ជប៉ុនប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍សំរាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះទេ
2023.03.29

រដ្ឋាភិបាលជប៉ុនប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន និងផ្តល់សម្ភារៈនានាសំរាប់ការបោះឆ្នោត ព្រមទាំងផ្តល់ជំនួយថវិកា សំរាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ។
ការចុះផ្សាយរបស់ខេបូឌានេស អនឡាញ (Cambodianess.com) ជាភាសាអង់គ្លេស កាលពីថ្ងៃទី២៨ ខែមីនា ឲ្យដឹងថា ទោះបីស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅមិនទាន់ប្រកាសសម្រេចជាផ្លូវការក៏ដោយ ក៏ស្ថានទូតជប៉ុន កំពុងពិចារណាបញ្ជូនអ្នកទៅពិនិត្យមើលការបោះឆ្នោតក្រៅផ្លូវការ នៅកន្លែងបោះឆ្នោតមួយចំនួន ជាភ្ញៀវតែប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប៉ុន្មាននាក់នៅឡើយទេ។
ក្រៅតែពីរដ្ឋាភិបាលជប៉ុនបញ្ជាក់ជំហរមិនបញ្ជូនអ្នកសង្កេតការណ៍ រដ្ឋាភិបាលបារាំង (France) អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និងប៉ាឡេស្ទីន (Palestine) ក៏នៅមិនទាន់បញ្ជាក់ថា តើប្រទេសទាំងនោះនឹងបញ្ជូន ឬមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកកម្ពុជានៅឡើយដែរ ទោះបីជារដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនៅខែកក្កដាខាងមុខនេះក៏ដោយ។
កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំដល់សហភាពអឺរ៉ុប ឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សំរាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដែរ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា អះអាងកាលពីពេលថ្មីៗនេះ ថា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានកាត់ផ្ដាច់ទាំងស្រុង ដោយមិនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតណាម្នាក់ ឬផ្តល់ជំនួយសំរាប់ការបោះឆ្នោតអ្វីឡើយ សូម្បីតែការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២ កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។