គណបក្ស​ភ្លើងទៀន​គោរព​ការ​សម្រេច​របស់​លោក គង់ គាំ ដែល​លា​ឈប់​ពី​គណបក្ស​នេះ

0:00 / 0:00

អ្នក​នយោបាយ​ជើងចាស់​ដែល​បាត់បង់​ដី​ផ្ទះ​ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹបអូស​ កាល​ពី​ថ្មីៗ នេះ បាន​​លាឈប់​ពី​គណបក្ស​ភ្លើង​ទៀន​ហើយ។ លិខិត​មួយ​ច្បាប់​របស់​លោក គង់ គាំ ​ចុះ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​នេះ ឱ្យ​ដឹង​ថា លោក គង់ គាំ សម្រេច​ដូច្នេះ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឈប់​ប្ដឹង​រូប​​លោក​។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន គោរព​ការ​សម្រេច​ចិត្ត​របស់​លោក គង់ គាំ ដែល​មិន​អាច​បន្ត​ដំណើរ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​លើ​ផ្លូវ​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​។ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ទ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ទី០២ ខែ​កុម្ភៈ​ថា ការ​លាលែង​របស់​លោក គង់ គាំ ​គឺ​ជា​សិទ្ធិ​នយោបាយ​របស់​លោក។ ទោះ​បែប​នេះ​លោក​ថា គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​ទទួល​បាន​លិខិត​របស់​លោក គង់ គាំ​ នៅឡើយ​ទេ។ លោក គីមសួរ ភីរិទ្ទ យល់ថា លោក គង់ គាំ ទំនង​មាន​ផល​លំបាក​ផ្ទាល់​ខ្លួន​ទើប​​សម្រេច​ចិត្ត​ដូច្នេះ តែ​ទោះ​បែប​នេះ​ក្ដី លោក អរគុណ​លោក គង់ គាំ ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ជាមួយ​គណបក្ស​ភ្លើង​ទៀន តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ។

លោក គីមសួរ ភីរិទ្ទ៖«ជា​សិទ្ធិ​នយោបាយ​របស់​បុគ្គល​ឧទាហរណ៍​ថា ខ្ញុំ​អ៊ីចឹង ខ្ញុំ​ចង់​លាលែង​ក៏​គេ​មិន​ហាម​ឃាត់​អី​ដែរ ជួន​កាល​យើង​មាន​បញ្ហា​ផ្ទាល់​ខ្លួន ជួន​កាល​យើង​មាន​បញ្ហា​សុខភាព​ដូច​លោក​ គង់ គាំ គាត់​ចាស់​គាត់​មាន​បញ្ហា​សុខភាព​ អ៊ីចឹង​គាត់​ទៅ​ណា​ម្ដងៗ​កូន​ទៅ​តាម​ថែ​ ហើយ​ការ​លាលែង​របស់​គាត់​យើង​អត់​មាន​ទៅ​ជំទាស់​សិទ្ធិ​នយោបាយ​របស់​គាត់​ទេ មានតែ​អរគុណ​ដែល​គាត់​បាន​ចូល​បម្រើ​ចូល​ជួយ​គណបក្ស​ដែល​ធ្វើ​សកម្មភាព​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ»។

ការ​បញ្ជាក់​ជំហរ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បែប​នេះ ក្រោយ​ពេល​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ​ សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ​ស្នើ​សុំ​បញ្ចប់​ជីវភាព​នយោបាយ​ពី​គណបក្ស​ភ្លើង​ទៀន។ លិខិត​ដដែល​នោះ​​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ( ហ្វ្រែសញូ) នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ។ លោក​ គង់ គាំ ក៏​អរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​បន្ត​ប្ដឹង​រូប​លោក​តទៅ​ទៀត​។ ទោះ​បែប​ក្ដី លោក គង់ គាំ ក៏​បង្ហាញ​នូវ​ការ​សោកស្ដាយ​នៃ​ការ​សម្រេច​ចិត្ត​ទាំង​បង្ខំ​របស់​លោក​ និង​ភរិយា​​ដោយ​បាន​ប្រគល់​ដី​ផ្ទះ​ទំហំ​ជាង​៥​ពាន់​ម៉ែត្រ​ការ៉េ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ជូន​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​ នេះ។

ទាក់ទង​នឹងការ​ផ្លាស់ប្ដូរ​ជំហរ​ពេល​នេះ វិទ្យុ​អាស៊ី​សេរីមិន​អាច​សុំ​បញ្ជាក់​បន្ថែម​ពី​លោក គង់ គាំ បាន​ទេ​ នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ។ ចំណែក​កូន​​ប្រុស​លោក គង់ គាំ គឺ​លោក គង់ មូនីកា ឱ្យ​វិទ្យុ​អាស៊ី​សេរី​តាម​​ប្រព័ន្ធ​តេឡេក្រាម​យ៉ាង​ខ្លី​ថា លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នោះ​ជា​លិខិត​ពិត​របស់​ឪពុក​របស់​លោក។

ទាក់ទង​ការ​សម្រេច​ចិត្ត​របស់​លោក គង់ គាំ នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ យល់​ថា ជា​ការ​សម្រេច​ចិត្ត​ដោយ​បុគ្គល​របស់​លោក គង់ គាំ ដោយ​គ្មាន​អ្នកណា​មក​បង្ខិតបង្ខំ​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ​លើកឡើង​ទៀត​ថា បើ​ទោះ​ជា​លោក គង់ គាំ​ ឈប់​ពី​គណបក្ស​ភ្លើង​ទៀន​ ក៏​មិន​បាន​ផ្ដល់​ចំណេញ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក ឈឹម ផលវរុណ៖«ទំនាក់ទំនង​ក្នុង​ភាព​ជា​មនុស្ស​ ដែល​មាន​ការ​ប្រស្រ័យ​ទាក់ទង​​គ្នា​ជាមួយ​គុណធម៌​ទៅវិញ​ទៅ​មក​ ជា​រឿង​ធម្មតា​ទេ ឯ​រឿង​គាត់(លោក គង់ គាំ)ឈប់​ធ្វើ​នយោបាយ​ចូល​និវត្តន៍​​ក៏​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល»។

លោក គង់ គាំ ទើប​បាត់បង់​ដី​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ទី១២ មករា ក្រោយ​ពេល​រដ្ឋាភិបាល​ បានប្រើ​ប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ដើម្បី​រឹបអូស​យក​។ លោក គង់ គាំ ក៏​នៅ​ជាប់​បណ្ដឹង​មួយ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​ដែរ។គណបក្ស​នេះ​​ចោទ​ប្រកាន់​ថា ការ​និយាយ​របស់​លោក​ពី​និយាយ​ពី​ដើម​កំណើត​បក្ស​ប្រជាជន​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​វៀតណាម គឺ​ជា​ចេតនា ក្នុង​គោល​បំណង​ទុច្ចរិត ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​អសន្តិសុខ​សង្គម។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់ថា ​ការ​សម្រេច​ចិត្ត​របស់​លោក គង់ គាំ ពេល​នេះ​ ទំនង​អ្នក​នយោបាយ​ជើងចាស់​រូប​នេះ រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន។ អ្នក​វិភាគ​នយោបាយ​រូប​នេះ បន្ត​ទៀត​ថា ទោះ​លោក គង់ គាំ ចាកចេញ​ពី​គណបក្ស​ភ្លើង​ទៀន​ក្ដី តែ​មិន​ប៉ះពាល់​ផ្លូវ​ចិត្ត​អ្នក​គាំទ្រ គណបក្ស​ភ្លើង​ទៀន​ទេ បើ​ទោះ​ជា​ករណី​លោក គង់ គាំ នេះ​អាច​ធ្វើ​ឱ្យ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន ​មាន​ការ​ព្រួយ​បារម្ភ​ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ក្ដី។

លោក គឹម សុខ៖«មែនទែន​ទៅ​មិនមែន​ជា​រឿង​បាត់​ទ្រព្យសម្បត្តិ​ប៉ុណ្ណឹង​ទេ យើង​ពិនិត្យ​ពិចារណា​ ដល់​កម្រិត​លោក គង់ គាំ មិន​និយាយ​អ្វី​ច្រើន​ផង​ ហើយ​នាំ​ភរិយា​របស់​គាត់​ទៅ​ផ្ដិត​មេដៃ​ប្រគល់​ដី និង​ផ្ទះ​វាល់​លាន​ដុល្លារ​ទៅ​ឱ្យ​គេ​(រដ្ឋាភិបាល​)​ភ្លាមៗ​នោះ​មាន​ន័យ​ច្បាស់​ណាស់​ថា ពាក់ព័ន្ធ​សុវត្ថិភាព​ធ្ងន់ធ្ងរ​ណាស់​គឺ​​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​មិន​ត្រឹមតែ​ជីវិត​​របស់​លោក គង់ គាំ ទេ ប៉ុន្តែ​យើង​ពិបាក​បរិយាយ​ណាស់​ថា ធ្ងន់ធ្ងរ​នោះ​កម្រិត​ណា​ទើប​ធ្វើ​ឱ្យ​លោក គង់ គាំ សម្រេច​លា​ឈប់​ហ្នឹង»។

ចាប់​តាំង​ពី​គណបក្ស​ភ្លើងទៀន វិល​ចូល​ឆាក​នយោបាយ​ជា​ថ្មី​វិញ​កាល​ពី​ឆ្នាំ​២០២២ អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​នេះ​ ត្រូវ​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​និង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយ​នេះ ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ និង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បារម្ភ​ថា បើ​គណបក្ស​ភ្លើង​ទៀន នៅតែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ​តទៅ​ទៀត ការបោះឆ្នោត​ជាតិ​ នា​​ខែ​កក្កដា​ខាង​មុខ​ មិន​អាច​ប្រព្រឹត្តិ​ទៅ​ដោយ ភាព​សេរី ​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។