បញ្ហា​គ្រប់គ្រង​ព្រំដែន​លើ​ជួរ​ភ្នំ​ដងរែក​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ

បរិបទ​នយោបាយ​នៅ​ក្នុង​អតីតកាល បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ទិសដៅ​នៃ​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ជាដើម។ ចំណែក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ទឹកដី​របស់​ខ្មែរ​ស្ទើរ​ទាំង​ស្រុង​នៅ​តាម​ជួរ​ភ្នំ​ដងរែក ដែល​ជា​អតីត​បន្ទាយ​ឈរ​ជើង​របស់​ទាហាន​តស៊ូ​នៅ​តាម​ជាយដែន ត្រូវ​បាន​យោធា​ឈុត​ខ្មៅ​ថៃ ឈរ​ជើង​នៅ​ទី​នោះ។
ដោយ ម៉ម មុនីរតន៍
2013-02-22
Share
បង្គោល​លេខ​១៧ ព្រំដែន​ខ្មែរ​ថៃ ៣០៥ ២០-កុម្ភៈ-២០១៣៖ បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ង់ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ ត្រូវ​គេ​រំកិល​ចូល​ដី​ខ្មែរ​ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ចាស់ ក្នុង​សម័យ​អាណានិគម​និយម​បារាំង ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា។
RFA/Morm Moniroth

ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា បញ្ជាក់​ថា បូរណភាព​ទឹកដី​កម្ពុជា នឹង​មិន​បាត់​បង់​នោះ​ឡើយ ព្រោះ​ភាគី​ទាំង​ពីរ​ឯកភាព​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​ដែល​មាន​ស្រាប់​នៅ​ក្នុង​សម័យ​បារាំង ឆ្នាំ​១៩០៤។

អតីត​ទាហាន​តស៊ូ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ និយាយ​ថា ភាគី​ថៃ បាន​ចូល​គ្រប់គ្រង​ទឹកដី​ខ្មែរ​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​នៅ​តាម​ខ្សែ​បន្ទាត់​ជួរ​ភ្នំ​ដក​រែក និង​អតីត​បន្ទាយ​តស៊ូ​របស់​កងទ័ព​ខ្មែរ ក្រោយ​ពី​ការ​បញ្ចប់​ជម្លោះ​សង្គ្រាម​ស៊ីវិល​ផ្ទៃ​ក្នុង​ដ៏​រ៉ាំរ៉ៃ ក្រោម​កិច្ច​ផ្ដួចផ្ដើម​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក ញាណ សារុំ អតីត​កងទ័ព​ជាតិ ដែល​ធ្លាប់​តស៊ូ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​ទី២ នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២០ កុម្ភៈ ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ទឹកដី​របស់​ខ្លួន​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​មាន​ផ្នែក​ខ្លះ​រហូត​ដល់​ជាង​មួយ​គីឡូម៉ែត្រ​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​រវាង​ឆ្នាំ​១៩៩១ និង​ឆ្នាំ​១៩៩៨ ក្រោយ​ពី​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​ដក​យោធា​របស់​ខ្លួន​ចេញ​ពី​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-ថៃ មក​នោះ។

លោក ញាណ សារុំ៖ «ខ្ញុំ​សង្ស័យ​ថា វា​អត់​ឈប់​រឿង​ថៃ ខ្ញុំ​ថា​វា​អាច​ធ្វើ​បាន​ទៀត បើ​សិន​ជា​យើង​នៅ​តែ​ខ្សោយ។ ខ្សោយ​វា​អាច​បង្ខិត​បញ្ចូល​មក​ទៀត ពីព្រោះ​ថា​វា​អត់​ឈប់​ហ្មង វា​ទាមទារ​យក​ទាល់​តែ​បាន។ បើ​តាម​គម្រោង​ការ វា​ធ្វើ​ទាល់​តែ​បាន បើ​តាម​គម្រោង​ការ វា​ធ្វើ​ម៉េច​ឲ្យ​យើង​ចុះ​ពី​លើ​ភ្នំ​ឲ្យ​អស់ អា​នេះ​បើ​តាម​ខ្ញុំ​យល់​ដឹង​នោះ​ណាស់។ សឹង​ថា​មួយ​ថ្ងៃ វា​បង្ខិត​មួយ​ចំអាម​ផង​មួយ​ថ្ងៃ»

