ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង (South Korea) ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមាននាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពីរថ្ងៃជាប់គ្នា ស្របពេលដែលមេដឹកនាំឯកបក្សរូបនេះ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលរៀបចំដោយអង្គការមួយនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ។ ពលរដ្ឋខ្មែរអះអាងថា ការធ្វើបាតុកម្មនេះ គឺចង់បង្ហាញទៅសហគមន៍អន្តរជាតិថា កម្ពុជាគ្មានសន្តិភាពពិតប្រាកដនោះទេ។
ក្រុមពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង នឹងធ្វើបាតុកម្មក្នុងទីក្រុងសេអ៊ូល (Seoul ) ពីរថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីទាមទារឱ្យលោក ហ៊ុន សែន គោរពរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងជំទាស់នឹងការប្រគល់ពានរង្វាន់សន្តិភាពដល់លោក ហ៊ុន សែន ផងដែរ។
អ្នកនាំពាក្យនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណនី ឱ្យអាស៊ីសេរីដឹងថា ដោយសារតែការរីករាលនៃជំងឺកូវីដ-១៩ បាតុកម្មនេះ អនុញ្ញាតឲ្យបាតុករចូលរួមប្រមាណ៥០នាក់ ប៉ុន្តែពលរដ្ឋ អាចធ្វើយុទ្ធនាការប្រឆាំងវត្តមានមេដឹកនាំផ្តាច់ការលោក ហ៊ុន សែន ពីកន្លែងរស់នៅរៀងៗខ្លួនដូចជាដុតភ្លើងទៀន និងលើកបដាផ្សេងៗជាដើម។ លោកបញ្ជាក់ថា ការធ្វើបាតុកម្មនេះ គឺនៅល្ងាចថ្ងៃសៅរ៍ ក្រុមបាតុករ នឹងដុតភ្លើងទៀនតវ៉ាជាង១ម៉ោង ហើយនៅថ្ងៃអាទិត្យ ក្រុមបាតុករ នឹងជួបជុំគ្នាតវ៉ាម្តងទៀត ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង២រសៀល៖ «យើងមានគោលបំណងពីរសំខាន់ៗ។ទី១ យើង ទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញនូវរដ្ឋធម្មនុញ្ញ ព្រោះថា កន្លងមកការអនុវត្តច្បាប់ បានបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងចំណុចអវិជ្ជមានជាច្រើនទៀតក្នុងការអនុវត្តច្បាប់។ ទី២ គោលបំណងនៃការធ្វើបាតុកម្មនេះ គឺយើងប្រឆាំងនឹងការផ្តល់ពានរង្វាន់សន្តិភាពដល់លោក ហ៊ុន សែន ព្រោះលោកមិនមែនជាអ្នកបង្កើតសន្តិភាពទេ ។នៅកម្ពុជា មិនមានសន្តិភាពពិតប្រាកដទេ ព្រោះខ្វះនូវយុត្តិធម៌និងសេរីភាពជាដើម»។
ជាមួយគ្នានេះ ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក ស សុខេម ថ្លែងថា វត្តមានលោក ហ៊ុន សែន នៅកូរ៉េខាងត្បូង និងការទទួលបានពានរង្វាន់នេះ មិនមែនជាការលើកកម្ពស់មុខមាត់ជាតិនោះទេ ពោលគឺ គ្រាន់តែជាការបិទបាំងអំពើរំលោភសិទ្ធិមនុស្សនិងនយោបាយខ្មៅកខ្វក់របស់ លោក ហ៊ុន សែន ដើម្បីបន្តអំណាចផ្ដាច់ការប៉ុណ្ណោះ។លោក បន្តថា គម្រោងធ្វើបាតុកម្មនេះ ដើម្បីលាតត្រដាងឲ្យសហគមន៍អន្តរជាតិ បានដឹងកាន់តែច្បាស់ថា ពលរដ្ឋខ្មែរភាគច្រើន មិនគាំទ្រលោក លោក ហ៊ុន សែន នោះទេ៖ «លោក ហ៊ុន សែន ដឹកនាំប្រៀបបាននឹងគ្រួសារមួយ ដែលឪពុកហិង្សាលើកូនហើយចេះតែយកចិត្តទុកដាក់អ្នកដទៃ ហើយបង្ហាញគេថា ល្អតែកូនខ្លួនឯងឈឺចិត្ត។ ដល់ពេលប្រាប់អ្នកដទៃគឺគេមិនជឿ ដូច្នេះឪពុកនេះគឺជាឪពុក ដែលមិនល្អទេ ដែលបង្កការឈឺចាប់ដល់កូនខ្លួនឯងហើយយកមុខយកមាត់ អ៊ីចឹងវារឹត តែបន្ថែមការឈឺចាប់តទៅទៀត។ លោក ហ៊ុន សែន គួរណាស់តែរៀបចំឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្សស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ»។
