ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងសវនាការថា រាល់សកម្មភាព និងសាររបស់លោកកន្លងមក គឺចង់ឃើញពលរដ្ឋចេះជ្រើសរើសមេដឹកនាំ ដែលប្រកាន់យកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលថា អង្គការសិទ្ធិមនុស្សនៅបន្តតាមដានករណីនេះ និងស្នើឱ្យតុលាការបើកឱ្យអ្នកសារព័ត៌មានចូលរួមសវនាការ។
សាលាឧទ្ធរណ៍នៅថ្ងៃទី២២ កុម្ភៈ បានបើកសវនាការជាលើកទី៣ លើបណ្ដឹងជំទាស់របស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ ២៧ឆ្នាំនិងដាក់ឃុំក្នុងផ្ទះបាត់បង់សិទ្ធិសេរីភាពរួមទាំងសិទ្ធិធ្វើនយោបាយ។
ក្រោយចេញពីបន្ទប់សវនាការ សហមេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី លើកឡើងថាសវនាការលើកនេះមានចោទសួរទៅកាន់លោក កឹម សុខា ពីមូលហេតុដែលលោកចាកចេញពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៅដឹកនាំគណបក្សសិទ្ធិមនុស្ស និងការសម្រេចចិត្តរបស់លោកក្នុងការរួបរួមជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។
អ្នកស្រី ម៉េង សុភារី ថា អង្គសវនាការ ក៏បានចោទសួរទៅកាន់លោក កឹម សុខា ជុំវិញសកម្មភាពកន្លងមករបស់លោក ដែលបានថ្លែងសារទៅកាន់ពលរដ្ឋក្នុងអំឡុងពេលលោកជាប្រធានអង្គការសិទ្ធិមនុស្ស និងជាមេដឹកនាំបក្សប្រឆាំង។ លោក កឹម សុខា បានឆ្លើយតបក្នុងអង្គសវនាការថា រាល់សកម្មភាព និងសាររបស់លោកកន្លងមក គឺចង់ឃើញពលរដ្ឋចេះជ្រើសរើសមេដឹកនាំល្អ និងគិតផលប្រយោជន៍ជាតិជាធំ។
អ្នកស្រី ម៉េង សុភារី៖«ថារាល់ពាក់ស្លោក ដែលគាត់បានលើកឡើងនាពេលកន្លងមកនោះ គឺក្នុងន័យអប់រំប្រជាពលរដ្ឋឱ្យយល់អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនមែនអប់រំនៅក្នុងន័យញុះញង់ ឬក្នុងន័យបះបោរអីទេ»។
អ្នកស្រី ម៉េង សុភារី បន្ថែមថា លោក កឹម សុខា ក៏បានបញ្ជាក់ជាថ្មីទៀតថា ចំពោះការប្រើប្រាស់ ពាក្យផ្លាស់ប្ដូរ គឺសំដៅឱ្យពលរដ្ឋចេះប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត និងមិនមែនសំដៅលើការផ្លាស់ប្ដូរដោយប្រើមធ្យោបាយហិង្សាណាមួយនោះទេ។
អ្នកស្រី ម៉េង សុភារី៖«ឃើញថា បាតុកម្ម ដែលមានកន្លងមក គឺក្នុងគោលដៅ និងគោលបំណងជុំវិញការបោះឆ្នោតតែប៉ុណ្ណោះ ហើយបន្ទាប់ពីស្វែងរកយុត្តិធម៌ក្នុងការបោះឆ្នោត យើងឃើញថា មានការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនរហូតដល់មានការបង្កើតឱ្យមានយន្តការ មានការទទួលស្គាល់ថា នេះគឺជាការកែប្រែ នេះគឺជាការតវ៉ា ដើម្បីសន្លឹកឆ្នោត»។
អ្នកស្រី ម៉េង សុភារី លើកឡើងថា ចំពោះការចោទសួរអំពីមូលហេតុ ដែលលោក កឹម សុខា រួមរួមជាមួយលោក សម រង្ស៊ី ដែលជាមនុស្សហិង្សា។ លោក កឹម សុខា បានប្រដូចករណីនេះដូចគ្នានឹងលោក ប៉ុល ពត ដែលក្រោយមក សមាជិករបស់លោកចាកចេញ ក្រោយពីដឹងថា លោក ប៉ុល ពត ជាមនុស្សហិង្សា។
ជុំវិញករណីនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ចាត់ទុកថា ការលើកឡើងរបស់លោក កឹម សុខា មានភាពទន់ខ្សោយ និងធ្លាក់ឧត្ដមភាពជាមេដឹកនាំនយោបាយប្រជាធិបតេយ្យកំពូលម្នាក់។ លោក គឹម សុខ ថា លោក កឹម សុខា មិនហ៊ានការពារភាពត្រឹមត្រូវរបស់ដៃគូសហការរបស់ខ្លួន បែរជាឆ្លើយក្នុងគោលដៅរួចខ្លួនទៅវិញ។ លោក កឹម សុខ ថា តុលាការនឹងមិនផ្ដល់សេរីភាពដល់ លោក កឹម សុខា ដោយគ្រាន់តែលើកឡើងបែបនេះទេ ហើយលោក កឹម សុខា នឹងទាំងចាញ់ផ្លូវនយោបាយទៀតផង។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថា មានក្ដីរំពឹងបែបណាក្នុងការពារក្ដីលើសំណុំរឿងមេបក្សប្រឆាំងរូបនេះ។ អ្នកស្រី ម៉េង សុភារី ថា អ្នកស្រី និងសហមេធាវី នឹងព្យាយាមបង្ហាញភាពស្អាតស្អំរបស់លោក កឹម សុខា បើទោះជាការសម្រេចរបស់ចៅក្រមបែបណាក៏ដោយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កំណត់ថ្ងៃទី៧ ខែមីនា ដើម្បីបន្តសវនាការជាលើកទី៤ ហើយលោកថា សំណុំរឿងនេះ អាចនឹងបិទបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បដិសេធឆ្លើយសំណួរជុំវិញករណីនេះ ដោយលោកថា កំពុងជាប់ប្រជុំ។
ដូចគ្នាសវនាការកន្លងមកដែរមន្ត្រីអង្គការសហប្រជាជាតិ (UN) មន្រ្តីស្ថានទូតសហភាពអឺរ៉ុបស្ថានទូតអាមេរិក ស្ថានទូតជប៉ុន និងអង្គការសិទ្ធិមនុស្សនានា ក៏បានចូលរួមតាមដានលើករណីនេះ។ ចំណែកនៅខាងក្រៅសាលាឧទ្ធរណ៍មានការដាក់ពង្រាយសមត្ថកិច្ច និងដាក់របាំង ដើម្បីរារាំងមិនឱ្យក្រុមមនុស្សមួយចំនួនឆ្លងកាត់។ សវនាការនេះ ក៏ហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចូលរួមស្ដាប់ដោយលើកហេតុផលថាមិនមានកន្លែងគ្រប់គ្រាន់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលបានចូលរួមសវនាការមានប្រសាសន៍ថា សវនាការទាំងមូលហាក់សួរសំនួរដាក់បន្ទុកទៅលើលោក កឹម សុខា។ ទោះជាយ៉ាងណា លោក អំ សំអាត ថាអង្គការសង្គមស៊ីវិលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើករណីនេះ។
ចំពោះការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចូលរួមសវនាការ លោក អំ សំអាត លើកឡើងថាបន្ទប់សវនាការនៅតែមានកន្លែងសម្រាប់អ្នកសារព័ត៌មាន ហើយតុលាការមិនគួរមិនមានការរឹតត្បិតនោះទេ។
លោក អំ សំអាត៖«ខ្ញុំគិតថាសវនាការគឺជាសវនាការសាធារណៈ អ៊ីចឹងប្រសិនបើមានកៅអីទំនេរគួរតែមានការអនុញ្ញាត ហើយជាពិសេសអ្នកសារព័ត៌មានគាត់មានតួនាទីសំខាន់ណាស់នៅក្នុងការពាំនាំ និងការបញ្ចេញព័ត៌មានអំពីសវនាការហ្នឹងឱ្យសាធារណជនបានដឹង~។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ មិនអនុញ្ញាតឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ ទោះជាយ៉ាងណាសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា សំណុំរឿងនេះ ជារឿងនយោបាយ និងទាមទារឱ្យលុបចោលការចោទប្រកាន់និងប្រគល់សេរីភាពពេញលេញជូនមេបក្សប្រឆាំងរូបនេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