ស្ថិត​ក្នុង​វ័យ ៥១​ឆ្នាំ លោក ញាណ សារុំ មាន​ជំនឿ​ថា ភាគី​ថៃ នៅ​តែ​បន្ត​ការ​រំកិល​ព្រំដែន​របស់​ខ្លួន​បន្ថែម​ទៀត​ចូល​មក​ក្នុង​ទឹកដី​របស់​កម្ពុជា ប្រសិន​ណា​បើ​រដ្ឋាភិបាល​ពុំ​បាន​គ្រប់គ្រង​ដិតដល់​ទេ​នោះ។ លោក​គិត​ថា មហិច្ឆតា​ចង់​បាន​ទឹកដី​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក នេះ គឺ​មិន​បញ្ចប់​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​កម្ពុជា ត្រឹម​ការ​សន្យា ឬ​ចុះ​អនុសារណៈ​យោគយល់​រវាង​ទ្វេភាគី ដែល​មាន​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត ដើម្បី​រក​ច្រក​ចេញ​នោះ​ឡើយ។

នៅ​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ភ្នំ​ប៉ោយ មាន​បង្គោល​លេខ​១៧ ដែល​គេ​ផលិត​ឡើង​ពី​ស៊ីម៉ង់ និង​មាន​ចាក់​បេតុង​សើៗ​លើ​ដី​ផង​នោះ ត្រូវ​បាន​គេ​ដាក់​បន្តុប​ស្ទើរ​ក្បែរ​មាត់​ជ្រោះ​នៃ​ជួរ​ភ្នំ​ដងរែក ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដែល​មាន​ចម្ងាយ​ពី​ជំរំ​អតីត​កងទ័ព​បារ៉ា​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រពង្ស ឈរ​ជើង​ប្រហែល​ពី ៨០០ ទៅ ៩០០​ម៉ែត្រ។ ចំណែក​ទង់ជាតិ​ដែល​មាន​រូប​ប្រាង្គ​ប្រាសាទ​អង្គរវត្ត បាន​បក់​រវិចៗ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ កសាង​ឡើង នៅ​ក្នុង​សម័យ​តស៊ូ​នៅ​តាម​ជាយ​ដែន ហាក់​បាន​ក្លាយ​ជា​ភស្តុតាង​ដ៏​រឹងមាំ​មួយ បញ្ជាក់​ពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​ក្នុង​អតីតកាល បើ​ទោះ​ជា​បង្គោល​កំណត់​ព្រំដែន​លេខ​១៧ ត្រូវ​គេ​រំកិល​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ដង​ទង់ជាតិ​នោះ​ប្រហែល ៦០ ទៅ ៧០​ម៉ែត្រ​ក្ដី។

អតីត​យោធា​ខ្មែរ​មួយ​ចំនួន​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​សម័យ​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ និយាយ​ថា បង្គោល​លេខ​១៧ នេះ គឺ​ពុំ​មែន​ជា​ការ​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដោយ​អាណាព្យាបាល​សម័យ​បារាំង គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា នោះ​ទេ។ ពួក​គេ​គិត​ថា បង្គោល​នេះ គឺ​ជា​ការ​កែច្នៃ​ដោយ​ភាគី​ថៃ ដើម្បី​រំកិល​ព្រំដែន​ក្រោយ​ពី​កម្ពុជា បង្កើត​យន្តការ​នៃ​គោល​នយោបាយ​បង្រួបបង្រួម​ជាតិ​ឆ្នាំ​១៩៩១ និង​ការ​ធ្វើ​សមាហរណកម្ម​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​១៩៩៨ ប៉ុណ្ណោះ៖ «យើង​កាល​ណោះ យើង​គ្រប់គ្រង​បាន​ទាំង​ស្រុង ថៃ​អត់​ហាន។ ព្រំដែន​តាំង​ពី​បង្គោល​ឡាក់ គឺ​អត់​ហាន​ថៃ ព្រោះ​យើង​បាន​ទៅ​នៅ​ជាប់​ព្រំ អរ​ជា​មួយ​បន្ទាយ​ថៃ»

អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​អាណាចក្រ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​រវាង​កម្ពុជា និង​ថៃ នេះ បាន​កើត​មាន​ឡើង​តាំង​ពី​សតវត្ស​ទី១៣ ពោល គឺ​នៅ​អំឡុង​ឆ្នាំ​១២៨០។ ជម្លោះ​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា គិត​មក​ដល់​សតវត្ស​ទី២១ នេះ បាន​ន័យ​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​កម្ពុជា និង​ថៃ មាន​រយៈពេល​ជាង ១ពាន់​ឆ្នាំ​មក​ហើយ។

