គណបក្សកម្ពុជានិយម អំពាវនាវដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អន្តរាគមន៍ទៅមន្ត្រីថ្នាក់ក្រោមជាតិ ឲ្យបញ្ឈប់រារាំងការលើកស្លាកបក្ស និងការរើសអើងនិន្នាការនយោបាយតទៀត ដើម្បីឱ្យគណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ។ សំណើនេះ គឺក្រោយពេលអាជ្ញាធរអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតមិនឱ្យគណបក្សនេះ លើកស្លាក ក្រោយដាក់លិខិតលាយលក្ខណ៍អក្សរតាមនីតិវិធីច្បាប់។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានអះអាងថា ពុំមានការរឹតត្បិត ឬរើសអើងគណបក្សនយោបាយដូចការចោទប្រកាន់នោះទេ។
មន្ត្រីគណបក្សកម្ពុជានិយមលើកឡើងថា អាជ្ញាធរមូលដ្ឋានរបស់គណបក្សកាន់អំណាចបានហាមឃាត់សកម្មជនគណបក្សមិនឱ្យលើកស្លាកសញ្ញា ដោយមិនបានបញ្ជាក់មូលហេតុត្រឹមត្រូវ។ ពួកគេចាត់ទុកករណីនេះ គឺជាការរើសអើងនិន្នាការនយោបាយ និងអនុវត្តផ្ទុយពីច្បាប់ ខណៈបក្សកាន់អំណាចអាចលើកស្លាកទីតាំងទាំងនោះដោយសេរី។
ប្រធាននាយកដ្ឋានរដ្ឋបាល និងជាបេក្ខជនលេខរៀងទី៣ សង្កាត់រលួស ខណ្ឌដង្កោនៃគណបក្សកម្ពុជានិយមលោក អ៊ុក អ៊ី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមេសាថា រយៈពេលជាង១០ថ្ងៃមកហើយ ក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតប នឹងលិខិតស្នើសុំអន្តរាគមន៍ចំពោះករណីចៅសង្កាត់រលួស ខណ្ឌដង្កោ បដិសេធការជូនដំណឹងលើកស្លាកបក្សរបស់លោកនៅទីតាំងសាធារណៈមួយចំនួន ដោយពុំសមហេតុផលនៅឡើយទេ។ លោករំពឹងថា ក្រសួងមហាផ្ទៃយកបញ្ហានេះមកសម្របសម្រួលឱ្យបានឆាប់ ស្របតាមសេចក្តីណែនាំរបស់ក្រសួងនាពេលកន្លងមកដើម្បីធានាថាគ្មានការរើសអើងនិន្នាការនយោបាយ និងប្រកួតប្រជែងស្មើភាពគ្នាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់៖ «យើងសុំលើក១១ទីតាំងយ៉ាងហោចណាស់គួរបានការបញ្ជាក់ថាចំណុចណាមិនគួរលើកដោយសារមូលហេតុអ្វី ប៉ះពាល់អ្វីបញ្ជាក់មក តែនេះ១១ទីតាំងមិនឱ្យលើកតែម្តង គាត់នៅតែទទូចហើយទទូចទៀតថា ឱ្យទៅជួបមេ យើងសង្ឃឹមថាក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានសម្របសម្រួលឱ្យគណបក្សនយោបាយទាំងអស់បានប្រកួតប្រជែងស្មើៗគ្នា បើកលំហប្រជាធិបតេយ្យទទួលយកបានទាំងអស់គ្នា»។
កាលពីថ្ងៃទី៨ ខែមេសា តំណាងគណបក្សកម្ពុជានិយមបានដាក់លិខិតជូនដំណឹងទៅចៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្តីពីការលើស្លាកសញ្ញាចំនួន១១ទីតាំង និងបង្ហាញឯកសារផ្លូវច្បាប់យ៉ាងក៏ដោយ ក៏ចៅសង្កាត់នោះនៅតែបដិសេធក្រោមហេតុផលអភិបាលខណ្ឌមិនអនុញ្ញាត។ បន្ទាប់មក កាលពីថ្ងៃទី២០ ខែមេសា គណបក្សនេះបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដោយស្នើសុំអន្តរាគមន៍ករណីនេះដើម្បីឲ្យបានលើកស្លាកដូចគណបក្សកាន់អំណាចដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថាប័នមួយនេះមិនទាន់មានចំណាត់ណាមួយនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ៌ក ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែមេសា។ ចំណែកអភិបាលរងខណ្ឌដង្កោ លោក ជ គឹមស៊ ប្រាប់ថាលោកជាប់រវល់ហើយចុចផ្តាច់ទូរស័ព្ទ។
