ជនរងគ្រោះក្នុងរបបខ្មែរក្រហមទាមទារឲ្យលោក កឹម សុខា សុំទោស
2013.05.25
ជនរងគ្រោះ និងជាអតីតអ្នកទោសគុកទួលស្លែង ឬមន្ទីរឃុំឃាំង ស២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ប្រកាសទាមទារអោយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចេញមុខសុំទោសជាសាធារណៈ នូវសម្ដីដែលលោកបានលើកឡើងពីតួនាទីមន្ទីរឃុំឃាំងមួយនេះ។
លោក ប៊ូ ម៉េង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅបរិវេណសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ថា លោកជាសាក្សីដែលនៅរស់រួចខ្លួនពីអំពើទារុណកម្មក្នុងមន្ទីរឃុំឃាំង មានការឈឺចាប់ នៅពេលដែលដឹងថា លោក កឹម សុខា ហៅមន្ទីរឃុំឃាំងនេះថាជាគុកសិប្បនិមិត្ត។ លោកទាមទារឲ្យលោក កឹម សុខា មកសុំទោសជាសាធារណៈចំពោះជនរងគ្រោះនៅក្នុងសារមន្ទីរទួលស្លែង។
អតីតអ្នកទោសម្នាក់ទៀត លោក ជុំ ម៉ី មានប្រសាសន៍ថា ក្រុមជនរងគ្រោះទុករយៈពេលឲ្យ ១០ថ្ងៃ ដើម្បីអោយលោក កឹម សុខា ទៅសុំទោសនៅសារមន្ទីរទួលស្លែង។
ប្រតិកម្មរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម បានលើកហេតុផលថា លោក កឹម សុខា បានថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងខេត្ត កាលពីថ្ងៃទី១៨ ខែឧសភា ថា គុកទួលស្លែង ជាសិប្បនិមិត្ត ហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជាឆាកល្ខោនដែលយួនកុម្មុយនិស្តបានរៀបចំទុក។ ប្រការនេះ ត្រូវជនរងគ្រោះចាត់ទុកថាជាការបំភ័ន្តសាធារណជន ជាការមាក់ងាយចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអ្នកស្លាប់នៅក្នុងគុកទួលស្លែង។
យ៉ាងណា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍តបថា លោកពុំដែលបដិសេធចំពោះអំពើទារុណកម្ម ការសម្លាប់រង្គាល និងរឿងរ៉ាវផ្សេងទៀតនៃរបបខ្មែរក្រហមឡើយ ព្រោះលោកក៏ជាជនរងគ្រោះនៃរបបនេះដែរ។ លោក កឹម សុខា បន្តថា អ្វីដែលលោកលើកឡើងកន្លងមក ទាក់ទិននឹងរបបខ្មែរក្រហម គឺជាការវិភាគដោយផ្អែកលើព័ត៌មានដែលមានជាប្រវត្តិសាស្ត្រ ពីអ្វីដែលនៅពីក្រោយការបង្កើតអោយមានរបបកម្ពុជាប្រជាធិបតេយ្យ។
មន្ទីរ ស២១ ឬគុកទួលស្លែង ត្រូវគេស្គាល់ថា ជាមជ្ឈមណ្ឌលឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់អ្នកទោសចំនួនជាង ១ម៉ឺននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលមន្ទីរនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច។ បច្ចុប្បន្ន ឌុច ជាអតីតមេគុកទួលស្លែង ត្រូវសាលាក្តីខ្មែរក្រហម កាត់អោយជាប់ទោសមួយជីវិត ចំពោះការទទួលខុសត្រូវរបស់លោកនៅមន្ទីរឃុំឃាំង ស២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។