ព្រះ​មហាក្សត្រ​បាន​យាង​ទៅ​ប្រទេស​បារាំង​នៅ​ព្រឹកនេះ ដើម្បី​ចូលរួម​ការប្រារព្ធ​ខួប​៧៥​ឆ្នាំនៃ​​អង្គការ​​យូណេស្កូ​ (UNESCO)

ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានយាង​តាមព្រះរាជទីនាំង​យន្តហោះ​ពិសេស​ចេញពីកម្ពុជា​ទៅកាន់​ទីក្រុងប៉ារីស​ ប្រទេសបារាំង​ហើយ នៅព្រឹក​ថ្ងៃទី១០ ខែវិចិ្ឆកានេះ ដើម្បីចូលរួម​ក្នុង​មហាសន្និបាត​លើកទី៤១ និងខួបទី៧៥ របស់​អង្គការ​យូណេស្កូ ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។ ព្រះរាជដំណើរនេះ គឺ​តប​ទៅ​តាម​ការ​អញ្ជើញ​របស់​អគ្គនាយិកា​នៃ​អង្គការ​​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (យូណេស្កូ)របស់​អ្នកស្រី​ អូដ្រេ អាហ្សូឡេ (Audrey Azoulay)។

ក្រុម​មេដឹកនាំ​កំពូលៗនៃ​របបក្រុង​ភ្នំពេញ រួ​មមាន ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត បាន​ទៅ​ជូន​ព្រះរាជដំណើរ​របស់ព្រះអង្គនៅ​វាល​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ។

ព្រះអង្គនឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត​នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ដោយ​ផ្ដោត​លើ​សមិទ្ធផល​សំខាន់ៗពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបីមនុស្សជាតិ​របស់អង្គការ​យូណេស្កូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ចំពោះ​មុខវត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​ពិភពលោក​ដែល​មក​ចូលរួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។