ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ សាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិកម្ពុជាលើគ្រប់វិស័យ។ អ្នកវិភាគយល់ថា នេះជាព្រះរាជសារ ជំរុញឲ្យអ្នកនយោបាយខ្មែរដឹងខ្លួនថា យើងកំពុងបែកបាក់ផ្ទៃក្នុង។ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ជឿជាក់ថា មាតុភូមិកម្ពុជា ដែលជាទឹកដីមានតម្លៃមិនអាចកាត់ថ្លៃបាន នឹងគ្មានសត្រូវណា អាចឈ្លានពានបានឡើយ ប្រសិនបើខ្មែររួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមកសាងជាតិមាតុភូមិទាំងអស់គ្នា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិ លើគ្រប់វិស័យ។ តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជាអាចទទួលបានអនាគតភ្លឺស្វាង ក្នុងក្ដីសង្ឃឹមខ្ពស់រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ ក្រោមទង់ដ៏ជោគជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមីព្រះបរមក្សត្រដែលជាបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញ នៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្ថិតនៅស្កឹមស្កៃស្ថិតនៅគ្រប់ទិសទី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មាតុភូមិ ដែលជាកេរ្តិ៍មរតកជាតិ ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់យើង ពិតជាពុំអាចមានសត្រូវណាមួយ រំលោភឈ្លានពាន លើបូរណភាពទឹកដីបានឡើយ»។
ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ធ្វើឡើងនៅព្រះទីនាំងច័ន្ទឆាយា នៃព្រះបរមរាជវាំង ក្នុងឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ ខួបទី៦៥ឆ្នាំ (១៩៥៣ ដល់ឆ្នាំ២០១៨) និងជាថ្ងៃខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ក្រោយពីបានប្រារព្ធពិធីនៅវិមានឯករាជ្យរួចរាល់។
នៅមុនព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដោយមានមេដឹកនាំកងកម្លាំង ២នាក់ ឈរអមសងខាង គឺ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្ដេជ្ញាមុខព្រះភ័ក្ត្រព្រះមហាក្សត្រថា របបឯកបក្សរបស់លោក នឹងការពារប្រទេសកម្ពុជា មិនឲ្យបរទេសប្រើប្រាស់ទឹកដីប្រទេសកម្ពុជា ធ្វើនយោបាយ ឬឈ្លានពានកម្ពុជាបានទេ៖ «ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី។ ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាត រាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬបង្កចលាចលក្នុងសង្គមកម្ពុជា»។
កម្ពុជាបានទទួលឯករាជ្យ ជារដ្ឋអធិបតេយ្យភាពបរិបូរណ៍ ពីសាធារណរដ្ឋបារាំង កាលពីឆ្នាំ១៩៥៣ ក្នុងរាជ្យព្រះបាទ នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមរយៈពេល៩០ ឆ្នាំគត់ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ស្ថាបនិកទាមទារឯករាជ្យជាតិ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ កាលនៅមានព្រះជន្ម ក៏ធ្លាប់មានព្រះរាជបន្ទូល ផ្ដាំផ្ញើឲ្យខ្មែរសាមគ្គីគ្នា ដោយព្រះអង្គឈ្វេងយល់ថា ខ្មែរសាមគ្គីគ្នា ប្រែថាខ្លាំង។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ ឃុំឃាំងនៅក្នុងផ្ទះ បានបង្ហោះសារលិខិត នៅមុនពិធីបុណ្យឯករាជ្យជាតិ ខួបទី៦៥ឆ្នាំ មួយថ្ងៃ គឺនៅថ្ងៃទី៨ វិច្ឆិកា ថា ការទាមទារ និងការថែរក្សា ការពារ ឯករាជ្យជាតិ ពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។ លោក កឹម សុខា ថា ជាការពិតណាស់ មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើខ្មែរបាក់បែកគ្នា។ លោក កឹម សុខា បួងសួងឲ្យស្មារតីឯករាជ្យជាតិ ពិតប្រាកដស្ថិតនៅជាប់ជានិច្ច ក្នុងបេះដូងខ្មែរគ្រប់រូប។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី សង្កេតឃើញថា ជារៀងរាល់ឆ្នាំ ព្រះមហាក្សត្រខ្មែរ តែងបានយកឱកាសបុណ្យឯករាជ្យជាតិអំពាវនាវ ឲ្យអ្នកនយោបាយខ្មែរ ដឹងខ្លួនថា ខ្មែរយើងកំពុងមានជម្លោះផ្ទៃក្នុង។ ប៉ុន្តែ សារនយោបាយនេះ មិនទាន់ឃើញមានឥទ្ធិពល ធ្វើឲ្យអ្នកនយោបាយខ្មែរអនុវត្តតាមទេ៖ «យ៉ាងហោច ក៏សារហ្នឹង អាចទៅជាសញ្ញាមួយ ប្រាប់ទៅអ្នកនយោបាយខ្មែរដឹងខ្លួនថា យើងកំពុងតែមានជម្លោះគ្នាឯងផ្ទៃក្នុង។ ប្រសិនបើ មិនមានការឈ្លោះទាស់ទែងគ្នា ក៏ព្រះអង្គមិនលើកពីរឿងសាមគ្គីភាពហ្នឹងមកទេណា។ ប៉ុន្តែ ម្យ៉ាងវិញទៀត ក៏ជាភាសាការទូតមួយ ដែលព្រះអង្គតែងតែមានព្រះរាជឱង្ការ ជាធម្មតាដូចមុនៗមក ក៏អាចថា បានដែរ។ តែសំខាន់ ថាតើអ្នកនយោបាយខ្មែរ ស្ដាប់លឺដែរឬអត់។ បើពីមុនៗមក យើងមិនឃើញមានប្រសិទ្ធភាពទេ ចាំមើលម្ដងនេះ ក្រែងលោអាចមានប្រសិទ្ធភាព។ កុំឲ្យទុទ្ទិដ្ឋិនិយមពេក ជួនកាលថា ច្រើនដងទៅ បានផលម្ដងអីដែរ»។
លោកបណ្ឌិត មាស នី នៅតែយល់ថា ឯករាជ្យរបស់ប្រទេសកម្ពុជាសព្វថ្ងៃ ស្ថិតក្នុងភាពឃ្លីងឃ្លោង និងហាក់ផ្អៀងទៅរកកុម្មុយនិស្តចិន។ បណ្ឌិត មាស នី ផ្ដល់ទស្សនៈថា មានតែការឯកភាពជាតិពិតប្រាកដ ការផ្សះផ្សាជាតិ ឈប់ឈ្លោះគ្នារវាងខ្មែរដូចគ្នា ទើបបញ្ជាក់ថា ឯករាជ្យភាពរបស់កម្ពុជា មិនស្ថិតក្នុងភាពឃ្លីងឃ្លោង ហើយបរទេសមិនអាចមើលអាចឈ្លានពានកម្ពុជាបាន៕
