ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២ ខែតុលា នេះ បន្ទាប់ពីបានគង់ពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន អស់រយៈពេលជាង ១ខែ។
ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ រួមមាន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភាលោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគ្រាក់ៗមួយចំនួនទៀត ព្រមទាំងព្រះញាតិវង្សផង បានទៅទទួលព្រះរាជដំណើររបស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងពេលអវត្តមានព្រះមហាក្សត្រជាង ១ ខែមកនេះ លោក សាយ ឈុំ បានឡើងជាប្រមុខរដ្ឋស្តីទីជំនួសព្រះអង្គ។ អនុប្រធានគណបក្សកាន់អំណាចរូបនេះ បានចុះហត្ថលេខាតែងតាំងមន្ត្រី និងទីប្រឹក្សាក្រសួងព័ត៌មានចំនួនជាង២០ នាក់ និងបានបញ្ចប់គោរពងារឧកញ៉ារបស់មន្ត្រីយោធាចំនួន៧៥ រូបផងដែរ។
អំឡុងពេលអវត្តមានព្រះមហាក្សត្រនេះដែរ សង្គមស៊ីវិលចំនួន៤ មានដូចជា សហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាដើម បានថ្វាយលិខិតសុំយាងព្រះអង្គធ្វើជាអធិបតីជួយសម្របសម្រួលនយោបាយរវាងភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់ប្រទេសកម្ពុជាឡើងវិញ។ ក្រុមសង្គមស៊ីវិលទាំងនេះបារម្ភថា ស្ថានភាពនយោបាយអាប់អួ ព្រមទាំងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ធ្វើឱ្យកម្ពុជាប្រឈមមុខនឹងការកាត់ផ្ដាច់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក ដែលនឹងប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋខ្មែររាប់លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។