ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានបញ្ជាក់នៅក្នុងព្រះរាជសារថា ព្រះអង្គសូមឯកឧត្ដម និងលោកជំទាវ សមាជិកគណបក្សសង្គ្រោះជាតិ មេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំសភាដំបូង ដើម្បីបង្ហាញនូវការរួបរួមជាតិនិងឯកភាពជាតិ។
នៅក្នុងព្រះរាជសារព្រះមហាក្សត្របានឲ្យដឹងថា ព្រះអង្គបានទទួលរួចហើយនូវលិខិតរបស់ឯកឧត្ដម និងលោកជំទាវទាំង ៥៥រូប ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៣ ដែលបានទូលថ្វាយព្រះអង្គអំពីបញ្ហាពាក់ព័ន្ធនឹងការបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥។
កាលពីថ្ងៃទី១៧ កញ្ញា លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ ថាបើសិនជាការទាមទាររបស់គណបក្សសង្គ្រោះជាតិ ទាក់ទងជាមួយការផ្ដល់យុត្តិធម៌ដល់អ្នកបោះឆ្នោតមិនបានជោគជ័យទេ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិមិនចូលរួមសម័យប្រជុំសភាដំបូងឡើយ។
ចាប់តាំងពីមានការតវ៉ារបស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររាប់ម៉ឺននាក់ចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតកន្លងមក គណបក្សសង្គ្រោះជាតិបានរៀបចំបាតុកម្មអហិង្សាតវ៉ាចំនួន ២លើកហើយនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងបាតុកម្មតវ៉ាលើកទី២ ថ្ងៃទី១៥ កញ្ញា អាជ្ញាធរបានបិទផ្លូវមួយចំនួននៅរាជធានីភ្នំពេញ ធ្វើឲ្យមានការប៉ះទង្គិចជាមួយអ្នកដំណើរនៅស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យមានការបង្ក្រាបធ្វើឲ្យស្លាប់មនុស្សម្នាក់ របួសមួយចំនួន និងចាប់ខ្លួនបញ្ជូនទៅតុលាការកាត់ទោស ៦នាក់។
ទាក់ទងនឹងការបើកកិច្ចប្រជុំសភានេះដែរ អ្នកវិភាគលើកឡើងថា កម្ពុជានឹងមានវិបត្តិធ្ងន់ធ្ងរនៅពេលខាងមុខ ប្រសិនគណបក្សប្រជាជនកម្ពុជា បើកកិច្ចប្រជុំសភានៅថ្ងៃទី២៣ កញ្ញា ដោយឯកបក្សមែននោះ ហើយកម្ពុជានឹងដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ និងរំលោភរដ្ឋធម្មនុញ្ញ។
អ្នកវិភាគពន្យល់ថា ដើម្បីឲ្យគ្រប់ភាគីទទួលយកបានទាំងអស់គ្នា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលស្របច្បាប់នោះ គឺព្រះមហាក្សត្រត្រូវពន្យារពេលបើកកិច្ចប្រជុំសភាលើកដំបូងសិន ទុកឱកាសឲ្យគណបក្សទាំងពីរដោះស្រាយបញ្ហានយោបាយឲ្យបានជាមុនសិន បើមិនដូច្នោះទេ កម្ពុជានឹងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ និងជាការជៀសវាងបង្កើតប្រវត្តិសាស្ត្រអាក្រក់មួយរបស់ខ្លួន។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយលោក កែម ឡី អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគឯករាជ្យអំពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
