លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សម្រេចពឹងមេធាវីជួយការពារក្ដីរបស់នៅសាលាឧទ្ធរណ៍ភ្នំពេញក្នុងសំណុំរឿងប្ដឹងទាស់ការសម្រេចរបស់សាលាដំបូងរាជភ្នំពេញដែលផ្ដន្ទាទោសដាក់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចនិយាយមុនការសម្រេចរបស់តុលាការរួចហើយថា លោក កឹម សុខា ទំនងមិនទទួលលទ្ធផលល្អពីតុលាការជាន់ខ្ពស់មួយនេះឡើយ។
មេធាវីការពារក្ដីរបស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍មិនច្រើនដូចកាលពីការពារក្ដីមេបក្សប្រឆាំងរូបនេះ នៅតុលាការជាន់ទាបទៀតទេ គឺមានត្រឹមមេធាវីមួយរូបប៉ុណ្ណោះ។
អតីតប្រធានខុទ្ទកាល័យ និងជាមនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា ពេលនេះលោក កឹម សុខា បានបំពេញបែបបទតាមនីតិវិធីទៅតុលាការរួចហើយ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ។ ចំណែក អតីតមេធាវីរបស់លោក កឹម សុខា ម្នាក់ទៀត គឺលោកមេធាវី ផែង ហេង ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោក កឹម សុខា ពឹងលោកមេធាវី អាង ឧត្តម តែម្នាក់ប៉ុណ្ណោះដើម្បីការពារក្ដីនៅក្នុងសវនាការនៅសាលាឧទ្ធរណ៍នាពេលខាងមុខនេះ។
ដូចគ្នានេះដែរ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក អាង ឧត្តម ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមករា ថា លោកបានដាក់ពាក្យការពារជូនលោក កឹម សុខា ទៅតុលាការ និងសុំថតចម្លងសំណុំរឿងលោក កឹម សុខា ពីតុលាការរួចហើយ។ លោកមិនទាន់ហ៊ានគិតថា កូនក្ដីរបស់លោកនឹងទទួលបានយុត្តិធម៌សាលាឧទ្ធរណ៍ឬយ៉ាងណានោះទេ។
មេធាវី អាង ឧត្តម៖ «យើងគ្រាន់តែធ្វើកិច្ចយើងឱ្យត្រឹមត្រូវតាមនីតិវិធី តាមភារកិច្ច កាតព្វកិច្ចរបស់យើងលទ្ធផលបែបណា យើងអត់ទាន់បានរំពឹងយ៉ាងម៉េចទេ»។
សាលាឧទ្ធរណ៍ភ្នំពេញចេញដីកាកោះ បង្គាប់ឱ្យលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី៣០ ខែមករា ក្រោយពីមេបក្សប្រឆាំងរូបនេះប្ដឹងទាស់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជិត ១ឆ្នាំ ទម្រាំសាលាឧទ្ធរណ៍រៀបចំបើកសវនាការ។ មេបក្សប្រឆាំងរូបនេះ សម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញកាលពីមីនា ឆ្នាំ២០២៣ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យលោកជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ព្រមទាំងរារាំងសិទ្ធិធ្វើនយោបាយ និងមិនអាចមានទំនាក់ទំនងជាមួយអ្នកណាក្រៅពីសាច់ញាតិជិតស្និទ្ធរបស់លោកឡើយ
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា សំណុំរឿងលោក កឹម សុខា ជាបញ្ហាផ្លូវច្បាប់ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច និយាយទុកមុនការសម្រេចរបស់តុលាការថា លោក កឹម សុខា នឹងពុំទទួលលទ្ធផលជាវិជ្ជមានឡើយ ព្រោះក្រុមរបស់លោក កឹម សុខា ដែលលោកចោទប្រកាន់ថា ជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមកំពុងធ្វើសកម្មភាពអុកឡុកសង្គមជាតិ។
លោក សុខ ឥសាន៖ «អត់រំពឹងទេ អត់មានអីរំពឹងជាវិជ្ជមានទេ ពីព្រោះគាត់(លោក កឹម សុខា)នៅក្នុងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម គ្នាគាត់ហ្នឹងចេះតែបង្កើនសកម្មភាពកាន់តែអុកឡុកសង្គមជាតិ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលលោកមានកម្លាំងគ្រប់គ្រងគ្រប់គ្រាន់ទាំងកម្លាំងនយោបាយទាំងកម្លាំងបច្ចេកទេស»។
ទោះយ៉ាងណា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា ការសម្រេចរបស់តុលាការដែលឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ជារឿងមិនធ្លាប់មាននៅកម្ពុជា ហើយសំណុំរឿងនេះ គឺជាទីចាប់អារម្មណ៍របស់សហគមន៍ជាតិ និងអន្តរជាតិ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ មិនរំពឹងថា សាលាឧទ្ធរណ៍នឹងសម្រេចក្ដីដូចទៅនឹងការសម្រេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញដែរ ប្រសិនបើគ្មានដំណោះស្រាយនយោបាយ។
លោក រស់ សុដ្ឋា៖ «លុះត្រាតែមានការកែទម្រង់បន្ទាត់នយោបាយ ឬក៏ស្មារតីបង្រួបបង្រួមជាតិណាមួយទើបករណីលោក កឹម សុខា ត្រូវបានស្រាយត្រូវបានសម្រួល»។
ស្រដៀងគ្នានេះដែរ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក អាង ឧត្តម លើកឡើងដែរថា ប្រសិនបើគ្មានដំណោះស្រាយនយោបាយទេ លោក កឹម សុខា ពិបាកទទួលបានយុត្តិធម៌តុលាការណាស់។ លោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់ទី២ នៃប្រទេសតំបន់អាស៊ាន ដែលត្រូវបានតុលាការដាក់ឃុំក្នុងផ្ទះក្នុងរយៈ ២៧ឆ្នាំ ដែលករណីនេះ គឺទៅនឹងករណីអ្នកនយោបាយជាន់ខ្ពស់ប្រទេសមីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ។ សហគមន៍អន្តរជាតិ រិះគន់ថា ចំណាត់ការរបស់តុលាការជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌ និងជំរុញទៅរដ្ឋាភិបាលគួរអនុញ្ញាត ជូនលោក កឹម សុខា និងទោសមនសិការផ្សេងឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
