នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញការបោះឆ្នោតនៅកម្ពុជានៅក្នុងឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ពលរដ្ឋកម្ពុជា។
លោកនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងបែបនេះនៅក្នុងជំនួបទ្វេភាគីជាមួយសមភាគីរបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ស្របពេលដែលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនោះ លោក គីស៊ីដា បញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាតិដោយផ្ដោតលើការអភិវឌ្ឍន៍ដំណើរការប្រជាធិបតេយ្យនៅក្នុងកម្ពុជា។
សេចក្ដីថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំដែលចេញដោយក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ក្នុងពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅលោក គីស៊ីដា វិញថា លោកនឹងប្រឹងប្រែងធានាឱ្យការបោះឆ្នោតនៅពេលខាងមុខនេះ ជាការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងជំនួបនោះដែរលោក គីស៊ីដា ក៏បានបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ជូននាវាស្វ័យការពារជើងទឹកជប៉ុនមកចូលចតនៅកំពង់ផែកម្ពុជានិងលើកកម្ពស់ឱ្យមានទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុននៅ កំពង់ផែ កងទ័ពជើងទឹករាមនិងសហការហ្វឹកហ្វឺនកងទ័ពដោយសុឆន្ទៈ។
ឆ្លើយតបរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នៅពេលបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានថា អាជ្ញាធរកម្ពុជាកំពុងរៀបចំការងារមួយចំនួនដើម្បីឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនមកចូលចតនៅកំពង់ផែកម្ពុជាម្ដងទៀតនៅពេលខាងមុខ។ លោក ហ៊ុន សែន ថែមទាំងអះអាងថា លោក បើកចំហឱ្យបណ្ដាប្រទេសដទៃដែលចង់ឱ្យនាវាកងទ័ពមកចូលចតនៅកម្ពុជាមកពិនិត្យកំពង់ផែកម្ពុជាឬមកធ្វើសមយុទ្ធរួមគ្នាគឺអាចមកបាន។
បើទោះជាយ៉ាងណាបណ្ដាប្រទេសនិយមប្រជាធិបតេយ្យជាពិសេសប្រទេសសម្ព័ន្ធមិត្តអាមេរិកដែលបារម្ភពីសន្តិសុខក្នុងតំបន់អាស៊ី នៅតែ សង្ស័យនៅឡើយពីបញ្ហាកំពង់ផែកងទ័ពជើងទឹករាមទាក់ទងនឹងវត្តមានកងទ័ពប្រជាជនចិននិងការណ៍ដែលប្រទេសចិនអាចបម្លែងកំពង់ផែរាមទៅជាមូលដ្ឋានទ័ពរបស់ខ្លួន។
កន្លងទៅអាជ្ញាធរកម្ពុជារងការរិះគន់ថា បានរារាំងក្រុមការងាររបស់អាមេរិកក្នុងការចុះទៅពិនិត្យស្ថានភាពកំពង់ផែកងទ័ពជើងទឹករាមមិនឱ្យទៅពិនិត្យទីតាំងដែលពួកគេមានការសង្ស័យឡើយ។
ទាក់ទងនឹងរឿងនេះដែរប្រធានាធិបតីអាមេរិកក៏បានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនេះដែរក្នុងជំនួបទ្វេភាគីដ៏កម្រមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
លោកប្រធានាធិបតី ចូ បៃឌិន (Joseph R. Biden Jr.) ក៏បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញនូវលំហសេរីភាពពលរដ្ឋនិងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខដោះលែងសកម្មជនដែលត្រូវបានតុលាការឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកញ្ញា សេង ធារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។