ថ្ងៃទី២៩ ខែវិច្ឆិកា ជាថ្ងៃដែលពលរដ្ឋគិតថា ជាពេលវេលាចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីអ្នកបោះឆ្នោតឆ្នាំ២០១៦។ ការិយាល័យមួយចំនួននៅខេត្តកំពង់ឆ្នាំង ពលរដ្ឋបានទៅចុះឈ្មោះច្រើនជាងថ្ងៃធម្មតា។ មន្ត្រីរៀបចំការចុះឈ្មោះបោះឆ្នោត និងសង្គមស៊ីវិលអះអាងថា ដំណើរការនៃការចុះឈ្មោះរយៈពេលបីខែមកនេះមានស្ថានភាពប្រសើរ និងទទួលបានតួលេខអ្នកចុះឈ្មោះច្រើន។
ស្ថានភាពទូទៅនៃការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះចំនួន៦ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដែលអាស៊ីសេរី បានចុះអង្កេតតាំងពីព្រឹករហូតដល់ព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឃើញមានពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមួយៗ ពុំមានជិះម៉ូតូ រ៉ឺម៉ក ឬគោយន្តដឹកគ្នាច្រើនៗទៅចុះឈ្មោះដូចមុនទេ។ ប៉ុន្តែការិយាល័យចុះឈ្មោះមួយចំនួនបានទទួលពលរដ្ឋចុះឈ្មោះច្រើនជាងថ្ងៃធម្មតា។
ប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោតនៅការិយាល័យលេខ០៥១ ក្នុងឃុំស្វាយជ្រំ លោក ជា ណុំ មានប្រសាសន៍ថា នៅថ្ងៃទី២៩ ការិយាល័យលោកចុះឈ្មោះពលរដ្ឋបាន ៥០នាក់ ហើយកាលពីថ្ងៃទី២៨ វិច្ឆិកា ចុះបាន ៤៨នាក់ក្នុងមួយថ្ងៃ។ នៅទូទាំងឃុំស្វាយជ្រំ ស្រុករលាប្អៀរ មានពលរដ្ឋគ្រប់អាយុចុះឈ្មោះចំនួន ១ម៉ឺន ២០៩នាក់ ហើយចុះបាន ៨.៣៩៣នាក់ បើគិតជាភាគរយបាន ៨២,២១%៖ «ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ជិតម៉ោង ១២ ណោះបានចប់ ឈប់បន្តិចបានដល់ម៉ោងមួយកន្លះមកទៀត ប៉ុន្ដែថា មិនមកច្រើនអីទេ គ្រាន់ថា មកជាប់ៗគ្នា។ សភាពរបស់គាត (ពលរដ្ឋ) មានលក្ខណៈថា ឮគេថា ដល់ថ្ងៃទី២៩ ជាថ្ងៃចុងក្រោយ ហើយបើខ្ញុំអត់បានទៅចុះថ្ងៃនេះទេ ដូចជាខ្ញុំមិនបានចូលរួមជាពលរដ្ឋក្នុងសង្គមភាគច្រើនគាត់និយាយអ៊ីចឹង»។
ការិយាល័យចុះឈ្មោះនៅសង្កាត់ខ្សាម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ប្អេរ នៃក្រុងកំពង់ឆ្នាំង និងការិយាល័យពីរទៀតនៅស្រុករលាប្អៀរ គឺនៅឃុំជ្រៃបាក់ និងឃុំស្វាយជ្រំ នៅមានពលរដ្ឋទៅចុះឈ្មោះតិចបំផុតចន្លោះពី ៦ ទៅ ១០នាក់ ក្នុងមួយថ្ងៃ និងច្រើនបំផុតចន្លោះពី ៤០ ទៅ ៧៥នាក់ ក្នុងមួយថ្ងៃ។ អ្នកចុះឈ្មោះមានច្រើនក្នុងរយៈពេលពីរខែដំបូង និងនៅចុងខែវិច្ឆិកា នៃការចុះឈ្មោះ។
មន្ត្រីសម្របសម្រួលអង្គការខុមហ្វ្រែល (COMFREL) ប្រចាំខេត្តកំពង់ឆ្នាំង លោក លាភ ប៊ុនលាង ថ្លែងថា ស្ថានការណ៍ទូទៅនៃការចុះឈ្មោះបោះឆ្នោតលើកនេះមានភាពប្រសើរ ប៉ុន្តែពលរដ្ឋខ្លះមិនចង់ទៅចុះឈ្មោះ។ លោកថា បញ្ហានេះអាចមកពីការយល់ដឹងរបស់ពលរដ្ឋនៅគ្រា គ.ជ.ប ផ្សព្វផ្សាយឲ្យតែពលរដ្ឋទៅចុះឈ្មោះ ប៉ុន្តែមិនបានបញ្ជ្រាបពលរដ្ឋពីសារសំខាន់នៃការបោះឆ្នោត៖ «មានពលរដ្ឋមួយចំនួនតូចគិតថា ការបោះឆ្នោតនេះដូចជាអត់មានតម្លៃសម្រាប់គាត់ថា បោះទៅនៅដដែលៗ ចំពោះពលរដ្ឋភាគច្រើននោះ គឺគាត់បានយល់ដឹងពីសារសំខាន់នៃការបោះឆ្នោតនេះដែរ។ អ៊ីចឹងហើយបានជាក់ស្ដែងករណីនៅឃុំជ្រៃបាក់ ដែលខ្ញុំកំពុងសង្កេតនេះ គិតដល់ថ្ងៃនេះយើងបាន ៩២,៣៣ភាគរយទៅហើយ មានន័យថា អត្រានេះគឺខ្ពស់អាចទទួលយកបាន»។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី ឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅទូទាំងខេត្តគិតមកដល់ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ចុះបានជិតបីសែននាក់ (២៩០.១៦១) ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះជាងបីសែននាក់ (៣៣៧.៦៩៨) ស្មើនឹង ៨៥,៩០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
