អ្នកវិភាគ និង​អ្នកឃ្លាំមើល​រំពឹង​ថា លោក កឹម សុខា នឹង​លើកយក​បញ្ហា​នយោបាយ​​កំពុង​ជាប់​គាំង​ពេល​ចូលរួម​បុណ្យ​បងប្រុស​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2022.05.07
អ្នកវិភាគ និង​អ្នកឃ្លាំមើល​រំពឹង​ថា លោក កឹម សុខា នឹង​លើកយក​បញ្ហា​នយោបាយ​​កំពុង​ជាប់​គាំង​ពេល​ចូលរួម​បុណ្យ​បងប្រុស​លោក ហ៊ុន សែន ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth

អ្នកវិភាគ និង​អ្នកឃ្លាំមើល​រំពឹង​ថា លោក កឹម សុខា នឹង​លើកយក​បញ្ហា​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ទៅ​និយាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ពិធី​បុណ្យសព បងប្រុស​លោក ហ៊ុន សែន។ ការ​លើកឡើង​បែបនេះ​របស់​អ្នកវិភាគ និង​អ្នកឃ្លាំមើល ក្រោយពេល​មេ​បក្ស​ប្រឆាំង លោក កឹម សុខា មាន​គម្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង ដែល​កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅ​ខេត្ត​ក្រុង​កំពង់ចាម។

អ្នកវិភាគ​និង អ្នកឃ្លាំមើល​រំពឹង​ថា ពេល​លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​លោក ហ៊ុន សែន លោក កឹម សុខា នឹង​មាន​ឱកាស​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​នោះ។ ពួកគេ​យល់​ថា ទោះ​តិច​ឬ​ច្រើន អ្នក​នយោបាយ​ជាន់ខ្ពស់​ទាំងពីរ​រូប នឹង​លើកឡើង​ពី​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ជិត​៥​ឆ្នាំ​មក​នេះ។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា ក្នុង​ពិធី​រំលែក​ទុក្ខ​បែប​​​នេះ លោក កឹម សុខា ទំនង​ពិបាក​និយាយ​រឿង​នយោបាយ​ជាមួយ​លោក ហ៊ុន សែន​។ ទោះ​យ៉ាងណា លោក​ថា ប្រសិន​លោក កឹម សុខា លើកឡើង​ពី​ការ​បញ្ចប់​ជម្លោះ​នយោបាយ ឬ​ការ​រក​ផ្លូវ​នយោបាយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ក៏​ជា​រឿង​ល្អ​មួយ​ដែល លោក កឹម សុខា គួរ​ព្យាយាម​លើកឡើង​ជាមួយ​លោក ហ៊ុន សែន៖ «ពិធី​បែប​ហ្នឹង ខ្ញុំ​គិត​ថា ទំនង​ពិបាក​និយាយ​រឿង​នយោបាយ ក៏ប៉ុន្តែ​បើសិនជា​អាច​ឆ្លៀត​និយាយ​ដល់​នយោបាយ​ជាតិ ក៏​ជា​រឿង​ល្អ​ប្រសើរ​ដែរ​បាន​ន័យ​ថា ជួបគ្នា ឆ្លៀត​និយាយ​គ្នា ដើម្បី​រំលឹក​ជម្លោះ​រវាង​គ្នា​ក្នុង​ផ្ទៃក្នុង​ជាតិ ចម្រើន​ដល់​ជាតិ​ក៏​ជា​ការ​គាប់​ប្រសើរ​សម្រាប់​ជាតិ​ដែរ»

ចំណែក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ណ័រវ៉េ (Norway) លោក ម៉ែន ណាត ក៏​ចង់​ឃើញ​លោក កឹម សុខា លើកឡើង​ពី​ការផ្សះផ្សា​នយោបាយ​ឡើងវិញ​ក្នុង​ពេល​នោះ​ដែរ​។ លោក​យល់​ថា លោក ហ៊ុន សែន អាច​នឹង​ស្រាយចំណង​វិបត្តិ​នយោបាយ​ខ្លះៗ ដើម្បី​ឲ្យ​លោក ហ៊ុន សែន យក​អ្វី​ដែល​បាន​ជជែក​លោក កឹម សុខា ទៅ​អួតអាង​ប្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក​ខាង​ពេល​ខាង​មុខ។

ទោះ​បែបនេះ​ក្ដី លោក​មិន​រំពឹង​ថា លោក ហ៊ុន សែន នឹង​យល់ព្រម​ដោះស្រាយ​ជម្លោះ​នយោបាយ​ទាំងស្រុង​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន ហ៊ាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក កឹម សុខា អាច​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​ប៉ះពាល់​ដល់​ផែនការ​ផ្ទេរអំណាច​ដល់​កូន​ប្រុស​លោក គឺ លោក ហ៊ុន ម៉ាណែត៖ «អត់​ទេ​មានអី​ផ្លាស់ប្ដូរ ទោះបីជា​លោក កឹម សុខា ទៅ​និយាយ ហើយ​លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ផ្អែមល្ហែម​ជាមួយ​លោក កឹម សុខា យ៉ាងណាក៏ដោយ ប៉ុន្តែ​នៅក្នុង​ទឹកចិត្ត​រាប់អាន​ប្រាកដ​ជា​និយាយ​ថា ជា​ការ​រាប់អាន ជា​ការ​រក​មធ្យោបាយ​សម្របសម្រួល​អី​អ៊ីចឹង​ទៅ គាត់​ចែ​តែ​និយាយ​ចោល​អ៊ីចឹង​ទៅ ប៉ុន្តែ ក្នុង​ចិត្ត​គាត់​គាត់​មាន​ធ្វើ​អ៊ីចឹង​ឯណា ពួក​ដឹកនាំ​កុម្មុយនីស្ត នយោបាយ​គំនិត​ទុច្ចរិត ខិលខូច​ពូកែ​សឹង​អី»

