លោក កឹម សុខា សម្រេច​ពឹង​មេធាវី​ជួយ​ការពារ​ក្ដី​របស់​លោក​នៅ​សាលាឧទ្ធរណ៍

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ពឹង​មេធាវី​ជួយ​ការពារ​ក្ដី​របស់​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក្នុង​សំណុំរឿង​ប្ដឹង​ទាស់​ការសម្រេច​របស់​សាលាដំបូង​រាជ​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​ដាក់​ឃុំ​ក្នុងផ្ទះ ២៧​ឆ្នាំ ក្នុង​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​បទ​ក្បត់ជាតិ​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច​និយាយ​មុន​ការ​សម្រេច​របស់​តុលាការ​រួច​ហើយ​ថា លោក កឹម សុខា ទំនង​មិន​ទទួល​លទ្ធផល​ល្អ​ពី​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ឡើយ។

មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍​មិន​ច្រើន​ដូច​កាលពី​ការពារ​ក្ដី​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​តុលាការ​ជាន់​ទាប​ទៀត​ទេ គឺ​មាន​ត្រឹម​មេធាវី​មួយ​រូប​ប៉ុណ្ណោះ​។​

អតីត​ប្រធាន​ខុទ្ទកាល័យ និង​ជា​មនុស្ស​ជំនិត​លោក កឹម សុខា គឺ​លោក មុត ចន្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេល​នេះ​លោក កឹម សុខា បាន​បំពេញ​បែបបទ​តាម​នីតិវិធី​ទៅ​តុលាការ​រួចហើយ ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទេ។ ចំណែក អតីត​មេធាវី​របស់​លោក កឹម សុខា ម្នាក់​ទៀត គឺ​លោក​មេធាវី ផែង ហេង ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក កឹម សុខា ពឹង​លោក​មេធាវី អាង ឧត្តម តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ការពារ​ក្ដី​នៅក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​នា​ពេល​ខាងមុខ​នេះ។

ដូចគ្នា​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក អាង ឧត្តម ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១៨ ខែ​មករា ថា លោក​បាន​ដាក់​ពាក្យ​ការពារ​ជូន​លោក កឹម សុខា ទៅ​តុលាការ និង​សុំ​ថត​ចម្លង​សំណុំរឿង​លោក កឹម សុខា ពី​តុលាការ​រួចហើយ​។ លោក​មិន​ទាន់​ហ៊ាន​គិត​ថា កូនក្ដី​របស់​លោក​​នឹង​ទទួល​បាន​យុត្តិធម៌​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា​នោះ​ទេ។

មេធាវី អាង ឧត្តម៖ «យើង​គ្រាន់តែ​ធ្វើ​កិច្ច​យើង​ឱ្យ​ត្រឹមត្រូវ​តាម​នីតិវិធី តាម​ភារកិច្ច កាតព្វកិច្ច​របស់​យើង​លទ្ធផល​បែប​ណា យើង​អត់​ទាន់​បាន​រំពឹង​យ៉ាងម៉េច​ទេ»។

សាលាឧទ្ធរណ៍​ភ្នំពេញ​ចេញ​ដីកា​កោះ បង្គាប់​ឱ្យ​លោក កឹម សុខា ចូល​សវនាការ​នៅ​ថ្ងៃទី​៣០ ខែ​មករា ក្រោយ​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជិត ១​ឆ្នាំ ទម្រាំ​សាលាឧទ្ធរណ៍​រៀបចំ​បើក​សវនាការ។ មេ​បក្ស​ប្រឆាំង​រូប​នេះ សម្រេច​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​កាល​ពី​មីនា ឆ្នាំ​២០២៣ ក្រោយពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧​ឆ្នាំ ព្រមទាំង​រារាំង​សិទ្ធិ​ធ្វើ​នយោបាយ និង​មិន​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ក្រៅពី​សាច់ញាតិ​ជិតស្និទ្ធ​របស់​លោក​ឡើយ

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា សំណុំ​រឿង​លោក កឹម សុខា ជា​បញ្ហា​ផ្លូវច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។ ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្សកាន់អំណាច និយាយ​ទុក​មុន​ការសម្រេច​របស់​តុលាការ​ថា លោក កឹម សុខា នឹង​ពុំ​ទទួលលទ្ធផល​ជា​វិជ្ជមាន​ឡើយ ព្រោះ​ក្រុម​របស់​លោក កឹម សុខា ដែល​លោក​ចោទ​ប្រកាន់​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ជ្រុលនិយម​កំពុង​ធ្វើ​សកម្មភាព​អុកឡុក​សង្គម​ជាតិ។

លោក សុខ ឥសាន៖ «អត់​រំពឹង​ទេ អត់​មានអី​រំពឹង​ជា​វិជ្ជមាន​ទេ ពី​ព្រោះ​គាត់(លោក កឹម សុខា)នៅ​ក្នុង​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុលនិយម គ្នា​គាត់​ហ្នឹង​ចេះ​តែ​បង្កើន​សកម្មភាព​កាន់តែ​អុកឡុក​សង្គម​ជាតិ ប៉ុន្តែ​ដោយសារ​រាជរដ្ឋាភិបាល​លោក​មាន​កម្លាំង​គ្រប់គ្រង​គ្រប់គ្រាន់​ទាំង​កម្លាំង​នយោបាយ​ទាំង​កម្លាំង​បច្ចេកទេស»។

ទោះ​យ៉ាងណា ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា ការសម្រេច​របស់​តុលាការ​ដែល​ឃុំខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ជា​រឿង​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ហើយ​សំណុំ​រឿង​នេះ គឺជា​ទី​ចាប់អារម្មណ៍​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មិន​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​សម្រេច​ក្ដី​ដូច​ទៅ​នឹង​ការ​សម្រេច​ក្ដី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ។

លោក រស់ សុដ្ឋា៖ «លុះត្រាតែ​មានការ​កែទម្រង់​បន្ទាត់​នយោបាយ ឬក៏​ស្មារតី​បង្រួបបង្រួម​ជាតិ​ណាមួយ​ទើប​ករណី​លោក កឹម សុខា ត្រូវ​បាន​ស្រាយ​ត្រូវ​បាន​សម្រួល»។

ស្រដៀង​គ្នា​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក អាង ឧត្តម លើកឡើង​ដែរ​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ លោក កឹម សុខា ពិបាក​ទទួល​បាន​យុត្តិធម៌​តុលាការ​ណាស់។ លោក កឹម សុខា ជា​អ្នកនយោបាយ​ជាន់ខ្ពស់​ទី​២ នៃ​ប្រទេស​តំបន់​អាស៊ាន ដែល​ត្រូវ​បាន​តុលាការ​ដាក់​ឃុំ​ក្នុងផ្ទះ​ក្នុង​រយៈ ២៧​ឆ្នាំ ដែល​ករណីនេះ គឺ​ទៅ​នឹង​ករណី​អ្នកនយោបាយ​ជាន់ខ្ពស់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ។ សហគមន៍​អន្តរជាតិ រិះគន់​ថា ចំណាត់ការ​របស់​តុលាការ​ជា​ការ​ដើរ​ខុសឆ្គង​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​អនុញ្ញាត ជូន​លោក កឹម សុខា និង​ទោស​មនសិការ​ផ្សេង​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។