ឆ្លើយតបរឿងនេះ ចៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក កឹប ហ៊ន ប្រាប់វិទ្យុអាស៊ីសេរីថាលោកមិនបានរារាំង ឬរើសអើងនិន្នាការនយោបាយដូចការចោទប្រកាន់នោះទេ ពីព្រោះថ្នាក់លើប្រគល់សិទ្ធិឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រង និងសម្រេចចំពោះបក្សនយោបាយដែលស្នើសុំលើកស្លាកនៅទីស្នាក់ការសង្កាត់ និងមុខផ្ទះសកម្មជនតែប៉ុណ្ណោះ។ លោកបន្តថា ករណីសុំលើកស្លាកនៅទីតាំងសាធារណៈវិញ គណបក្សកម្ពុជានិយមត្រូវសុំការអនុញ្ញាតពីថ្នាក់ខណ្ឌជាមុន ដើម្បីជម្រាបមកលោកវិញ។ ប៉ុន្តែលោកអះអាងថា ស្លាកគណបក្សប្រជាជនទីតាំងទាំងនោះ គឺស្ថិតនៅទីតាំងចាស់៖ «ចាប់ពីថ្នាក់ខណ្ឌឡើងទៅធ្វើការណែនាំអាជ្ញាធរដែនដីគ្រប់គ្រងសង្កាត់ទាំងមូល គឺអនុញ្ញាតឱ្យដាក់ត្រឹមមុខផ្ទះគណបក្សរបស់គាត់ទៅ ផ្ទះសកម្មជនរបស់គាត់ដាក់ទៅអត់ហាមឃាតទេ ប៉ុន្តែដីសាធារណៈមិនអនុញ្ញាតទេ»។
ទោះជាយ៉ាងណា លោក អ៊ុក អ៊ី អះអាងថាតំណាងគណបក្សរបស់លោកបានអនុវត្តត្រឹមត្រូវតាមច្បាប់ ហើយការលើកស្លាកនោះ មិនប៉ះពាល់ដល់អ្វីនោះទេ ព្រោះទីតាំងសាធារណៈទាំងនោះក៏មានស្លាកបក្សប្រជាជនដែរ។ ផ្ទុយទៅវិញអាជ្ញាធរបែរជាហាមឃាត់បក្សកម្ពុជានិយមដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ណាមួយ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថា ជាការរំលោភបំពានច្បាប់ និងលម្អៀងផ្នែកនយោបាយដែលមិនអាចទទួលយកបានឡើយ។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ទៅអាជ្ញាធរពាក់ព័ន្ធឱ្យបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាពគណបក្សនយោបាយ ដោយគ្មានការរើសអើង និងប្រកាន់បក្ខពួក ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក ស ខេង ថែមទាំងបានណែនាំថាករណីគណបក្សនយោបាយស្នើលើកស្លាកសញ្ញានៅតាំងសាធារណៈ ឬទីប្រជុំជន ឬតាមដងផ្លូវ គណបក្សនយោបាយគ្រាន់តែជនដំណឹងជា លាយលក្ខណ៍អក្សរទៅអាជ្ញាធរ ឃុំ សង្កាត់ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ សាររបស់លោក ស ខេង នេះ មិនត្រូវបានមន្ត្រីក្រោមឱវាទគោរពតាមនោះទេ ហើយករណីរើសអើងសកម្មភាពគណបក្សនយោបាយនៅឯថ្នាក់មូលដ្ឋាន នៅតែបន្តកើតមានឡើងដដែល។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការដែលអាជ្ញាធរហាមឃាត់គណបក្សនយោបាយមិនឱ្យលើកស្លាកសញ្ញានៅទីតាំងសាធារណៈ ដោយមិនបានបង្ហាញហេតុផលច្បាស់លាស់ និងស្មើភាពគ្នា គឺជាការរើសអើងនិន្នាការនយោបាយ។ លោកថាការធ្វើបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញអាជ្ញាធរត្រូវបំពេញតួនាទីដោយអព្យាក្រឹត្យសម្រាប់គ្រប់គណបក្សនយោបាយ ដើម្បីជៀសវាងការចោទប្រកាន់នានា៖ «កាលណាសិទ្ធិសេរីភាពក្នុងកិច្ចការនយោបាយ ជាពិសេសការទទួលបានផលប្រយោជន៍ស្មើៗគ្នាតាមរយៈការលើស្លាកសញ្ញាអ៊ីចឹង ប្រសិនបើមិនបានផ្តល់ប្រយោជន៍ស្មើភាពគ្នា និងឈរលើគោលការណ៍សមភាពទេ គឺវាប៉ះពាល់ហើយដល់សិទ្ធិសេរីភាពក្នុងការចូលរួមជាផ្នែកមួយនេះដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ»។
ក្រៅពីអាជ្ញាធរតាមហាមឃាត់មិនឱ្យលើកស្លាកសញ្ញាគណបក្សកម្ពុជានិយមនៅរាជធានីភ្នំពេញ ថ្មីៗនេះអាជ្ញាធរតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រៃវែង និងសៀមរាបជាដើម ក៏បានរារាំង និងរិតត្បិតសកម្មភាពដូចគ្នានេះដែរ។ ទន្ទឹមនឹងនេះបេក្ខជន និងសកម្មជនមួយចំនួនទៀត ក៏ត្រូវអាជ្ញាធរមូលដ្ឋាន និងជនមិនស្គាល់មុខតាមគំរាមកំហែង បំភិតបំភ័យជាបន្តបន្ទាប់ដែរ ក្រោយពីបក្សដែលទើបបង្កើតថ្មីនេះ រៀបចំបញ្ជីបេក្ខជនបានចំនួន៣៩ ឃុំ សង្កាត់ ទូទាំងប្រទេសសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍បោះឆ្នោតវាយតម្លៃថាបើបរិយាកាសនយោបាយ នៅតែស្ថិតក្នុងភាពអាប់អួបែបនេះ នឹងមិនអាចធានាថា ការបោះឆ្នោតនៅពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។