ការ​លើកឡើង​បែប​នេះ​របស់​អ្នកវិភាគ និង​អ្នកឃ្លាំមើល ក្រោយ​លោក កឹម សុខា មាន​គម្រោង គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង ដែល​កំពុង​តម្កល់​ធ្វើបុណ្យ នៅ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។

ជំនួយការ​លោក កឹម សុខា គឺ​លោក មុត ចន្ថា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ( វិទ្យុ​វីអូឌី និង​សារព័ត៌មាន​ថ្មីៗ​) ថា លោក កឹម សុខា គ្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង នៅ​ចុង​សប្ដាហ៍​នេះ​។ លោក​ថា ការ​ចូលរួម​ពិធីបុណ្យ​នេះ គឺជា​ការចូលរួម​នៃ​ការ​ចែករំលែក​ទុក្ខ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា។

លោក ហ៊ុន ណេង បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព ក្នុង​អាយុ ៧២​ឆ្នាំ កាលពី​ថ្ងៃទី​៥ ខែឧសភា ដោយ​ជំងឺ​គាំងបេះដូង​។ លោក ហ៊ុន ណេង ធ្លាប់​ជា​សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម និង​ខេត្តស្វាយរៀង។

សព​លោក ហ៊ុន ណេង នឹង​ត្រូវ​ក្រុម​គ្រួសារ យក​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរីរតនៈ ភ្នំ​ប្រុស ខេត្ត​កំពង់ចាម ថ្ងៃទី៩ ខែ​ឧសភា​ខាងមុខ។

លោក ហ៊ុន សែន និង​លោក កឹម សុខា បាន​ឆ្លើយឆ្លង​គ្នា​ក្នុង​សារ​រំលែក​ទុក្ខ​មរណភាព​លោក ហ៊ុន ណេង ម្ដង​រួច​ហើយ មុន​ពេល​មាន​គម្រោង​ទៅ​ចូលរួម​ផ្ទាល់​ក្នុង​ពិធីបុណ្យ​នេះ។

ទាក់ទង​រឿង​នេះ​ដែរ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​បញ្ជាក់​បន្ថែម​ពី​ជំនួយការ​លោក កឹម សុខា គឺ​លោក មុត ចន្ថា និង​ក្រុម​មេធាវី​លោក កឹម សុខា បានទេ​នៅ​ថ្ងៃទី​៧ ខែ​ឧសភា។

ចំណែក​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ថា ពិធី​បុណ្យសព​លោក ហ៊ុន ណេង គឺ​រដ្ឋសភា​បាន​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​រៀបចំ​បុណ្យ និង​រៀបចំ​ឲ្យ​មាន​មន្ត្រីរាជការ​ចូលរួម​ពិធីបុណ្យ​នេះ​ដែរ​។ លោក​បន្ត​ថា អ្នក​ដែល​ចង់​ទៅ គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង អាច​ទាក់ទង​ទៅ​សាច់ញាតិ​សព ឬ​គណៈកម្មការ​បុណ្យ​ដែល​រដ្ឋសភា​រៀបចំ​។ ចំពោះ​គម្រោង​លោក កឹម សុខា ដែល​គម្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង លោក ឡេង ប៉េងឡុង យល់​ថា គឺជា​រឿង​ធម្មតា​សម្រាប់​ពលរដ្ឋ​ខ្មែរ​តែងតែ​ធ្វើ​បែបនេះ​នៅ​ពេល​ក្រុម​គ្រួសារ​អ្នកណា​នរណា​ម្នាក់​បាត់បង់​សាច់​ញាតិ៖ «បាទ​ទាក់ទង​គណៈកម្មការ​មក​មុន​ក៏​បាន​ហើយ​អាច​ទាក់ទង​សម្ដេច​នាយក ហ៊ុន សែន ក៏បាន​ព្រោះ​លោក​ជា​អ្នក​រៀបចំ​បុណ្យ​ហ្នឹង​ដែរ​បាទ»

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២០ លោក ហ៊ុន សែន និង​លោក កឹម សុខា ធ្លាប់​បាន​ជជែក​គ្នា​រយៈពេល​ជិត​១​ម៉ោង នៅ​ពេល​លោក កឹម សុខា ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ថ្ងៃ​បុណ្យសព ម្តាយក្មេក លោក ហ៊ុន សែន។ ក្រោយ​មក​គេ​ឃើញ​លោក លោក កឹម សុខា បាន​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​បាន​ទូលំទូលាយ​ជាង​មុន​បន្តិច ដោយ​លោក កឹម សុខា អាច​ចុះ​មូលដ្ឋាន​ចែក​អំណោយ និង​ជួប​ពលរដ្ឋ ប៉ុន្តែ ជម្លោះ​នយោបាយ​នៅតែ​បន្ត​ជាប់​គាំង​ដដែល ដោយ​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​អាច​ធ្វើ​នយោបាយ និង​ចេញ​ក្រៅប្រទេស​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។