លោក សំបូរ មាណ្ណារ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ថា ជម្លោះ​នេះ​ជា​ទូទៅ​ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ព្រោះ​តែ​ការ​ជ្រៀតជ្រែក​របស់​ភាគី​ថៃ មក​លើ​អធិបតេយ្យ​របស់​កម្ពុជា៖ «បើ​យើង​និយាយ​ពី​ប្រវត្តិ គឺ​កើត​ឡើង​នៅ​ក្នុង​កំឡុង​នៃ​សតវត្ស​ទី១៣ ប្រមាណ​ជា​ឆ្នាំ​១២៨០ គឺ​ក្នុង​នៅ​កំឡុង​ពេល​ព្រះរាជា​មួយ​នៃ​សម័យ​អង្គរ ដែល​មាន​ព្រះបាទ លំពង់ រាជា។ នៅ​ពេល​នោះ គឺ​យើង​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​ក៏​មាន​ការ​ងើប​ឡើង​ប្រឆាំង​តវ៉ា​ជាមួយ​ម្ចាស់​ស្រុក ដោយ​ក្រុម​នៃ​មនុស្ស​នៅ​ក្នុង​តំបន់​សុខោទ័យ ហើយ​បង្កើត​ទៅ​ជា​អរិយភាព​ក្នុង​ការ​បង្កើត​រដ្ឋ​ថ្មី គឺ​រដ្ឋ​សុខោថៃ ដែល​ក្រុម​ទាំង​អស់​នោះ​បាន​ធ្វើ»

អតីត​កងទ័ព​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​លោក ញាណ សារុំ បញ្ជាក់​ថា ពុំ​មែន​តែ​នៅ​តាម​ជួរ​ភ្នំ​ដងរែក ទេ​ដែល​កម្ពុជា ត្រូវ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ដូច​ជា​អតីត​បន្ទាយ​កងពល​១៥ ឬ​ហៅ​ទំនប់​១៥ នៅ​ជាប់​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ក៏​ត្រូវ​យោធា​ថៃ ចូល​កាន់​កាប់​ទាំង​ស្រុង​អស់​ជា​ច្រើន​គីឡូម៉ែត្រ នៅ​បន្ទាប់​ពី​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​រំសាយ​កងទ័ព​ចេញ​ពី​ខ្សែ​បន្ទាប់​ព្រំដែន ក្រោយ​ឆ្នាំ​១៩៩៨។

លោក ញាណ សារុំ៖ «ហើយ​ដូច​ជា​នៅ​ភ្នំ​ប៉ោយ គេ​អាច​នឹង​ដូច​កងទ័ព​និយាយ​មិញ គឺ​កាល​ណោះ​យើង​បាន​ទៅ​នៅ​ជិត​បន្ទាយ​វា។ អើ​ដូច​បន្ទាយ​វា​ហ្នឹង ដែល​សៀម សព្វថ្ងៃ​មក​នៅ​បន្ទាយ​បារ៉ា ណេះ នៅ​លើ​បន្ទាយ​បារ៉ា។ អ៊ីចឹង កាល​បារ៉ា នៅ​សៀម អត់​ហាន​មក​នៅ​ទេ។ យើង​ដូច​អាង​១៥ អ៊ីចឹង​កាល​បារ៉ា នៅ​សៀម​អត់​ហាន​មក​នៅ​ទេ ដល់​ពេល​បារ៉ា ដក​ចេញ សៀម គេ​មក​នៅ​ទាំង​អស់»

