មេធាវី​ថា លោក កឹម សុខា ចង់​ទៅ​វត្ត​ធ្វើ​បុណ្យ​រាប់​បាត្រ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ វ៉ែន សុមេធ
2019-09-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មិន​ទាន់​ជាប់​ឃុំឃាំង។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មិន​ទាន់​ជាប់​ឃុំឃាំង។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខកខាន​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ នៅ​វត្ត​អារាម ​ចំនួន ៤ឆ្នាំ​ជាប់ៗ​គ្នា ដោយសារ​លោក​ត្រូវ​បង្ខំ​ចិត្ត​ឃុំ​ខ្លួន​ឯង និង​ត្រូវ​របប​ក្រុង​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ហើយ​ចុង​ក្រោយ​កំពុង​ជាប់​ឃុំ​នៅ​ផ្ទះ។ មេធាវី​ គ្រោង​ពិភាក្សា​គ្នា​ ស្នើសុំ​ចៅក្រម​អនុញ្ញាត​ឲ្យ​ លោក កឹម សុខា បាន​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​នឹង​គេ នៅ​ឆ្នាំ​នេះ។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​​លោក កឹម សុខា គឺ​អ្នក​ស្រី​មេធាវី​ ម៉េង សុភារី ប្រាប់​ថា ក្រុម​មេធាវី​ មិន​ទាន់​បាន​ទៅ​សួរ​សុខទុក្ខ​ លោក កឹម សុខា​ទេ តែ​អ្នកស្រី​គិត​ថា លោក កឹម សុខា ច្បាស់​ជា​មាន​បំណង​ចង់​ទៅ​វត្ត​រាប់បាត្រ ឧទ្ទិស​កុសល​ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ណាស់ គ្រាន់​តែ​លោក ត្រូវ​ជាប់​បម្រាប​ឃុំ​ខ្លួន នៅ​​ក្នុង​ផ្ទះ។ អ្នកស្រី ថា ក្រុម​មេធាវី មាន​បំណង​ ស្នើសុំ​ចៅក្រម​ អនុញ្ញាត​ឲ្យ​លោក កឹម សុខា បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​នៅ​ឱកាស​ភ្ជុំបិណ្ឌ​ ជាមួយ​ពលរដ្ឋ​ដទៃ​ទៀត៖ «ខ្ញុំ​អត់​បាន​ទៅ ​សួរ​សុខ​ទុក្ខ​គាត់​ផង ដូច្នេះ​អត់​បាន​ទទួល​ព័ត៌មាន​អ្វី​ពី​គាត់​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ ធម្មតា​ទេ យើង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ កាល​ណា​មាន​ពិធី​បុណ្យ​សាសនា​ ពិធី​បុណ្យ​ជាតិ​អ៊ីចឹង​ គឺ​​តែងតែ​ចង់​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហ្នឹង​ហើយ​។ ជា​ពិសេស​ហ្នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ទៀត​សោត គឺ​ជា​បុណ្យ​ដែល​ឧទ្ទិស​ដល់​ញាតិ​សន្ដាន​ សាច់​ញាតិ​​ដែល​បាន​ចែក​ឋាន​ទៅ។ ធម្មតា​ទេ សាច់​ញាតិ​កូន​ចៅ​ ដែល​នៅ​រស់​ហ្នឹង គឺ​តែងតែ​ចង់​​វត្ត​ ទៅ​វ៉ា ឧទ្ទិស​កុសល​ជូន​ញាតិ​សន្ដាន​របស់​ខ្លួន​ដែរ​។ មិន​ថា​រូប​គាត់ ឬ​ក៏​អ្នក​ណា អ្នកណា​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ​។ ពូក​ខ្ញុំ​មិន​ទាន់​បាន​ជជែក​គ្នា​ពី​រឿង​ហ្នឹង​ថា ត្រូវ​សុំ​ឬ​មួយ​អត់។ ចាំ​មើល​ពួក​ខ្ញុំ​ជជែក​គ្នា​សិន​ណា»

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​មិន​បាន​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក គឺ​កាល​នោះ លោក​ត្រូវ​បង្ខំ​ចិត្ត​ ឃុំ​ខ្លួន​ឯង ​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ ដើម្បី​គេច​​​ពី​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​​តុលាការ​ និង​របប​ក្រុង​ភ្នំពេញ ក្នុង​សំណុំ​ រឿង​កោះ​ហៅ​ លោក​ឲ្យ​ធ្វើ​សាក្សី​ ក្នុង​សំណុំ​រឿង​សញ្ចរកម្ម។

ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០១៧ នៅ​មុន​ពិធី​បុណ្យ​ដាក់​បិណ្ឌ​ប្រហែល​មួយ​ខែ​ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម ពី​បទ​​សន្ទិដ្ឋិភាព ឬ​ក្បត់​ជាតិ។

