សហមេធាវីការពារសិទ្ធិលោក កឹម សុខា ថាបើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង ឲ្យមានសេរីភាពឆាប់ៗ នោះមិនមានន័យថា លោក ហ៊ុន សែន ចាញ់ការភ្នាល់ទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញ ក្រុមមេធាវីការពារក្តីលោក កឹម សុខា សង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋខ្មែរ រួមទាំងអ្នកដឹកនាំផង នឹងមិនវាយតម្លៃលើការភ្នាល់នេះទេ ហើយក៏មិនទាមទារឲ្យអនុវត្តតាមខសន្យាភ្នាល់នេះដែរ។ ផ្ទុយទៅវិញ គឺចង់បានការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិខ្មែរទាំងមូល។
សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន ប្រកាសហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី ថាលោកសុខចិត្តចុះចេញពីតំណែង បើលោក កឹម សុខា ត្រូវបានដោះលែង នៅមុនថ្ងៃ៣ ខែមីនា ឆ្នាំ២០១៩។ ចំណែកលោក សម រង្ស៊ី អះអាងថាលោក សុខចិត្តចូលខ្លួន ឲ្យអាជ្ញាធររបបលោក ហ៊ុន សែន ចាប់យកទៅដាក់ឃុំជាមួយលោក កឹម សុខា បើលោក កឹម សុខា មិនត្រូវបានដោះលែង យ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំក្រោយនោះ។
បើទោះបីរឿងបន្តឃុំខ្លួន ឬត្រូវដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពវិញនេះ គួរតែជាកិច្ចការរបស់តុលាការយ៉ាងណាក្តី ក៏លោក ហ៊ុន សែន ឯណោះទៅវិញទេ ដែលជាអ្នកច្បាស់ក្នុងចិត្តខ្លាំង ថាលោក កឹម សុខា នឹងមិនត្រូវបានដោះលែងនៅមុនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នោះឡើយ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំងអះអាងទៀតថា រឿងដោះលែងលោក កឹម សុខា នេះ គឺទាល់តែចាំដល់សេះដុះស្នែងទៀតផង៖ «ឥឡូវអ្នកឯងចាំមើលទៅ ! ជាពិសេសបងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង ( លោក សម រង្ស៊ី )! ចាំមើលទៅ ! ខ្ញុំផ្ញើសារដ៏ខ្លីមួយ ថាចាំសេះដុះស្នែង បានវាកើត ( ទើបដោះលែងលោក កឹម សុខា ) ។ គេថា ហ៊ុន សែន ទទួលសម្ពាធអន្តរជាតិ ឲ្យដោះលែង។ ឥឡូវអញមិនដោះ អ្ហែងធើអីអញ ! និយាយអ៊ីចឹងហ្មង ! អ្ហែងធើអីអញ ! នេះកម្ពុជាឯករាជ្យ !»។
ទោះជាយ៉ាងនេះក្តី សហមេធាវីការពារក្តីលោក កឹម សុខា សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកនយោបាយខ្មែរ យកសេរីភាពបុគ្គលលោក កឹម សុខា មកធ្វើជាល្បែងភ្នាល់ ដែលការណ៍នេះ ធ្វើឲ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរ ឈឺផ្សាថែមទៀត។ មិនតែប៉ុណ្ណោះ អរិយភាពនេះ វាគំរូអាក្រក់ និង ក្បត់ទៅនឹងការសន្យារបស់អ្នកនយោបាយ ដែលស្បថសច្ចាថា ដង្ហែតាមព្រះរាជបន្ទូលព្រះមហាក្សត្រ ដែលព្រះអង្គស្នើឲ្យរាស្ត្រខ្មែរ ចេះរួបរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីជាតិខ្មែរខ្លាំងរឹងមាំនោះ។
សហមេធាវីលោក កឹម សុខា ស្នើឲ្យអ្នកនយោបាយខ្មែរ ប្រកាន់នូវគុណធម៌ និងសីលធម៌ ជាអ្នកនយោបាយគំរូ សម្រាប់ខ្មែរបន្តវេនជំនាន់ក្រោយៗ។
បើទោះបីជាការភ្នាល់គ្នានេះ ផ្ដើមចេញពីអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អ្នកអ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ដាក់បន្ទុកនេះខ្លាំងទៅលើលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាមេដឹកនាំចាស់វស្សា ដែលគួរតែមានភាពចាស់ទុំជាងនេះ និងមិនគួរបង្ហាញអាកប្បកិរិយាឆេវឆាវ លុះក្រោមការញាក់ណាមួយនោះឡើយ។ លោក គឹម សុខ ចាត់ទុកអាកប្បកិរិយារបស់លោក ហ៊ុន សែន បែបនេះ ថាបង្ហាញឲ្យឃើញអំពីចរិតមេដឹកនាំ ដែលមិនអាចរកប្រយោជន៍ជូនជាតិ និងមិនគួរកូនខ្មែរយកតម្រាប់តាមនោះឡើយ៕