ការប្រកាសគម្រោងធ្វើបាតុកម្មនេះ គឺស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែកុម្ភៈ បានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ដែលរៀបចំដោយអង្គការមិនសូវល្បីមួយឈ្មោះថា សហព័ន្ធសន្តិភាពសកល(Universal Peace Federation)។ កិច្ចប្រជុំនេះ ក៏នឹងប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak peace prize award)ដល់លោក ហ៊ុន សែន ដែរ ដោយថាច្រើនឆ្នាំមកនេះ លោក ដឹកនាំប្រទេសបានល្អ និងបានរួមចំណែកកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គការសហព័ន្ធសន្តិភាពសកលនេះ តែងអញ្ជើញលោក ហ៊ុន សែន ចូលរួមប្រជុំ និងបង្កើតមេដាយមាស និងពានរង្វាន់ផ្សេងៗជូនលោក ហ៊ុន សែន ស្ទើររាល់ឆ្នាំ។ កាលពីឆ្នាំ២០២១ អង្គការនេះ បានជូនមេដាយមាសសន្តិភាព ហើយកាលពីឆ្នាំ២០១៩ បានប្រគល់ពានរង្វាន់ស្តីពី''ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ''ដល់លោក ហ៊ុន សែន។ អង្គការសហព័ន្ធសន្តិភាពសកល បានបង្កើតឡើងដោយប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងពីរនាក់ គឺលោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និងអ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)។ អង្គការដដែលនេះ តែងមានទំនាក់ទំនងជិតស្និត និងតែងបង្កើតពានរង្វាន់សម្រាប់ក្រុមមេដឹកនាំមួយចំនួនដែលក្រាញអំណាច ពុករលួយ និងរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សជាដើម។
សារព័ត៌មានអង់គ្លេស (www.mirror.co.uk) ធ្លាប់បានចុះផ្សាយថា លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) គឺជាមនុស្សរកស៊ីបោកប្រាស់ពលរដ្ឋក្រីក្រដោយគ្មានកេរ្តិ៍ខ្មាស ឬអ្នកខ្លះ ហៅថា ជាមនុស្សមិនគ្រប់ទឹក ព្រោះ ធ្លាប់ប្រកាសខ្លួនថា ជាព្រះមកចាប់ជាតិ រួចក៏ឆបោកយកលុយពីក្រុមមនុស្សដែលឆាប់មានជំនឿទាំងនោះ។ ការរកស៊ីបោកប្រាស់អ្នកដទៃច្រើនឆ្នាំមកនេះ បានធ្វើឲ្យអ្នកផ្តល់ពាន់រង្វាន់រូបនេះ ក្លាយជាមហាសេដ្ឋី។ ប៉ុន្តែកាលពីឆ្នាំ១៩៨០ អាជ្ញាធរសហរដ្ឋអាមេរិក បានចាប់ខ្លួនលោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) ដាក់ពន្ធនាគារ១ឆ្នាំកន្លះ (១៨ខែ)ដោយសារតែអំពើទុច្ចរិតរបស់គាត់។
ទោះជាយ៉ាងណាក្តី ក្រុមលោក ហ៊ុន សែន ហាក់មិនខ្វល់អំពីកេរ្តិ៍ឈ្មោះអាស្រូវរបស់ស្ថាបនិកអង្គការនេះទេ ប៉ុន្តែកំពុងមានមោទនភាពជាខ្លាំងចំពោះការទទួលបានពាន់រង្វាន់នេះ និងថែមទាំងបង្កើនការឃោសនាយ៉ាងទូលំទូលាយ ដើម្បីជួយលើកមុខមាត់លោក ហ៊ុន សែន។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា អង្គការដែលផ្តល់ពាន់រង្វាន់ជូនលោកនាយករដ្ឋមន្ត្រីនេះ ត្រូវបានគេមើលឃើញថា មិនសូវមានការទទួលស្គាល់ទូលំទូលាយពីសហគមន៍អន្តរជាតិនោះទេ។ ចំពោះការគម្រោងតវ៉ារបស់ពលរដ្ឋវិញ លោកយល់ថា វាគឺជាសិទ្ធិសេរីភាពនិងជាការសម្តែងឆន្ទៈរបស់ពួកគាត់ដែលរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ស្តាប់ និងឆ្លើយតបជាវិជ្ជមាន៖ «រដ្ឋាភិបាល គួរតែពិនិត្យមើលការទាមទារនេះឡើងវិញ ហើយបើគាត់ដោះស្រាយបញ្ហាទាំងអស់នេះបាន អ្វីដែលផលត្រឡប់មកវិញ គឺមុខមាត់រដ្ឋាភិបាលខ្លួនឯង។ មានន័យថា គាត់ទៅណាមកណាមិនមានបាតុកម្មបែបនេះទេ ប្រសិនបើស្ថានភាពទាំងអស់នោះ បានងាកមកភាពល្អប្រសើរ ហើយធ្វើឲ្យសិទ្ធិសេរីភាព សិទ្ធិនយោបាយ មានការបើកលំហរទូលំទូលាយមកវិញ ហើយមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធនោះ គឺជាអ្វីដែលជាតម្លៃរបស់អ្នកដឹកនាំហើយ»។
អ្នកឃ្លាំមើលបញ្ហាសង្គម តែងលើកឡើងថា បើទោះបីកម្ពុជាគ្មានសង្គ្រាមក៏ដោយ ក៏ប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ពោរពេញដោយអសន្តិសុខមនុស្សជាតិ មានអំពើហិង្សា ការរំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយ ការរំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករជាដើម ដូច្នេះបង្ហាញឲ្យឃើញថា ប្រទេសនេះ មិនទាន់មានសន្តិភាពពិតប្រាកដនោះទេ។ ស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង ដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា និងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈររហូតមកទល់ពេលនេះ ។ ទង្វើរបស់រដ្ឋាភិបាលលោកហ៊ុន សែន នេះ បានបណ្តាលឲ្យក្រុមអង្គការជាតិ-អន្តរជាតិព្រមទាំងប្រទេសប្រជាធិបតេយ្យ ថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
