គម្រោងនោះមានដូចជា ទី១ គម្រោងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកនៅខេត្តព្រះសីហនុ ចំនួនជាង ១៤លានដុល្លារអាមេរិក។ ទី២ គម្រោងសាងសង់ និងកែលំអរោងចក្រវារីអគ្គិសនីខ្នាតតូចនៅខេត្តរតនគិរី ចំនួនជាង ១៣លានដុល្លារអាមេរិក និងទី៣ គម្រោងធ្វើឲ្យប្រសើរឡើងនូវបន្ទប់ និងឧបករណ៍ពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា ចំនួនជាង ៦លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រីនៅថ្ងៃទី២១ ខែមីនា បានចុះហត្ថលេខាទ្វេភាគីជាមួយឯកអគ្គរាជទូតជប៉ុន នៅប្រទេសកម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី (Kumamaru Yuji) នៅឯក្រសួងការបរទេសកម្ពុជា ដើម្បីទទួលយកប្រាក់ជំនួយនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រសួងការបរទេសក្រោយពីចុះហត្ថលេខាថា ជំនួយនេះ គឺបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសជប៉ុន ជាមិត្តដ៏ល្អ៖ «ជប៉ុនជាប្រទេសមួយដែលផ្ដល់ជំនួយច្រើនដល់កម្ពុជាយើង ហើយមានទំនាក់ទំនងល្អជាមួយកម្ពុជាយើង។ ឆ្នាំនេះជាខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ក្រសួងការបរទេសជាមួយស្ថានទូតជប៉ុន បានរៀបចំកម្មវិធីដើម្បីធ្វើសកម្មភាពនានា ដើម្បីរំលឹកខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរនេះទៀត ហើយទន្ទឹមហ្នឹង កម្ពុជាក៏ជាប្រទេសសម្របសម្រួលរបស់អាស៊ាន ជាមួយជប៉ុនដែរ»។
ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុនថ្មីនៅប្រទេសកម្ពុជា លោក កូម៉ាម៉ារ៉ូ យ៉ូជី បានមានប្រសាសន៍ប្រាប់អ្នកកាសែតដែរថា ជំនួយនេះគឺជាផ្នែកមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ៖ «នៅក្នុងឱកាសនៃការចុះហត្ថលេខានេះ សម្រាប់គម្រោងសំខាន់ចំនួន ៣ ខ្ញុំសង្ឃឹមថា គម្រោងនេះអាចជួយធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅនៃប្រជាពលរដ្ឋខ្មែរ ដោយការអនុវត្តគម្រោងនេះ យើងអាចពង្រឹងទំនាក់ទំនងនៃប្រទេសយើងទាំងពីរ»។
គេបានកត់សំគាល់ថា ការចុះហត្ថលេខាទទួលជំនួយជាថ្មីពីប្រទេសជប៉ុន នៅថ្ងៃទី២១ ខែមីនា នេះ គឺជាជំនួយឥតសំណងទ្រង់ទ្រាយធំលើកទី២ ក្រោយពីការចុះហត្ថលេខានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ កន្លងទៅ ដើម្បីទទួលជំនួយឥតសំណងចំនួន ៥៤លានដុល្លារអាមេរិក សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ និងគម្រោងបង្កើនគុណភាពបរិក្ខារអប់រំផ្នែកធនធានរ៉ែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
