មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមថា ច្បាប់ភូមិបាលវៀតណាមធ្វើឱ្យខ្មែរកម្ពុជាក្រោមបាត់សិទ្ធិកាន់កាប់បង់ដី។ ការបាត់បង់សិទ្ធិគ្រប់គ្រងដីនេះ ជាផ្នែកមួយនៃការបាត់បង់សិទ្ធិស្វ័យសម្រេច លើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង។
ក្រៅពីបាត់បង់សិទ្ធិលើកម្មសិទ្ធិដីធ្លី តើខ្មែរកម្ពុជាក្រោម បាត់បង់សិទ្ធិអ្វីបន្ថែមទៀត?
នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន្ទ ថ្លែងដូច្នេះ នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៧ ខែឧសភា។ លោកបន្ថែមថា មិនថាតែដីលំនៅឋាន ឬដីអ្វីផ្សេងទៀតនោះទេ គោលនយោបាយដីធ្លីនៅប្រទេសវៀតណាម ធ្វើឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបាត់បង់ដីទាំងនោះ ជាពិសេសដីស្រែ ព្រោះរដ្ឋាភិបាលវៀតណាមបង្កើតច្បាប់ថា ដីទាំងអស់ជាកម្មសិទ្ធិរបស់រដ្ឋ។ លោកបន្តថា រដ្ឋាភិបាលវៀតណាមយកមកធ្វើជាលេស ដើម្បីរឹបអូសយកដីធ្លី និងផ្ទះសម្បែងពីពលរដ្ឋខ្មែរកម្ពុជាក្រោម។ ពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅលើដីរបស់ខ្លួន ដោយគ្មានប្លង់កម្មសិទ្ធិដីធ្លីនោះទេ ព្រោះរដ្ឋថាដីនោះ រដ្ឋឱ្យនៅជាបណ្ដោះអាសន្នប៉ុណ្ណោះ៖ «ដីដែលយើងធ្វើស្រែសព្វថ្ងៃហ្នឹង គឺធ្វើច្បាប់ឱ្យយើងគ្រាន់តែជាបណ្ដោះអាសន្ន។ គេចង់យកពេលណាក៏បានដែរ។ ដូច្នេះគេចេញច្បាប់ យកដីរបស់យើង។ ពេលយើងតវ៉ា គេថាខុសច្បាប់។ ច្បាប់ចេញមក ដើម្បីឱ្យកុម្មុយនិស្តគេហ្នឹង មានអំណាចគ្រប់គ្រងទាំងអស់។ ដូច្នេះច្បាប់គេចេញដើម្បីគេ មិនមែនដើម្បីយើង។ ច្បាប់ហ្នឹងហើយ ដែលយកដីអស់ ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញនេះ មិនកើតឡើងចំពោះពលរដ្ឋវៀតណាមទូទៅទេ គឺកើតឡើងតែចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោមតែប៉ុណ្ណោះ។
គិតត្រឹមឆ្នាំ២០១៩ នេះ ទឹកដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមបាន ៧០ឆ្នាំគត។ ក្នុងរយៈពេល ៧០ឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានខិតខំប្រឹងប្រែងថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បីថែរក្សាអត្តសញ្ញាណខ្មែររបស់ខ្លួន ទោះជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមក្តី។ អ្វីដែលពលរដ្ឋខ្មែរកម្ពុជាក្រោមចង់បាននោះ គឺសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង។
ប៉ុន្តែការតស៊ូទាមទារសិទ្ធិស្វ័យសម្រេចរបស់ពួកគាត់ នៅជួបឧបសគ្គយ៉ាងច្រើន ដោយសារតែបញ្ហាផ្ទៃក្នុងប្រទេសវៀតណាម ជាច្រើនជំនាន់មកផង និងដោយសារតែពុតត្បុតរបស់វៀតណាម ដែលរឹតតែបន្ថែមបន្ទុក ដល់ការឈឺចាប់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលមានអាចទាមទារសិទ្ធិនេះឱ្យបានសម្រេចសោះ។ លោក ត្រឹង ម៉ាន់រិន្ទ ថា ជម្លោះផ្ទៃក្នុងវៀតណាមនេះ ធ្វើឱ្យពលរដ្ឋខ្មែរក្រោម ក្លាយជាជនរងគ្រោះម្ដងហើយម្ដងទៀត៖ «ជំនាន់ ង៉ូ ឌិញយៀម ក៏បញ្ហា។ ផុតពីហ្នឹង នៅជំនាន់ ធីវគី ក៏បញ្ហា វ៉ៃយួនកុម្មុយនិស្ត វ៉ៃអីហ្នឹង ក៏បញ្ហា។ ដូច្នេះបងប្អូនខ្មែរក្រោមយើង បើចង់ទារអ្វីក៏ទារមិនកើត ព្រោះគេកំពុងតែមានបញ្ហា។ ដល់ពេលកុម្មុយនិស្តចូលទៅទៀត រឹតតែបញ្ហា ដោយសារតែគេចោទយើងថាតាមពួកសេអ៊ីអា (CIA) ។ គេចោទថាយើងតាមអាមេរិក ហើយគេសង្កត់ថែមធ្ងន់ជាងអ្នកធម្មតាទៅទៀត។ ដូច្នេះយើងត្រូវផ្ទួនពីរដង (double)»។
