ប្រទេសជប៉ុន នៅតែបន្តចង់ឃើញការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលមានការចូលរួម ពីគណបក្សប្រឆាំងដ៏ធំជាងគេ នៅកម្ពុជា។ អ្នកវិភាគ យល់ថា អន្តរាគមន៍របស់ជប៉ុន និងសម្ពាធអន្តរជាតិ នឹងអាចមានដំណោះស្រាយផ្នែកនយោបាយ សមស្របមួយ នៅពេលឆាប់ៗខាងមុខនេះ នៅមុនបោះឆ្នោតជាតិ។
លើកនេះ ក៏ដូចជាលើកមុនៗដែរ ប្រទេសជប៉ុន នៅតែបញ្ជាក់ជំហរច្បាស់លាស់ដដែលរបស់ខ្លួន ថារដ្ឋាភិបាលជប៉ុន ពិតជាចង់ឲ្យរបបលោក ហ៊ុន សែន រៀបចំឲ្យមានការបោះឆ្នោតជាតិខាងមុខ ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជំហរដដែលរបស់រដ្ឋាភិបាលជប៉ុនបែបនេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ (Taro Kono) ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ មកកាន់កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា។
ទោះបីជាប្រទេសជប៉ុន លើកពីកង្វល់ អំពីការបោះឆ្នោត ដដែលៗ ជាមួយរបបលោក ហ៊ុន សែន ក្រោយរបបនេះ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា យ៉ាងណាក្តី ក៏រដ្ឋាភិបាលជប៉ុន នៅតែប្រកាន់ជំហរទន់ភ្លន់ ជាងប្រទេសដទៃទៀតនៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារជប៉ុន នៅតែបន្តជួយកម្ពុជា ផ្នែកហិរញ្ញវត្ថុ។
ការបន្តជួយកម្ពុជារបស់ប្រទេសជប៉ុន ក្នុងស្ថានភាពបែបនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ជាការលើកទឹកចិត្តមួយឲ្យរបបលោក ហ៊ុន សែន បន្ទន់ឥរិយាបថពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានសុទិដ្ឋិនិយមថា ការអន្តរាគមន៍របស់ជប៉ុន នឹងនាំឲ្យមានការធ្វើសម្បទាន បើមិនច្រើនក៏ខ្លះដែរ នៅមុនបោះឆ្នោតដើម្បីឲ្យឃើញថា មានការបន្ទន់ឥរិយាបថនេះ៖ «ក្នុងចំណោមវិធានការ ទៅលើគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យឃើញថា ការបោះឆ្នោតហ្នឹងអាចមានភាពសេរី យុត្តិធម៌មួយកម្រិត ដូចជាការហាមឃាត់មិនឲ្យថ្នាក់ដឹកនាំសង្គ្រោះជាតិទាំង ១១៨នាក់ ប្រហែលជាអាចមានការបន្ធូរបន្ថយ ឬក៏លែងហាមឃាត់ទៅវិញ ប៉ុន្តែអាហ្នឹងប្រហែលជាដល់កៀកការបោះឆ្នោត»។
ទោះបីជាលោកបណ្ឌិត ឡៅ ម៉ុងហៃ មានសុទិដ្ឋិនិយម ថាអាចនឹងមានដំណោះស្រាយនយោបាយ ដោយអនុញ្ញាតឲ្យតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំង ១១៨ មានសិទ្ធិធ្វើនយោបាយឡើងវិញក៏ដោយ ក៏លោកបណ្ឌិត គ្មានសុទិដ្ឋិនិយម ថារបបលោក ហ៊ុន សែន នឹងព្រមអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជាតិ ខាងមុខនេះនោះឡើយ។
ប៉ុន្តែប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ឯណោះ មិនសុខចិត្តឲ្យមានការបោះឆ្នោត ដោយគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមពេញលេញនោះឡើយ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមេសា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋម្ចាស់ឆ្នោតធ្វើពហិការ កុំទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យសោះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ លើសន្លឹកឆ្នោតទេនោះ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កុំទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះដែរ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។
ស្របពេល សហគមន៍អន្តរជាតិ ថ្កោលទោស ដាក់សំពាធ និងដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើរបបលោក ហ៊ុន សែន ប្រទេសជប៉ុន រក្សាជំហរទន់ភ្លន់ និងប្រើប្រាស់យន្តការការទូត ដើម្បីជួយរកដំណោះស្រាយ វិបត្តិនយោបាយនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីថ្ងៃទី៨ ខែ មេសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងបានចុះហត្ថលេខា បន្តផ្ដល់ជំនួយហិរញ្ញប្បទាន សរុបជាទឹកប្រាក់ជាង ៩០លានដុល្លារអាមេរិក ដល់របបលោក ហ៊ុន សែន ក្នុងនោះរួមមាន ទឹកប្រាក់ជាង ៤.៦លានដុល្លារ ជាជំនួយឥតសំណង សម្រាប់អនុវត្តន៍គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងទឹកប្រាក់ជិត ៨៦លានដុល្លារ ជាទឹកប្រាក់កម្ចី ឥណទានសម្បទាន សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ ជំហានទី២។ ផ្អែកលើទំហំនៃប្រាក់ហិរញ្ញប្បទាននេះ គឺភាគច្រើនស្ទើរតែទាំងអស់ ជាប្រាក់កម្ចី មិនមែនជាជំនួយឥតសំណងនោះឡើយ។
អ្នកវិភាគនយោបាយ និងសិក្សាស្រាវជ្រាវបញ្ហាសង្គមកម្ពុជា លោកបណ្ឌិត មាស នី ស្នើឲ្យអ្នកនយោបាយ កុំយល់ច្រឡំ ចំពោះការបន្តផ្ដល់ជំនួយរបស់ជប៉ុន ថាជាការគាំទ្រ ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ លោកបណ្ឌិត មាស នី បន្តថា ជប៉ុនកំពុងតែសម្លឹងមើល និងគិតគូរអំពីបញ្ហាអត្ថប្រយោជន៍សេដ្ឋកិច្ច និងវិនិយោគរបស់ខ្លួន ក៏ដូចជាការធ្វើឲ្យមានតុល្យភាពគ្នារវាង ការប្រកួតប្រជែងគ្នាផ្នែកនយោបាយការបរទេស ដើម្បីការពារអត្ថប្រយោជន៍យុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយប្រទេសចិន។
លោកបណ្ឌិត មាស នី យល់ថា មានតែអ្នកនយោបាយខ្មែរគ្នាឯងប៉ុណ្ណោះ ដែលអាចវិលទៅរកតុចរចា ដើម្បីពិភាក្សាគ្នារកដំណោះស្រាយរួម សម្រាប់ជាតិ។ រដ្ឋាភិបាលជប៉ុន ក៏លើកទឹកចិត្ត ឲ្យភាគីនយោបាយខ្មែរ វិលរកការចរចានេះដែរ ដើម្បីឲ្យមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់ ក្នុងការបោះឆ្នោត។ បើមិនដូច្នេះទេ ការបោះឆ្នោតជាតិខាងមុខ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បាននោះឡើយ៕
