បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី អំពីដំណើរទៅកម្ពុជាវិញ
2019.03.04

ការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ផុតកំណត់ត្រឹមថ្ងៃទី៤ ខែមីនាហើយ ក៏ប៉ុន្តែអ្នកដែលចាញ់ក្នុងការភ្នាល់គ្នានេះ នៅមិនទាន់គោរពតាមលក្ខខណ្ឌនៅឡើយទេ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់គ្នាដោយដាក់លក្ខខណ្ឌថា បើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ទេ លោក សម រង្ស៊ី នឹងសុខចិត្តចូលស្រុកខ្មែរវិញឲ្យគេចាប់ខ្លួន។ ក៏ប៉ុន្តែ ប្រសិនបើលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនថ្ងៃទី៣ មីនានោះ លោក ហ៊ុន សែន ត្រូវចុះចេញពីតំណែង។
ទោះជាយ៉ាងណាក៏ដោយ នៅពេលពេលកំណត់នៃការភ្នាល់គ្នានេះប្រមាណ ២សប្ដាហ៍ លោក សម រង្ស៊ី សសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ចោទលោក ហ៊ុន សែន ថា បានដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយទៅក្នុងការភ្នាល់គ្នានេះ។ នោះ គឺការលើកលែងទោសពីព្រះមហាក្សត្រ។ ដោយផ្អែកលើហេតុផលនេះ លោក សម រង្ស៊ី ថា ជាស្វ័យប្រវត្តិ លោក ហ៊ុន សែន បានដកខ្លួនចេញពីការភ្នាល់គ្នានេះរួចទៅហើយ។ ថ្វីបើការភ្នាល់រវាងអ្នកនយោបាយធំ ២រូបនេះ គ្មានការទទួលពីស្ថាប័នណាមួយក្ដី ក៏ពលរដ្ឋជាទូទៅបានដឹងឮ និងរង់ចាំមើលលទ្ធផលគ្រប់ៗ គ្នា។ មកទល់ពេលនេះ លោក កឹម សុខា កំពុងជាប់ឃុំនៅឡើយ ឯលោក សម រង្ស៊ី ក៏នៅមិនទាន់វិលចូលស្រុកខ្មែរឲ្យគេចាប់ខ្លួនដែរ។
តើទីបំផុតទៅ លោក សម រង្ស៊ី នឹងវិលចូលប្រទេសកម្ពុជាតាមការសន្យាដែរឬទេ?
សូមលោកអ្នកនាងស្តាប់សំឡេងនៃបទសម្ភាសន៍ផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី ជុំវិញជំហរចុងក្រោយរបស់លោក។