ក្រុមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង បំផុសគំនិតធ្វើយុទ្ធនាការពាក់ម៉ាស់ខ្មៅ ដើម្បីប្រឆាំងនឹងរបបលោក ហ៊ុន សែន ដែលពួកគេហៅថា ជារបបខ្មៅងងឹត ផ្ដាច់ការ ដូចរបប ប៉ុល ពល។ មន្ត្រីរបបក្រុងភ្នំពេញថា យុទ្ធនាការនៅកូរ៉េខាងត្បូង គ្មានប្រសិទ្ធភាពឡើយ និងជំរុញពលករទាំងនោះ នាំគ្នាទៅពាក់ម៉ាស់ខ្មៅនៅក្រុងភ្នំពេញ។
ប្រធានផ្នែកព័ត៌មាន និងជាអ្នកនាំពាក្យចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល ប្រាប់ថា ពលករខ្មែរ នឹងនាំគ្នាធ្វើយុទ្ធនាការពាក់ម៉ាស់ខ្មៅ បង្ហោះតាមហ្វេសប៊ុក (facebook) ដើម្បីបង្ហាញថា ក្នុងរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន សព្វថ្ងៃ ពួកគេគ្មានសិទ្ធិសេរីភាពបញ្ចេញមតិឡើយ គឺតែងរងការធ្វើទុក្ខបុកម្នេញចាប់ចងតាមដាន លបវាយប្រហារ ដូចរបប ប៉ុល ពត ដែរ។
លោក មាស ពិសាល ជំរុញឱ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ពាក់ម៉ាស់ខ្មៅបែបនេះ ពេលធ្វើដំណើរ ឬជជែកគ្នា ដើម្បីបង្កប់អត្ថន័យមិនពេញចិត្តរបបក្រុងភ្នំពេញ។ លោកថា ការធ្វើបែបនេះ មិនអាចធ្វើឱ្យអាជ្ញាធររបបលោក ហ៊ុន សែន មានលេសចាប់ខ្លួន ឬធ្វើបាប សកម្មជនបក្សប្រឆាំង និងពលរដ្ឋតទៅទៀត៖ «ដើម្បីឱ្យប្រជាពលរដ្ឋ គាត់បញ្ចេញមតិនូវទស្សនៈរបស់គាត់ ដែលគាត់ចង់បញ្ចេញ តែគាត់មិនហ៊ានបញ្ចេញ។ អ៊ីចឹងយើងពាក់ម៉ាស់ទៅ បញ្ចេញ ( មតិ ) ទៅ ធ្វើឱ្យសមត្ថកិច្ច គេមើលមិនឃើញ ហើយបងប្អូនយើងមានភាពក្លាហានក្នុងការបញ្ចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយធ្វើឱ្យប្រជាពលរដ្ឋគាត់បញ្ចេញៗ កាន់តែច្រើនឡើង រហូតដល់យើងកំណត់រយៈពេល៤៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ( កញ្ញា ) ដល់ថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹង។ គឺយើងចង់ឱ្យយុទ្ធនាការនេះ គឺជាការបំផុសបំផុលឱ្យមហាជន ហ៊ាននិយាយការពិត និងឈានទៅដល់អមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រលប់ចូលទៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហារបស់ជាតិ»។
យុទ្ធនាការម៉ាស់ខ្មៅ (Black Mask) នឹងធ្វើរហូតដល់ថ្ងៃទី៩ វិច្ឆិកា គឺធ្វើដល់ថ្ងៃកំណត់វិលចូលស្រុករបស់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ គិតត្រឹមថ្ងៃទី១ តុលា នៅសល់៣៩ថ្ងៃទៀត ដល់ថ្ងៃកំណត់ លោក សម រង្ស៊ី សន្យាវិលចូលកម្ពុជាវិញ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បង្ហោះសារក្នុងហ្វេសប៊ុកថា យុទ្ធនាការពាក់ម៉ាស់ខ្មៅ ឬBlack Mask គឺចង់ដាស់ លោក ហ៊ុន សែន ឱ្យងើបពីភាពស្រវឹង។ លោកបញ្ជាក់ថា ជាង៤០ឆ្នាំមកហើយ ដែលពលរដ្ឋខ្មែរគ្រប់រូបមានពាក្យពិតក្នុងចិត្តចង់និយាយ តែស៊ូបៀមទុក មិនហ៊ាននិយាយ ដោយសារការភ័យខ្លាច។ ប៉ុន្តែថ្ងៃនេះ ក្នុងនាម ជាពលរដ្ឋខ្មែរម្ចាស់ប្រទេសម្នាក់ លោកចង់និយាយពាក្យពិតមួយមាត់ ឱ្យមហាជនដឹងថា លោក ហ៊ុន សែន កំពុងស្រវឹងនឹងអំណាច ដឹកនាំនាវាកម្ពុជាធ្លាក់ជ្រោះមរណៈ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា ពលករទាំងនោះ ធ្វើសកម្មភាពនយោបាយនៅប្រទេសកូរ៉េខាងត្បូង គឺដើម្បីបង្កើតហេតុផល សុំសិទ្ធិនយោបាយ។ លោក ហៅ ពលករខ្មែរទាំងនោះ ឱ្យវិលមក ធ្វើយុទ្ធនាការទាមទារ នៅក្នុងប្រទេសកម្ពុជាវិញ៖ «គាត់ចង់ធ្វើយុទ្ធនាការអ្វី ធ្វើទៅ តែយល់ល្អ ឱ្យគាត់មកស្រុកខ្មែរមក។ គាត់កុំអំពាវនាវឱ្យគេងាប់ជំនួសខ្លួនគាត់ ឱ្យគាត់មកស្រុកខ្មែរមក ពីព្រោះមូលដ្ឋាននៅស្រុកខ្មែរ មិនមែននៅស្រុកក្រៅទេ ហើយក្រុមទាំងអស់ហ្នឹង ទៅធ្វើការដើម្បី ជីវភាពគ្រួសារ មិនមែនទៅ ធ្វើនយោបាយនៅឯហ្នុងឯណា។ នៅក្នុងហ្នឹង គាត់ខំប្រឹងប្រែងធ្វើនយោបាយ ចំណុចទី១ គាត់ចង់បានសិទ្ធិជ្រកកោននយោបាយ។ អាហ្នឹង យើងដឹងពី បំណងរបស់គាត់ចង់ធ្វើ ហើយគាត់លើកឡើងពីប្រជាធិបតេយ្យ គាត់ស្គាល់ប្រជាធិបតេយ្យមានអ្វីខ្លះទេ ? យើងមើលកម្រិតវប្បធម៌គាត់ដល់ត្រឹមណា ? គាត់ថា គ្រាន់តែថា ដើម្បីសុំសិទ្ធិជ្រកកោន ថាគ្រាន់ដើម្បីថា គាត់អស្ចារ្យ ដូច្នេះគំនិតខ្ញុំ ថា គាត់មកធ្វើនៅស្រុកខ្មែរមក»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា យុទ្ធនាការទាមទារដោយសន្តិវិធី និងអហិង្សា ជាមធ្យោបាយល្អ។ តែកញ្ញាយល់ថា សម្រាប់ពលរដ្ឋរស់នៅប្រទេសកម្ពុជា អាចនឹងញញើតចំពោះការចូលរួមយុទ្ធនាការពាក់ម៉ាស់ខ្មៅនេះ ដោយសារអាជ្ញាធរ អាចប្រើហេតុផលមិនសមទំនង បង្ក្រាបបានគ្រប់ពេល ដូចករណីយុទ្ធនាការ ពាក់អាវខ្មៅរៀងរាល់ថ្ងៃច័ន្ទដែរ។
កញ្ញាបន្តថា បរិបទកម្ពុជាបច្ចុប្បន្ន យុទ្ធនាការអ្វីក៏ដោយ ក៏អាចរងការបង្ក្រាបក្រោមហេតុផលមិនទំនងកើតដែរ ព្រោះរដ្ឋាភិបាលកំពុងបារម្ភខ្លាំងហួសហេតុ ពីគម្រោង លោក សម រង្ស៊ី វិលត្រលប់ចូលប្រទេសកម្ពុជាវិញ នៅខែវិច្ឆិកា៖ «រឿងមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋបារម្ភថា បើសិនជារដ្ឋាភិបាលចោទពួកគាត់ថា មានចេតនានៅក្នុងការផ្ដួលរំលំរដ្ឋាភិបាល ឬក៏ក្បត់ជាតិអ្វីជាដើមហ្នឹង គឺវាមានលក្ខណៈងាយស្រួល ដោយសារប្រព័ន្ធយុត្តិធម៌របស់យើង ក៏មិនមានរឹងមាំច្បាស់លាស់ នៅក្នុងការឈរជាអាជ្ញាកណ្ដាលដើម្បីបកស្រាយ ឬក៏ផ្ដល់យុត្តិធម៌ឱ្យពលរដ្ឋទេ។ អ៊ីចឹង បើយើងមើលពីចំណុចនេះ វាអាចជាការប្រឈមសម្រាប់ពលរដ្ឋនៅក្នុងការចូលរួមយុទ្ធនាការមួយនេះ»។
នៅពេលនេះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស កំពុងធ្វើយុទ្ធនាការ២ គឺយុទ្ធនាការបង្ហោះម្រាមដៃ៩ និងយុទ្ធនាការពាក់ម៉ាស់ខ្មៅ ឬBlack Mask ដើម្បីជំរុញឱ្យមានការគាំទ្រសកម្មភាពវិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី។ លោក មាស ពិសាល បញ្ជាក់ថា ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នឹងពាក់ម៉ាស់ខ្មៅ ចូលទៅអមដំណើរលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។