សមាគមខ្មែរកម្ពុជាក្រោមគ្រោងធ្វើបាតុកម្មនៅខែមករា
2013.12.24

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ខកចិត្តចំពោះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់តិចតួចក្នុងការដោះស្រាយបញ្ហាខ្មែរក្រោម។ អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ បានចូលជួបរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធិ ដើម្បីធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅឯដែនដីកម្ពុជាក្រោម។
នៅក្នុងរបាយការណ៍ដាក់ជូនក្រសួងការបរទេស អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ព្រមទាំងដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀត ដែលពលរដ្ឋខ្មែរក្រោមកំពុងជួបប្រទះ។ ក្នុងជំនួបនោះ លោក អ៊ុច បូរិទ្ធិ បានសន្យាថា នឹងយកសំណើរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ទៅសិក្សាលម្អិត ហើយពិចារណាអន្តរាគមន៍ទៅតាមផ្លូវច្បាប់។
ដោយពុំទទួលបានការឆ្លើយតបណាមួយពីក្រសួងការបរទេស នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ បានដាក់លិខិតឲ្យក្រសួងការបរទេសជាថ្មីម្តងទៀត ដើម្បីឲ្យក្រសួងផ្ដល់ព័ត៌មានអំពីលទ្ធផលក្រោយជំនួបនោះ។
ប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាលនិងហិរញ្ញវត្ថុនៃលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន បានឲ្យដឹងនៅថ្ងៃទី២៤ ធ្នូ ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម ចង់ឲ្យក្រសួងការបរទេសជួយបំភ្លឺ និងផ្តល់ព័ត៌មានអំពីលទ្ធផលឲ្យពួកគេបានដឹង។ លោកថា បើទោះជាក្រសួងការបរទេសកម្ពុជា អាចឬមិនអាចធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមក្តី ក្រសួងគួរអនុញ្ញាតឲ្យខ្មែរក្រោមបានដឹង ដើម្បីឲ្យពួកគេចាត់វិធានការបន្តទៀត។ តាមលោក ជុំជួន ជម្រើសបន្ទាប់មកទៀតសម្រាប់ខ្មែរក្រោម គឺការប្រមូលផ្តុំធ្វើបាតុកម្ម។
លោក សឺន ជុំជួន៖ «ប្រសិនណាយើងមិនបានទទួលលទ្ធផលទាំងអស់ទេ ឬក៏លទ្ធផលណាមួយដែលមិនមានផលវិជ្ជមានសោះ គឺក្បួនបាតុកម្មរបស់យើងគឺនឹងកើតឡើងមែនទែន ហើយខ្ញុំគិតថា ខាងក្រសួងការបរទេសហ្នឹង បើសិនណាគាត់ឆ្លើយតបលទ្ធផលប្រហែលជាអវិជ្ជមានច្រើន អ៊ីចឹងយើងត្រូវត្រៀមពីហ្នឹងទៅឲ្យហើយ។ ទីមួយយើងអាចនឹងធ្វើជាកូដកម្ម ទីពីរ អាចនឹងជាក្បួនបាតុកម្ម ហើយក្បួនបាតុកម្មនោះយើងអាចដង្ហែពីក្រសួងការបរទេសកម្ពុជា ទៅកាន់ស្ថានទូតវៀតណាម ឬក៏យើងអាចនឹងធ្វើកូដកម្មនៅមុខស្ថានទូតវៀតណាមតែម្ដង»។
អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែតុលា ឆ្នាំ២០១៣ បានស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីប្រមូលផ្ដុំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា។ តែសាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតតាមការស្នើសុំនោះទេ ដោយលើកហេតុផលថា ស្ថានទូតបរទេសមានលក្ខណៈអភ័យឯកសិទ្ធិពិសេស ដែលប្រទេសម្ចាស់ផ្ទះមិនអាចអនុញ្ញាតអោយមានការធ្វើបាតុកម្មប្រឆាំងប្រទេសជាមិត្តមានទំនាក់ទំនងការទូតជាមួយគ្នាបានឡើយ។ ក្រោយមក អង្គការសមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យវិញម្តង។ តែសាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតនោះទេ ដោយផ្ដល់ហេតុផលថា សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន ធ្វើការប្រមូលផ្តុំ ដូច្នេះសាលារាជធានីភ្នំពេញ ក៏មិនអាចអនុញ្ញាតឲ្យខ្មែរក្រោមប្រមូលផ្តុំដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