មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុងហាណូយ (Hanoi) និងទីក្រុងដាណាង (Danang) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ធ្នូ ខាងមុខ។
ព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១៨ ធ្នូ ឱ្យដឹងថា ព្រះរាជទស្សនកិច្ចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលវៀតណាម ក៏ប៉ុន្តែមិនបានបញ្ជាក់ទេថា ព្រះរាជទស្សនកិច្ចនេះធ្វើឡើងក្នុងបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឬមួយក៏យ៉ាងណានោះឡើយ។ ប្រធានព្រឹទ្ធសភារបបក្រុងភ្នំពេញ លោក សាយ ឈុំ នឹងត្រូវធ្វើជាប្រមុខរដ្ឋស្តីទីរបស់កម្ពុជា នៅពេលអវត្តមានព្រះមហាក្សត្រ។
កម្ពុជា និងវៀតណាមបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នា កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ ១៩៦៧ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៥១ឆ្នាំហើយ។
កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ក៏ទើបតែបានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សារសំខាន់បំផុតដែលលោក ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមមេដឹកនាំវៀតណាមនោះ គឺរបបរបស់លោកនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពជើងទឹករបស់ចិននៅលើទឹកដីកម្ពុជាឡើយ៕
