ព្រះមហាក្សត្រ​រំលឹក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ឲ្យ​ជួយ​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

0:00 / 0:00

ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ ឲ្យ​ជួយ​បន្ត​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី បក្ស​ប្រឆាំង និង​អ្នកវិភាគ​នយោបាយ​យល់ថា សារ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ព្រះអង្គ​បាន​ជ្រាប​ច្បាស់​អំពី​វិបត្តិ​នយោបាយ​សព្វថ្ងៃ។

ព្រះ​រាជបន្ទូល​ដ៏​កម្រ​របស់​ព្រះមហាក្សត្រ​ព្រះបរមនាថ នរោត្តម សីហមុនី បែប​នេះ ខណៈ​ព្រឹទ្ធសភា​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ទី​៤ ក្រោយ​ពី​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​យក​អាសនៈ​របស់​គណបក្ស​នេះ ទៅ​ចែក​ជូន​គណបក្ស​ដទៃ ដែល​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន។

ក្រៅពី​មាន​ព្រះ​រាជបន្ទូល​ទាក់ទង​នឹង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ ព្រះអង្គ​ក៏​ទាមទារ​ឲ្យ ព្រឹទ្ធសភា​ត្រូវ​ការពារ​យុត្តិធម៌ គោរព​ច្បាប់ និង​សិទ្ធិមនុស្ស ដើម្បី​បង្កើត​ឡើង​នូវ​ភាព​សុខដុមរមនា​យូរ​អង្វែង ក្នុង​សង្គមជាតិ៖ «ព្រឹទ្ធសភា​នីតិកាល​ទី០៤ ត្រូវ​បន្ត​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ពូន​ជ្រំ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម​សង្គម​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន សំដៅ​ធានា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ផល​ប្រយោជន៍​ទូទៅ​ព្រមទាំង​គុណភាព​នៃ​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន »។

ព្រះ​រាជបន្ទូល​របស់​ព្រះមហាក្សត្រ​បែបនេះ ខណៈ​ព្រះអង្គ​យាង​ជា​អធិបតី​បើក​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ខណៈ​សហគមន៍​អន្តរជាតិ និង​បក្ស​ប្រឆាំង ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​ជា​ការរៀបចំ​របស់​របប​លោក ហ៊ុន សែន ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ដណ្ដើម​យក​កៅអី​របស់​គណបក្ស​ប្រឆាំង​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ប្រមាណ ៤៤%​នោះ។

ទាក់ទង​នឹង​ករណី​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី យល់ថា ព្រះ​រាជបន្ទូល​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ជា​ការ​ដាស់តឿន​ដល់​របប​លោក ហ៊ុន សែន ឲ្យ​វិល​មក​គោរព​ប្រជាធិបតេយ្យ ។ លោក​បណ្ឌិត​បន្ត​ទៀត​ថា នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ទ្រង់​ដឹង​ពី​វិបត្តិ​នយោបាយ​ដែល​កំពុង​អូស​បន្លាយ​ជាង​ពីរ​ឆ្នាំ​មកនេះ៖ «រឿងរ៉ាវ​ទាំងឡាយ​ដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ​មិនមែន​ព្រះអង្គ​មិន​ដឹង​ទេ​បាទ ក៏​ប៉ុន្តែ​គ្រាន់តែ​ទំនង​ដូចជា​ព្រះអង្គ​គ្រាន់តែ​មិន​មាន​លទ្ធភាព ឬ​ក៏​មិន​មាន​ឱកាស​ណាមួយ​ថ្វាយ ​ព្រះអង្គ​ក្នុង​ការ​ចូល​ រួម​ដោះស្រាយ​បញ្ហា​ហ្នឹង»

បើ​ទោះ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​គណបក្ស​កាន់អំណាច​របស់លោក ហ៊ុន សែន បាន​ដណ្ដើមយក​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រំលាយ​គណបក្ស​សង្គ្រោះជាតិ សហគមន៍​អន្តរជាតិ ថ្កោលទោស​របស់​លោក ហ៊ុន សែន និង​ព្រមាន​ដាក់ទណ្ឌកម្ម សេដ្ឋកិច្ច បើ​មិន​ព្រម​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ។ ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្ស​ប្រឆាំង​បន្ត​កើត​ឡើង​ធ្ងន់ធ្ងរ។ ក្រសួងការបរទេស​អាមេរិក​កត់សំគាល់​ថា ការ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់ងារ​របប​ផ្ដាច់ការ​លោក ហ៊ុន សែន ដែល​គណបក្ស​កាន់អំណាច​ឋិត​នៅ​ពី​ក្រោយខ្នង។

អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មាន​ដូចជា ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ កងកម្លាំង​និង​អាជ្ញាធរ​របប​ភ្នំពេញ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​របស់​ព្រះសង្ឃ ការ​រំលោភបំពាន​សិទ្ធិ​ជន​ជាប់ឃុំ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​រដ្ឋ ការ​ចាប់​ឃុំខ្លួន​មនុស្ស​ដោយ​មិន​ស្របច្បាប់​គ្មាន​ដីកា​តុលាការ ជាក់ស្ដែង ករណី​លោក កឹម សុខា។

របាយការណ៍​បន្ថែម​ទៀត​ថា ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ ការ​ប្រមូលផ្តុំ សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅតែ​បន្ត​កើតឡើង។ អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅតែ​ប្រើការ​សម្លុត​បំភ័យ ប្រើប្រាស់​ហិង្សា ចាប់​អ្នកប្រឆាំង សង្គម​ស៊ីវិល ដាក់​ពន្ធនាគារ។ ក្រៅ​ពី​នេះ បញ្ហា​អំពើពុករលួយ អំពើ​ហិង្សា​លើ​ស្ត្រី និង​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ការ​រំលោភបំពាន​លើ​កុមារ និង​ពលកម្ម​ដោយ​បង្ខំ​បន្ត​ចាក់ឫស​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស យល់​ថា ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ព្រះអង្គ​ដឹង​ថា ព្រឹទ្ធ​សភា សព្វថ្ងៃ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ប៉ុន្តែ លោក​យល់ថា របប​លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​លើ​ព្រះរាជ​តម្រិះ​របស់​អង្គ​ព្រះមហាក្សត្រ​ឡើយ៖ «ពួកគេ​អ្នក​កាន់​អំណាច​ផ្ដាច់ការ​គេ​មិន​ខ្ចី​ស្ដាប់​ទេ ពួកគេ​គ្រាន់​តែ​យក​អង្គ ​ព្រះ​ មហាក្សត្រ​ដើម្បី​ទប់​អំណាច​ពួកគេ​តែ​ប៉ុណ្ណឹង»

ព្រឹទ្ធសភា​ឯកបក្ស​នីតិកាល​ទី​៤ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ មាន​សមាជិក​ចំនួន​៦២​រូប ដែល​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ស្រុក ខណ្ឌ រាជធានី ខែត្រ ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធិ​សភា​អាណត្តិ​ទី​៤​នេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​គួរ​ប្រកួតប្រជែង​នោះ គឺ​ទទួល​បាន​សំឡេង​ទាំងអស់​ចំនួន​៥៨​អាសនៈ ហើយ​អាសនៈ​៤​ទៀត គឺ​២​អាសនៈ​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​ពីរ​អាសនៈ​ទៀត​ជ្រើសរើស​ដោយ​រដ្ឋសភា គឺ​បាន​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​របប​លោក ហ៊ុន សែន ផ្ដល់​ជូន។

ព្រះមហាក្សត្រ ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ មិន​កាន់អំណាច​ទេ ព្រះ​អង្គជា​និមិត្ត​បង្រួបបង្រួម​ជាតិ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ទោះ​យ៉ាង​នេះ​ក្តី ចាប់តាំង​ពី​មាន​កម្ពុជា មាន​វិបត្តិ​នយោបាយ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ព្រះអង្គ​មិនទាន់​ចេញ​ព្រះភ័ក្ត្រ​សម្របសម្រួល​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​នៅឡើយ​ទេ ទោះបីជា​មានការ​ស្នើសុំ​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​ក្ដី។ យូរៗ​ម្តង​ព្រះអង្គ​ចេញ​ព្រះរាជសារ ឬ​បន្ទូល ដាស់តឿន អ្នកនយោបាយ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ​កុំ​ចាញ់​សម្លុត​អ្នកនយោបាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។