នៅ​​ខែ​កញ្ញា ឆ្នាំ​២០១៨ ទោះ​របប​ក្រុង​ភ្នំពេញ បាន​ដោះលែង​ លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង តែ​ចៅក្រម​ នៅ​បន្ត​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​ក្នុង​ផ្ទះ​ដដែល ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ​ក្រៅ​របង​ ឬ​ ជួប​និយាយ​ស្ដី​ជាមួយ​នរណា​ម្នាក់​ឡើយ ក្រៅពី​ម្ដាយ ប្រពន្ធ​ កូន និង​មេធាវី ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខកខាន ​មិន​បាន​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង​ទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​រឿង លោក កឹម សុខា គឺ លោក គី ឫទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា​នេះ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។ តែ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​កាល​ថ្ងៃ​ទី១០ កញ្ញា​ អះអាង​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឱ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​ ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​មនុស្សធម៌។

ផ្ទុយ​ពី​ការ​អះអាង​របស់​របប​ក្រុង​ភ្នំពេញ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ប្រាប់​ថា កូនក្ដី​អ្នកស្រី គ្មាន​ក្ដី​សុខ​ស្រួល​ឡើយ ព្រោះ​ចៅក្រម​បាន​ដក​ហូត​សិទ្ធិ​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ ស្ទើរ​ទាំង​អស់​ហើយ សូម្បី​សិទ្ធិ​ទៅ​វត្ត​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ក៏​គ្មាន​ដែរ។ ដូច្នេះ​គ្មាន​ផ្លូវ​ណា ដែល​លោក កឹម សុខា អាច​រស់​នៅ​បាន​ដោយ​សុខ​ស្រួល​ឡើយ។

ព្រះ​តេជគុណ​ លួន សាវ៉ាត គង់​នៅ​វត្ត​ស្លែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប យល់​ថា ចៅ​ក្រម ​ត្រូវ​អនុញ្ញាត​ឲ្យ ​លោក កឹម សុខា បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។ ព្រះ​អង្គ​ពន្យល់​ថា ឱកាស​ភ្ជុំ​​បិណ្ឌ សូម្បី​ពពួក​ប្រេត ក៏​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​មក​ទទួល​យក​បុណ្យ​កុសល នៅ​វត្ត​អារាម​ដែរ។ ចំណែក​អ្នក​ទោស​វិញ ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​រាប់​បាត្រ ក្នុង​ពន្ធនាគារ​ដែរ ដូច្នេះ លោក កឹម សុខា ជា​មនុស្ស​គ្មាន​ទោស អាជ្ញាធរ​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «អ៊ីចឹង​សូម្បី​តែ​ស្ដេច​យមរាជ​ក៏​គេ​មាន​ក្ដី​មេត្តា​ ចុះ​រឿង​អ្វី បាន​ជា​ខ្មែរ​យើង​ដូច​គ្នា ហើយ​ជា​ខ្មែរ​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ដែល​ជា​មាន​គំនុំ​ឈ្នានីស​មួល​បង្កាច់​ចោទ​ប្រកាន់​គ្នា ធ្វើ​បាប​គ្នា​ទាំង​ផ្លូវ​កាយ​ ផ្លូវ​វាចា ​​ទាំង​ផ្លូវ​ចិត្ត​ ទាំង​អស់​នេះ គឺ​ឈ្មោះ​ថា កំហុស​ខុស​ឆ្គង​នៃ​វប្បធម៌​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​បុរាណ​ផង អំពី​អត្ថន័យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ខុស​ក្នុង​ច្បាប់​ព្រះ​ពុទ្ធសាសនា​ដែរ ដែល​ហាម​មនុស្ស​គ្មាន​ទោស​ពៃ មិន​ឲ្យ​មាន​សិទ្ធិ​សេរី ទៅ​ធ្វើ​បុណ្យ​ទាន​ ក្នុង​ឱកាស​ដ៏​សប្បាយ​រីក​រាយ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ បែប​នេះ​នោះ»

ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ មាន​រយៈ​ពេល ១៥ថ្ងៃ។ ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២៨ កញ្ញា។ អ្នក​វិភាគ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ច្បាប់​ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បាន​ព្រះ​បាទ​អង្គ ឌួង បង្កើត​ឡើង​ក្នុង​រាជ្យ​ព្រះអង្គ​ ក្នុង​​បំណង​ពង្រឹង​ព្រះពុទ្ធ​សាសនា ធ្វើ​ជា​ស្នូល​នៃ​ឯកភាព​ជាតិ ដើម្បី​ឲ្យ​ប្រទេស​បាន​ឯករាជ្យ​ជាតិ។ បណ្ឌិត ឡៅ ម៉ុងហៃ និង​ពលរដ្ឋ​​ តែង​តែ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ យក​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ផ្សះផ្សា​ជាតិ​​​ ដោះលែង​អ្នក​​ទោស​នយោបាយ អ្នក​ទោស​មនសិការ​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល