ពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍មួយចំនួន ព្រមានថា ពួកគាត់នឹងមិនទៅបោះឆ្នោត ជាដាច់ខាត ប្រសិនបើរបបក្រុងភ្នំពេញ នៅមិនទាន់រកដំណោះស្រាយឱ្យពួកគាត់នៅមុនការបោះឆ្នោតមកដល់។ ប៉ុន្តែ ឈ្មួញដីធំៗ ដែលពលរដ្ឋចោទថា ជាអ្នករកស៊ីទុច្ចរិតក្នុងរបបលោក ហ៊ុន សែន បាននាំគ្នាបង្ហោះសារបង្ហាញឆន្ទៈទៅបោះឆ្នោតគ្រប់ៗគ្នា។
តំណាងសហគមន៍ពាមកាយ ដែលមានជម្លោះ ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន (Union Development Group) ឬយូឌីជី នៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង លោក ណៃ វិបុល ឱ្យដឹងថា ពលរដ្ឋក្នុងសហគមន៍លើកឡើងថា នឹងមិនទៅបោះឆ្នោតទេ ប្រសិនបើសហគមន៍ពាមកាយ នៅតែមិនទទួលបានសំណង ឬដំណោះស្រាយសមរម្យ នៅមុនការបោះឆ្នោតនេះ។
លោក ណៃ វិបុល អះអាងថា សហគមន៍ពាមកាយ មិនមែនជាក្រុមប្រឆាំងនឹងរបបក្រុងភ្នំពេញទេ ប៉ុន្តែតាំងពីឆ្នាំ១៩៩៣មក ពួកគាត់ទៅបោះឆ្នោតរហូតនៅតែគ្មានដំណោះស្រាយ ដូច្នេះបើនៅមុនការបោះឆ្នោតឆ្នាំ២០១៨ របបក្រុងភ្នំពេញ នៅមិនព្រមកាត់ឆ្វៀលដី ជូនពលរដ្ឋក្នុងសហគមន៍វិញទេ ពួកគាត់នឹងមិនទៅបោះឆ្នោតជាដាច់ខាត៖ «បញ្ហានេះយើងដឹងស្រាប់ហើយ ខ្ញុំមិនមែនថាខ្ញុំ ប្រឆាំងអីទេក៏ប៉ុន្តែបញ្ហានេះតាំងពី១៩៩៣មក ខ្ញុំទៅបោះឆ្នោតរហូត បញ្ហានេះ បើគេកាត់ឆ្វៀលឱ្យខ្ញុំ ខ្ញុំទៅបោះឆ្នោត បើមិនដោះស្រាយបញ្ហាឱ្យខ្ញុំទេខ្ញុំមិនទៅទេ»។
របបក្រុងភ្នំពេញ នឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ មេដឹកនាំកំពូលៗ និងអ្នកទទួលបានលាភសក្ការៈពីរបបក្រុងភ្នំពេញ នៅថ្ងៃទី១៤ ឧសភា នេះ បាននាំគ្នាប្ដូររូបក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក ដោយបន្ថែមអក្សរថា ពួកគេនឹងទៅបោះឆ្នោត ពីព្រោះពួកគេស្រលាញ់ប្រទេសកម្ពុជា។
ក្រុមឈ្មួញដី ធំៗនៅកម្ពុជា រួមនឹងសមាជិកព្រឹទ្ធសភាបក្សកាន់អំណាចផង បាននាំគ្នាប្ដូររូបលើគណនីហ្វេសប៊ុកគ្រប់ៗគ្នា ក្នុងនោះមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧកញ៉ា លី ហួរ ឧកញ៉ា គិត ម៉េង និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងពាណិជ្ជករធំៗមួយចំនួនទៀត។ ក្រុមអ្នកឧកញ៉ា នៅស្រុកខ្មែរទាំងនោះ ភាគច្រើន សុទ្ធតែរងការចោទពីពលរដ្ឋថា រកស៊ីមានបាន ដោយសារ រំលោភយកដីពលរដ្ឋស្លូតត្រង់ និងធ្វើអាជីវកម្មលើទ្រព្យសម្បត្តិសាធារណៈ។ ក្រៅពីក្រុមឈ្មួញដីធំៗ ក៏មានក្រុមអ្នកលេងហ្វេសប៊ុក ដែលគណបក្សប្រជាជនកម្ពុជារៀបចំឡើង (Cyber war room) បាននាំគ្នា បន្ថែមអក្សរនៅលើរូបគណនីបង្ហាញពីការចូលរួមការបោះឆ្នោត អាណត្តិទី៦ដែរ។
តំណាងសហគមន៍មានជម្លោះដីធ្លីជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ នៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ដ លោក ផាន់ ធឿន ឱ្យដឹងថា ពលរដ្ឋក្នុងសហគមន៍មិនអាចទៅបោះឆ្នោតបានទេ ដោយសារពួកគេគ្មានទីលំនៅត្រឹមត្រូវ ក្រោយពេលអាជ្ញាធរបណ្ដេញពួកគាត់ចេញពីដីធ្លីជាច្រើនឆ្នាំ។ តំណាងសហគមន៍ថា ក្រុមគ្រួសារខ្លះទៀត គ្មានថវិកាសម្រាប់ចំណាយក្នុងការធ្វើដំណើរពីផ្ទះនៅក្នុងព្រៃ ទៅបោះឆ្នោតទេ៖ «បើសិនជាគ្មានដំណោះស្រាយទេ មុនការបោះឆ្នោតទេ ប្រជាជនមិនទៅបោះឆ្នោតទេ ណាមួយគ្មានទីតាំងបោះផងព្រោះពីអាជ្ញាធររករឿងរហូតនឹងសព្វថ្ងៃ នឹងបាទ»។
ពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ អះអាងថា ការពហិការមិនទៅបោះឆ្នោតរបស់ពួកគាត់ មិនមែនដោយសារតែគ្មានវត្តមានរបស់គណបក្សប្រឆាំងទេ ប៉ុន្តែដោយសារតែរបបក្រុងភ្នំពេញ ជាច្រើនឆ្នាំមកនេះ នៅតែមិនព្រមដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរបស់ពួកគាត់បាន ជាហេតុបង្ហាញពីការខឹងសម្បារ ចំពោះរបបក្រុងភ្នំពេញ។ តំណាងសហគមន៍រងគ្រោះដីធ្លីទាំងនេះ ប្រាប់ថា ជាច្រើនអាណត្តិមកនេះ ពួកគាត់បានបោះឆ្នោតគ្រប់អាណត្តិ ប៉ុន្តែ ពួកគាត់ទទួលបានមកវិញ នូវការវាយដំ ដុតផ្ទះ បណ្ដេញចេញយ៉ាងឃោរឃៅ និងការដើរលន់តួរអង្វរមន្ត្រីនៅតាមក្រសួង សុំកិច្ចអន្តរាគមន៍ រកដំណោះស្រាយដីធ្លីមកវិញ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា នៅមុនការបោះឆ្នោតនេះ របបក្រុងភ្នំពេញ បានខិតខំប្រឹងប្រែងវាស់វែងដី និងផ្ដល់ប្លង់កម្មសិទ្ធិឱ្យពលរដ្ឋបានច្រើនគួរសមដែរ។ លោកបន្ដថា នេះអាចជាកិច្ចខិតខំប្រឹងប្រែងមួយរបស់របបក្រុងភ្នំពេញ ដើម្បីផ្សារភ្ជាប់ពីកិច្ចខិតខំព្យាយាមនៅមុនការបោះឆ្នោត ប៉ុន្តែសង្គមស៊ីវិលយល់ថា បញ្ហាទំនាស់ដីធ្លីនៅកម្ពុជា មិនអាចដោះស្រាយជាប្រព័ន្ធបាន ដោយសារតែមន្ត្រីជំនាញ នៅតែរង់ចាំបទបញ្ជាផ្ទាល់ពីមេដឹកនាំរបបក្រុងភ្នំពេញ ទើបមានដំណោះស្រាយ។
លោក វណ្ណ សូផាត ជឿថា បើរបបក្រុងភ្នំពេញ អាចដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅមុនការបោះឆ្នោតបាន ពលរដ្ឋមានជម្លោះទាំងនោះ នឹងទៅបោះឆ្នោតវិញ បើទោះជាអត់មានគណបក្សប្រឆាំងក៏ដោយ ប៉ុន្តែលោកថា បើគ្មានដំណោះស្រាយទេ ពលរដ្ឋទាំងនោះ អាចនឹងពហិការដូចការព្រមានមែន។ តែទោះជាយ៉ាងណា សង្គមស៊ីវិល យល់ថា នេះជាសិទ្ធិរបស់ពលរដ្ឋ៖ «មែនប្រជាពលរដ្ឋខ្ញុំមើលឃើញអ៊ីចឹងមែន ប្រសិនបើដោះស្រាយឱ្យគាត់ គាត់អាចទៅបោះ ប៉ុន្តែបើមិនដោះស្រាយឱ្យគាត់ គាត់មិនទៅបោះឆ្នោតមែននឹង អានឹងខ្ញុំមើលទឹកចិត្តពួកគាត់អ៊ីចឹងមែន បញ្ហាដដែលមិនដោះឱ្យពួកគាត់គាត់ មើលឃើញអ៊ីចឹង គាត់លែងទៅបោះឆ្នោត អានឹងជាសិទ្ធិរបស់ពួកគាត់បាទ»។
ពលរដ្ឋដែលអះអាងថា រងគ្រោះពីការរំលោភយកដីធ្លី នៅតាមសហគមន៍បញ្ជាក់ថា ដំណោះស្រាយដែលពួកគេត្រូវការ នៅមុនការបោះឆ្នោតអាណត្តិនេះ គឺដំណោះស្រាយបញ្ចប់ទំនាស់ ឬផ្ដល់ប្លង់ដី ចំពោះការអភិវឌ្ឍនៅនឹងកន្លែង។ ពួកគេថា មិនទទួលយកដំណោះស្រាយជាការសន្យា ដូចមុនការបោះឆ្នោត រាល់ដងទេ ព្រោះការសន្យាមុនការបោះឆ្នោត គឺជាការសន្យាបែបភូតកុហក។
អ្នកមានជម្លោះដីធ្លី រក្សាជំហរថា នឹងនៅតែបន្តស្វែងរកដំណោះស្រាយដីធ្លី តាមស្ថាប័នរដ្ឋធំៗ បន្ត ទៀត បើទោះជា ចំថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតរួចក៏ដោយ៕