បញ្ហា​នេះ ត្រូវ​បាន​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា បូរណភាព​ទឹក​ដី​កម្ពុជា នឹង​ពុំ​មាន​ការ​បាត់​បង់​នោះ​ឡើយ​ទៅ​លើ​ប្រទេស​ថៃ ព្រោះ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ទីក្រុង​បាងកក មាន​ព្រំដែន​រួច​មក​ហើយ​ក្រោយ​ឆ្នាំ​១៩០៤ ដែល​ជា​បង្គោល​ព្រំដែន​អន្តរជាតិ​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ចំនួន ៧៣​បង្គោល នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក វ៉ា គឹមហុង ៖ «គេ​បោះ ៧៣​បង្គោល តាំង​ពី​ហ្នឹង​ណឹង​អស់​តើ។ ឥឡូវ​នេះ​ធ្វើ​ទៅ​គណៈកម្មការ​រក​បង្គោល​ចាស់​ហ្នឹង ឲ្យ​វា​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ​ហើយ រក​ទីតាំង​ឲ្យ​វា​ពិត​ប្រាកដ​ទៅ​ណា។ បាទ​អត់​មាន​ទៅ​បោះ​អី​ទេ ហើយ​បើ​ថា​ឃើញ​ហើយ ល្អូក​គ្នា​ត្រូវ​ហើយ​យើង​រក​ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ​ស៊ីញេ​អី​ទៅ ប៉ុន្តែ​រហូត​ដល់​ឥឡូវ យើង​រក​ហើយ​តែ​រក​វា​មិន​ទាន់​បាន​គ្រប់​ទាំង​អស់ រក​បាន​មួយ​ចំនួន​ហើយ យើង​ត្រូវ​រ៉ូវ​គ្នា​ខ្លះ​មិន​ត្រូវ​រ៉ូវ​គ្នា»

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គ​ហិរញ្ញិក​មក​ពី​គណបក្ស សម រង្ស៊ី ចាត់​ទុក​ការ​បន្ត​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​មក​លើ​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ថា​នោះ​គឺ​ជា​ជំងឺ​ដែល​គេ​ងាយ​នឹង​ព្យាបាល។ ក៏ប៉ុន្តែ លោក​គិត​ថា​អ្វី​ដែល​កម្ពុជា នៅ​តែ​បន្ត​អូស​បន្លាយ​លើ​ផ្នែក​នេះ នោះ​ក៏​ព្រោះ​តែ​ភាព​ទន់​ជ្រាយ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា៖ «ក្រុម​ការងារ​ព្រំដែន​បារាំង សៀម ហ្នឹង បាន​បោះ​បង្គោល​៧៦ ហ្នឹង​រួច​ទៅ​ហើយ។ ដូច្នេះ វា​ច្បាស់​លាស់​ណាស់​ព្រំដែន គឺ​មិន​មាន​ភាព​ស្រពិចស្រពិល​ទេ គឺ​ព្រំដែន​ច្បាស់​លាស់​ដោយ​សារ​មាន​បង្គោល​បោះ​រួច​រវាង​គណៈកម្មការ​ទាំង​ពីរ។ ដូច្នេះ យើង​យល់​ថា រដ្ឋាភិបាល​អត់​បាន​ការពារ​ទាំង​ខាង​កើត​ទាំង​ខាង​លិច»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក វ៉ា គឹមហុង បញ្ជាក់​ថា ការ​កើត​មាន​ជម្លោះ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នោះ​គឺ​ជា​ការ​មិន​ទទួល​ស្គាល់​ដោយ​ភាគី​ថៃ ចំពោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពន្លឿន​ការ​រុករក​បង្គោល​បោះ​ក្នុង​សម័យ​បារាំង ដែល​មាន​ស្រាប់​ឲ្យ​ឃើញ ដើម្បី​ឈាន​ទៅ​បញ្ចប់​អរិយភាព ឬ​ជម្លោះ​នៅ​តាម​ព្រំដែន៖ «ឥឡូវ​ហ្នឹង ដែល​យើង​ធ្វើ​ជាមួយ​សៀម ដោយ​សៀម វា​មាន​រឿងរ៉ាវ​ជាមួយ​ហ្នឹង គឺ​ដោយ​សារ​វា​មិន​គោរព​សន្ធិសញ្ញា​ទាំង​អស់​ហ្នឹង។ វា​មិន​គោរព​ខ្សែ​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ទាំង​អស់​ហ្នឹង»

ក៏ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម គិត​ថា ការ​បញ្ចប់​ជម្លោះ​ជាមួយ​ប្រទេស​នៅ​តាម​ព្រំដែន គឺ​ពុំ​មែន​ជា​ការ​ងាយ​នោះ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​បន្ត​គិត​ពី​ប្រយោជន៍​បុគ្គល ជា​ជាង​ការ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ និង​ទាំង​នយោបាយ​ការ​បរទេស នយោបាយ​សេដ្ឋកិច្ច នៅ​មាន​កម្រិត ព្រម​ទាំង​មិន​ព្យាយាម​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ មាន​ន័យ​ថា កម្ពុជា នឹង​នៅ​តែ​ជា​សម្ពាធ និង​ជា​គោលដៅ​នៃ​ការ​ជ្រៀតជ្រែក​ជា​ដរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល