិន្នាការស្រលាញ់ប្រជាធិបតេយ្យគួរនាំគ្នាធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ដោយគិតចាប់ពីដំណើរការការរៀបចំការបោះឆ្នោតនេះរហូតដល់ថ្ងៃបោះឆ្នោតតែម្តង៖ « យើងជាប្រជាពលរដ្ឋគួរធ្វើពហិការក្នុងនីតិវិធីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ ហើយពេលបោះឆ្នោតប្រទេសជាតិ២០២៣។ យើងត្រូវការធ្វើពហិការនៅក្នុងការមិនចូលរួមនីតិវិធីបោះឆ្នោត។ មិនមែនត្រឹមតែថ្ងៃបោះឆ្នោតទេ ប៉ុន្តែនីតិវិធីបោះឆ្នោត ពីព្រោះពេលយើងចូលរួមនីតិវិធីបោះឆ្នោត យើងផ្តល់ភាពស្របច្បាប់ទៅលើរបបផ្តាច់ការ »។
កញ្ញា សេង ធារី បន្ថែមថា ផ្អែកតាមការសិក្សាស្រាវជ្រាវ ប្រទេសកម្ពុជាជាប្រទេសដែលត្រូវបានចាត់ចូលជាជំពូកប្រទេសផ្តាច់ការ ដែលការបោះឆ្នោតគ្រាន់តែត្រូវបានធ្វើឡើងជាការបង្គ្រប់កិច្ចប៉ុណ្ណោះ៖ « ការស្រាវជ្រាវនេះជាអ្នកជំនាញតែម្តង។ គេបានមើលនៅក្នុងប្រទេសប្រហែល១៥០ជាង ហើយគេវាយតម្លៃទៅថាប្រទេសនឹងក្រហម ពណ៌ក្រូច ពណ៌លឿង ឬស្រាលជាងនេះទៀត ឬពណ៌ខៀវមានន័យថាប្រទេសហ្នុងសេរីមែនទែន។ គេឱ្យពិន្ទុទៅ គឺថា យើងនៅក្នុងភាពគ្រោះថ្នាក់។ គេថាប្រសិនបើប្រទេសនៅក្នុងភាពគ្រោះថ្នាក់ កុំបោះឆ្នោតពីព្រោះបោះឆ្នោតបាយឡុកបាយឡហ្នុងមិនមានភាពជាក់ស្តែង ដែលអត់មានលក្ខខណ្ឌទាបបំផុតដែលយើងគួរមានឱ្យសេរី ឱ្យមានពហុបក្សជាក់ស្តែង កុំឱ្យមានការគំរាមកំហែង បរិយាកាសវាអាចងាយស្រួលបោះឆ្នោត គ . ជ . ប មានឯករាជ្យភាព។ យើងអត់មានសោះតែម្តង។ គេថា កុំ ! បើយើងចូលវិញ ដូចយើងបន្តភាពផ្តាច់ការហ្នុងឱ្យមានជីវិតយូរអង្វែងវិញ »។
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា។ មានគណបក្សនយោបាយចំនួន១៧គណបក្សប្រកាសចូលរួមដណ្តើមយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១១.៥៧២ អាសនៈ សម្រាប់ឃុំសង្កាត់សរុបចំនួន ១៦៥២ ឃុំសង្កាត់ នៅទូទាំងប្រទេស។ ក៏ប៉ុន្តែ ការបោះឆ្នោតនេះ នឹងពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិឡើយ ដោយសារតុលាការកំពូលបានរម្លាយគណបក្សនេះកាលពីចុងឆ្នាំ២០១៧កន្លងទៅ។ ការបោះឆ្នោតនេះ មានបេក្ខជនដាក់ពាក្យឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោត សរុបចំនួនជាង ៨ម៉ឺន២ពាន់នាក់ (៨២.៧៨៦នាក់) ក្នុងនោះបេក្ខជនជាង ២ម៉ឺន៥ពាន់នាក់ (២៥.៩៦៣នាក់) ជាស្ត្រី។
ការបោះឆ្នោតនេះធ្វើឡើងក្រោមការវាយតម្លៃថា បរិយាកាសនយោបាយនៅកម្ពុជានៅតែរងនូវការរឹតត្បិត និងគ្មានភាពប្រសើរ ស្របពេលដែលអ្នកនយោបាយបក្សប្រឆាំងបន្តរងការចោទប្រកាន់ និងចាប់ដាក់គុកឥតស្រាកស្រាន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែរងការរិះគន់ថា ខ្វះឯករាជ្យ ពុំអព្យាក្រឹត្យ និងជាឧបករណ៍ចាំប្រថាប់ត្រាផ្តល់ភាពស្របច្បាប់ឱ្យគណបក្សកាន់អំណាច ដោយសារតែសមាជិកជាន់ខ្ពស់របស់ គ.ជ.ប សុទ្ធសឹងតែជាមនុស្សរបស់បក្សកាន់អំណាច និងគ្មានតំណាងមកពីគណបក្សប្រឆាំង ឬសង្គមស៊ីវិលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។