ព្រះមហាក្សត្រខ្មែរ យាង​​ជា​ព្រះ​​​រាជា​ធិបតី​​ក្នុង​ព្រះពិធី​បូជា​ព្រះសព សម្ដេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ

ព្រះសព​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​ធ្វើ​ពិធី​ថ្វាយព្រះភ្លើង​នៅព្រឹក​ថ្ងៃទី៨ ខែធ្នូនេះ។ ព្រះសព​របស់​ទ្រង់​ ត្រូវបាន​ដង្ហែ​ចេញ​ពីព្រះដំណាក់ចាស់​មកកាន់​ព្រះមេរុ មុខវត្ត​បទុមវត្តី រាជធានីភ្នំពេញ ដើម្បី​ធ្វើ​ពិធីថ្វាយព្រះភ្លើងក្រោមព្រះរាជា​ធិបតី​ព្រះមហាក្សត្រ។

Norodom Ranariddh Cremation Ceremony on 08_12_2021_04.jpg
ព្រះមហាក្សត្រី មុនីនាថ សីហនុ និងព្រះមហាក្សត្រខ្មែរ យាងព្រះរាជាធិបតីព្រះពិធីថ្វាយព្រះភ្លើងបូជាព្រះសពសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ Royal du Cambodge)

ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី បាន​យាង​ជាអធិបតី​ក្នុងពិធីនេះ ដោយ​មាន​ការយាង​និងអញ្ជើញ​ចូលរួម​ពី​ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ រាជវង្សានុវង្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ប្រធានរដ្ឋសភាលោក ហេង សំរិន មេដឹកនាំបក្ស​ប្រឆាំងលោក កឹម សុខា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ទៀត​ចូលរួមដង្ហែព្រះសព។

Norodom Ranariddh Cremation Ceremony on 08_12_2021_02.jpg
ព្រះសពរបស់​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​ធ្វើ​ពិធី​ថ្វាយព្រះភ្លើង​នៅព្រឹក​ថ្ងៃទី៨ ខែធ្នូនេះ។ (រូប៖ ហ្វេសប៊ុក SPM)

ជាមួយគ្នានេះរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី៨ ខែធ្នូនេះ ជាថ្ងៃ​កាន់​ព្រះមរណទុក្ខ​ផ្លូវការ​ទូទាំង​ប្រទេស ដោយ​កំណត់​ឱ្យ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង នៅតាម​ស្ថាប័នរដ្ឋ និងឯកជន។ បន្ថែមលើនេះ គ្រប់​ស្ថានីយ៍វិទ្យុ និងទូរទស្សន៍​ជាតិ និងឯកជន ទាំងអស់​ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែល​មាន​លក្ខណៈសប្បាយ គគ្រឹកគគ្រេង​ផងដែរ។

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាង​ចូល​ព្រះទិវង្គត នៅថ្ងៃទី​២៨ ខែវិច្ឆិកា ក្នុងជន្មាយុ ៧៧ ព្រះវស្សា ដោយ​ព្រះរាគាពាធ។ នៅព្រឹក​ថ្ងៃទី៥ ខែធ្នូ ព្រះសពព្​រះអង្គ​ត្រូវ​បាន​យាង​ដង្ហែ​ពីប្រទេស​បារាំង​មក​កម្ពុជា​វិញ។

Norodom Ranariddh Cremation Ceremony on 08_12_2021_05.jpg
ព្រះមហាក្សត្រ​យាងព្រះរាជាធិបតីព្រះពិធីថ្វាយព្រះភ្លើងបូជាព្រះសពសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ Royal du Cambodge)

កាលនៅ​មានព្រះជនសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រឡូក​ក្នុង​ឆាក​នយោបាយ នៅឆ្នាំ១៩៨៩ ក្នុងតួនាទី​អគ្គលេខាធិការ​គណបក្សហ្វ៊ុនស៊ិនប៉ិច​មុននឹង​ឡើង​ជាប្រធានបក្ស​នៅឆ្នាំ១៩៩២។ ព្រះអង្គ​ធ្លាប់កាន់តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ទីមួយ​ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ មុននឹងត្រូវ​លោកនាយករដ្ឋមន្ត្រី​ធ្វើរដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ពី​តំណែង។ ព្រះអង្គធ្វើជា​ប្រធានរដ្ឋសភា​ចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និង​តំណែង​ចុងក្រោយធ្វើជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ខ្មែរហូត​ដល់​ថ្ងៃ​ទីវង្គត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។