ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលនៅក្រៅប្រទេសរួមគ្នារំលឹកខួប៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ពួកគេបង្ហាញសារសំខាន់ព្រមគ្នាគឺអំពាវនាវសុំអន្តរជាតិជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះទាំងអស់ជំរុញទៅរដ្ឋាភិបាលកម្ពុជានិងប្រទេសដែលពាក់ព័ន្ធគោរព និងអនុវត្តឲ្យបានត្រឹមត្រូវ។
ពលរដ្ឋខ្មែររស់នៅប្រទេសបារាំងរាប់រយនាក់កាលពីថ្ងៃសៅរ៍ ទី២១ តុលា បានរួមគ្នាលើកបដានិងដើរហែជាក្បួននៅតាមទីប្រជុំជនសំខាន់ៗក្នុងក្រុងប៉ារីស ដោយស្រែកជ័យឃោសទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យឡើងវិញ គោរពសិទ្ធិមនុស្សដោយលើកលែងការចោទប្រកាន់ហើយត្រូវដោះលែងសកម្មជននយោបាយសកម្មជនសង្គម និងមេដឹកនាំសហជីពកម្មករគោរពច្បាប់ រដ្ឋធម្មនុញ្ញ ព្រមទាំងធានាឲ្យមានលំហសេរីភាពបញ្ចេញមតិទូលំទូលាយស្របតាមខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកជួបជុំគ្នាតវ៉ាទាមទាមទារនេះក្រៅពីប្រជាពលរដ្ឋក៏មានវត្តមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចូលរួមដើរក្បួនថ្លែងសារ ជាមួយពលរដ្ឋនៅប្រទេសបារាំងនេះផងដែរ។
នៅឯប្រទេសកាណាដាឯណោះវិញ ពលរដ្ឋកាណាដា ដើមកំណើតខ្មែរបានរួមគ្នាធ្វើមហាបាតុកម្ម តវ៉ា ទាមទារស្រដៀងគ្នានេះដែរ។
ពលរដ្ឋខ្មែរកាណាដា និងសកម្មជនសិទ្ធិមនុស្សលោក ពុធ វណ្ណរិន្ទ ពលរដ្ឋខ្មែរជាច្រើនរយនាក់មកពីគ្រប់ទិសទីនៃប្រទេសកាណាដា បានមកជួបជុំគ្នានៅខាងមុខមន្ទីររដ្ឋសភានៃនៅទីក្រុងអូតាវ៉ា(OTTAWA) នៅថ្ងៃត្រង់ថ្ងៃសៅរ៍ទី២១ តុលា ដែរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបន្តថា ក្រុមបាតុករក៏ជំរុញទៅរដ្ឋាភិបាលកាណាដាដែលជាភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនោះ ឲ្យទទួលខុសត្រូវនិងជំរុញឲ្យរបបដឹកនាំដោយត្រកូលហ៊ុន ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក ពុធ វណ្ណរិន្ទ៖ «បាទយើងធ្វើបាតុកម្មមានគោលបំណងពីរ គឺទាមទារឲ្យរបប លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ឲ្យងាកមករកលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ និងទាមទារឲ្យរដ្ឋាភិបាលកាណាដា ដាក់សំពាធចទៅលើរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមច្បាប់ដែលមានស្រាប់ និងមធ្យោបាយដែលអាចធ្វើទៅបាន...»។
ចំណែកនៅសហរដ្ឋអាមេរិក អង្គការមិនមែនរដ្ឋាភិបាល និងសមាគមន៍ខ្មែរនៅឯនាយសមុទ្រចំនួន១៧ ក៏បានរៀបចំសន្និសីទ១ នៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ តុលា ដើម្បីរំលឹកដល់ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះដែរ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ មកពីនូវែលហ្សេឡង់ (New Zealand) កាណាដា (Canada) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