បញ្ហាបន្ទាប់គឺសាសនា និងសង្គមកិច្ច។ លោក ត្រឹង ម៉ាន់រិន្ទ ថាសព្វថ្ងៃនេះ គណៈសាសនានៅកម្ពុជាក្រោម គ្មានលក្ខណៈឯកភាពមួយនោះទេ ព្រោះខេត្តមួយមានរបៀបគ្រង់គ្រងសាសនាមួយបែប និងស្ថិតក្រោមការគ្រប់គ្រងរបស់គណៈព្រះពុទ្ធសាសនាវៀតណាម និងរណសិរ្សមាតុភូមិវៀតណាម។ តាមទម្លាប់ ការជ្រើសរើសព្រះគ្រូចៅអធិការវត្តនីមួយៗ របស់ជនជាតិខ្មែរ គឺត្រូវប្រព្រឹត្តទៅតាមការពេញចិត្ត របស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ ប៉ុន្តែ សិទ្ធិស្វ័យសម្រេច រឿងទម្លាប់សាសនានេះ ក៏ត្រូវអាជ្ញាធរវៀតណាម បំបិទអស់ហើយ ព្រោះព្រះគ្រូចៅអធិការវត្តនីមួយៗ ខាងអាជ្ញាធរវៀតណាម ជាអ្នកចាត់តាំង ដោយមិនឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោម មានសិទ្ធិសម្រេចក្នុងរឿងនេះឡើយ។
មន្ត្រីផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដដែល លើកឡើងបន្ថែមថា បញ្ហាធំមួយដែលធ្វើឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបាត់បង់សិទ្ធិស្វ័យសម្រេច លើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង គឺការណ៍ដែលរដ្ឋាភិបាលវៀតណាមយកលេស មិនព្រមចាត់ទុកថាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនដើមភាគតិច។ រដ្ឋាភិបាលវៀតណាម ចាត់ទុកពួកគាត់ ថាជាជនជាតិភាគតិចទៅវិញ។
អង្គការសហប្រជាជាតិ ឱ្យនិយមន័យ ជនជាតិដើមភាគតិច ថាជាជនជាតិ ដែលកើតនៅលើទឹកដីកំណើតរបស់ខ្លួន មានភាសា វប្បធម៌ និង ជំនឿសាសនាពិសេសរបស់ខ្លួន ដែលខ្លួនបានខិតខំថែរក្សាជាច្រើនជំនាន់។ ចំណែកឯជនជាតិភាគតិចវិញ គឺសំដៅលើជនចំណូលថ្មី ដែលមកតាំងទីលំនៅ នៅទឹកដី ដែលមិនមែនជាដែន ដីដើមកំណើតរបស់ខ្លួន។
ទឹកដីខ្មែរកម្ពុជាក្រោម ធ្លាប់ជាផ្នែកមួយនៃទឹកដីកម្ពុជា មុនត្រូវបានបារាំងកាត់ទៅឱ្យវៀតណាមគ្រប់គ្រង កាលពីឆ្នាំ១៩៤៩។ ពេលដែលទឹកដីកម្ពុជាក្រោម ត្រូវបានកាត់ទៅវៀតណាមនោះ ពលរដ្ឋខ្មែរនៅកម្ពុជាក្រោមនោះ នៅបន្តរស់នៅ និងកើតកូនពូនជាចៅតជំនាន់មកទៀត។ តំបន់ភូមិសាស្ត្រខ្មែរ ត្រូវអាជ្ញាធរវៀតណាម កែទៅជាឈ្មោះវៀតណាម។ អាជ្ញាធរវៀតណាម បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម និងធ្វើទុក្ខបុកម្នេញព្រះសង្ឃ ក្នុងការរៀន និងបង្រៀនភាសាខ្មែរ និង ប្រតិបត្តិសាសនា។
លោក ត្រឹង ម៉ាន់រិន្ទ ថាអាជ្ញាធរវៀតណាម បន្តមានលេស មិនហៅពលរដ្ឋខ្មែរកម្ពុជាក្រោមថាជាជនជាតិដើមភាគតិច ដើម្បីគេចវេះពីការផ្តល់សិទ្ធិឱ្យខ្មែរក្រោម មានសិទ្ធិស្វ័យសម្រេចលើជោគវាសនាខ្លួនដោយខ្លួនឯង ព្រោះអង្គការសហប្រជាជាតិ ទទួលស្គាល់សិទ្ធិរបស់ជនជាតិដើមភាគតិច ហើយរដ្ឋាភិបាលវៀតណាម ជាប់កាតព្វកិច្ចគោរពសិទ្ធិជនជាតិដើមភាគតិច ព្រោះបានចុះហត្ថលេខាព្រមព្រៀងជាមួយអង្គការសហប្រជាជាតិរួចហើយ។
ទោះជាយ៉ាងនេះក្តី លោកអះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែមានសង្ឃឹម ថាថ្ងៃណាមួយ ពលរដ្ឋខ្មែរកម្ពុជាក្រោម នឹងអាចទាមទារឱ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិជាជនជាតិដើមភាគតិច ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិនេះ។
ក្នុងឱកាសនៃខួប ៧០ឆ្នាំ ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោម ឱ្យទៅវៀតណាមកាន់កាប់នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម សហការគ្នាជាមួយអង្គការតំណាងឱ្យប្រជាជាតិ និងប្រជាពលរដ្ឋដែលគ្មានតំណាង (ឬ UNPO) និងវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស នឹងរៀបចំសន្និសីទមួយ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី១ ខែមិថុនា។ សន្និសីទនេះ នឹងប្រព្រឹត្តទៅ នៅទីតាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តោតលើសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
