ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលពន្លត់ភ្លើងជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឭកទិវាឯករាជ្យជាតិលើកទី៦៥ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។
នៅក្នុងពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ ក៏មានការអញ្ជើញចូលរួមពីប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និង មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន រួមទាំងមន្ត្រីរាជការជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធនិងសិស្សនិស្សិតផងដែរ។
កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះកម្ពុជាបានរៀបចំ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕
