ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា

0:00 / 0:00

ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ជា​ថ្ងៃ​ដែល​ពលរដ្ឋ​គិត​ថា ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៦។ ការិយាល័យ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​ច្រើន​ជាង​ថ្ងៃ​ធម្មតា។ មន្ត្រី​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សង្គម​ស៊ីវិល​អះអាង​ថា ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​រយៈ​ពេល​បី​ខែ​មក​នេះ​មាន​ស្ថានភាព​ប្រសើរ និង​ទទួល​បាន​តួលេខ​អ្នក​ចុះ​ឈ្មោះ​ច្រើន។

ស្ថានភាព​ទូទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​ចំនួន​៦ ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ដែល​អាស៊ីសេរី បាន​ចុះ​អង្កេត​តាំង​ពី​ព្រឹក​រហូត​ដល់​ព្រលប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឃើញ​មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយៗ ពុំ​មាន​ជិះ​ម៉ូតូ រ៉ឺម៉ក ឬ​គោយន្ត​ដឹក​គ្នា​ច្រើនៗ​ទៅ​ចុះ​ឈ្មោះ​ដូច​មុន​ទេ។ ប៉ុន្តែ​ការិយាល័យ​ចុះ​ឈ្មោះ​មួយ​ចំនួន​បាន​ទទួល​ពលរដ្ឋ​ចុះ​ឈ្មោះ​ច្រើន​ជាង​ថ្ងៃ​ធម្មតា។

ប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ​០៥១ ក្នុង​ឃុំ​ស្វាយជ្រំ លោក ជា ណុំ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៩ ការិយាល័យ​លោក​ចុះ​ឈ្មោះ​ពលរដ្ឋ​បាន ៥០​នាក់ ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ចុះ​បាន ៤៨​នាក់​ក្នុង​មួយ​ថ្ងៃ។ នៅ​ទូទាំង​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ មាន​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​ចំនួន ១​ម៉ឺន ២០៩​នាក់ ហើយ​ចុះ​បាន ៨.៣៩៣​នាក់ បើ​គិត​ជា​ភាគ​រយ​បាន ៨២,២១%៖ «ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ជិត​ម៉ោង ១២ ណោះ​បាន​ចប់ ឈប់​បន្តិច​បាន​ដល់​ម៉ោង​មួយ​កន្លះ​មក​ទៀត ប៉ុន្ដែ​ថា មិន​មក​ច្រើន​អី​ទេ គ្រាន់​ថា មក​ជាប់ៗ​គ្នា។ សភាព​របស់​គាត (ពលរដ្ឋ) មាន​លក្ខណៈ​ថា ឮ​គេ​ថា ដល់​ថ្ងៃ​ទី​២៩ ជា​ថ្ងៃ​ចុង​ក្រោយ ហើយ​បើ​ខ្ញុំ​អត់​បាន​ទៅ​ចុះ​ថ្ងៃ​នេះ​ទេ ដូច​ជា​ខ្ញុំ​មិន​បាន​ចូល​រួម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ភាគ​ច្រើន​គាត់​និយាយ​អ៊ីចឹង»

ការិយាល័យ​ចុះ​ឈ្មោះ​នៅ​សង្កាត់​ខ្សាម សង្កាត់​កំពង់ឆ្នាំង សង្កាត់​ផ្សារឆ្នាំង សង្កាត់​ប្អេរ នៃ​ក្រុង​កំពង់ឆ្នាំង និង​ការិយាល័យ​ពីរ​ទៀត​នៅ​ស្រុក​រលាប្អៀរ គឺ​នៅ​ឃុំ​ជ្រៃបាក់ និង​ឃុំ​ស្វាយជ្រំ នៅ​មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​តិច​បំផុត​ចន្លោះ​ពី ៦ ទៅ ១០​នាក់ ក្នុង​មួយ​ថ្ងៃ និង​ច្រើន​បំផុត​ចន្លោះ​ពី ៤០ ទៅ ៧៥​នាក់ ក្នុង​មួយ​ថ្ងៃ។ អ្នក​ចុះ​ឈ្មោះ​មាន​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង និង​នៅ​ចុង​ខែ​វិច្ឆិកា នៃ​ការ​ចុះ​ឈ្មោះ។

មន្ត្រី​សម្របសម្រួល​អង្គការ​ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក លាភ ប៊ុនលាង ថ្លែង​ថា ស្ថានការណ៍​ទូទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​មាន​ភាព​ប្រសើរ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ។ លោក​ថា បញ្ហា​នេះ​អាច​មក​ពី​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​គ្រា គ.ជ.ប ផ្សព្វផ្សាយ​ឲ្យ​តែ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ ប៉ុន្តែ​មិន​បាន​បញ្ជ្រាបពលរដ្ឋ​ពី​សារសំខាន់​នៃ​ការ​បោះ​ឆ្នោត៖ «មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​គិត​ថា ការ​បោះ​ឆ្នោត​នេះ​ដូច​ជា​អត់​មាន​តម្លៃ​សម្រាប់​គាត់​ថា បោះ​ទៅ​នៅ​ដដែលៗ ចំពោះ​ពលរដ្ឋ​ភាគ​ច្រើន​នោះ គឺ​គាត់​បាន​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជាក់​ស្ដែង​ករណី​នៅ​ឃុំ​ជ្រៃបាក់ ដែល​ខ្ញុំ​កំពុង​សង្កេត​នេះ គិត​ដល់​ថ្ងៃ​នេះ​យើង​បាន ៩២,៣៣​ភាគ​រយ​ទៅ​ហើយ មាន​ន័យ​ថា អត្រា​នេះ​គឺ​ខ្ពស់​អាច​ទទួល​យក​បាន»

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ចុះ​បាន​ជិត​បី​សែន​នាក់ (២៩០.១៦១) ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ជាង​បី​សែន​នាក់ (៣៣៧.៦៩៨) ស្មើ​នឹង ៨៥,៩០%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។