ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តធ្វើបុណ្យឧទ្ទិសកុសល និងប្ដេជ្ញារួមគ្នារកយុត្តិធម៌ជូនសពអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។ ពួកគាត់ថ្កោលទោសចំពោះអំពើឃាតកម្មលើអ្នកប្រជាធិបតេយ្យជាបន្តបន្ទាប់មកនេះ ដោយចាត់ទុកករណីទាំងនេះជារឿងនយោបាយ ហើយទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនត្រូវទទួលខុសត្រូវ។
ក្រោយពីមានការបាញ់សម្លាប់លើលោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា មក ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសស្រុះស្រួលគ្នាធ្វើពិធីបុណ្យគោរពវិញ្ញាណក្ខន្ធជូនអតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះយ៉ាងផុលផុស។
ជាក់ស្តែងសហគមន៍ខ្មែរ-អាមេរិកកាំង មកពីទីជិតឆ្ងាយកំពុងជួបជុំគ្នាធ្វើពិធីបុណ្យទក្ខិណានុប្បទានជូនលោក លិប គិមយ៉ា នៅថ្ងៃទី២៦ ខែមករា។ កម្មវិធីបុណ្យនេះប្រព្រឹត្តនៅវត្តពុទ្ធរង្សី ក្នុងទីក្រុងវូហ៊ី(Voorhees) រដ្ឋញូជេស៊ី (New Jesey) នៃសហរដ្ឋអាមេរិក(USA)។ ពិធីតាមសាសនានេះ មានដូចជានិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល គោរពវិញ្ញាណក្ខន្ធដោយដាក់កម្រងផ្កា ថ្លែងសាររំលែកទុក្ខ និងរំលឹកប្រវត្តិតស៊ូរបស់លោក លិម គិមយ៉ា ក្នុងនាមលោកជាអ្នកប្រជាធិបតេយ្យកន្លងមក។
អ្នកផ្តើមបុណ្យគឺលោក សេង រតនា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋខ្មែរនៅទីនោះមូលមតិគ្នារៀបចំពិធីបុណ្យឡើង ក្នុងគោលបំណងឧទ្ទិសបុណ្យកុសល និងស្វែងរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ដែលត្រូវឃាតករបាញ់សម្លាប់ទាំងអយុត្តិធម៌។ លោកថាឃាតកម្មនយោបាយនេះបានដាស់ស្មារតីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានឱ្យប្រែក្លាយពីការឈឺចាប់ទៅជាកម្លាំងតស៊ូតែមួយ ប្រឆាំងនឹងមេដឹកនាំក្រុងភ្នំពេញ ដើម្បីការប្តូរផ្តាច់ជាវិជ្ជមាននៅពេលខាងមុខ។
លោក សេង រតនា៖ «យើងឃើញថាគាត់បានពលិកម្មតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ការចូលរួមនេះផុសផុលជាងលើកណាទាំងអស់ដូចជាការចូលរួមស្រុះគ្នា សាមគ្គីគ្នាគ្រប់ប្រទេសតែម្តង ពួកគាត់ចង់ដឹងរឿងជាតិ សម្ដែងការឈឺចាប់ចំពោះការបាញ់សម្លាប់អ្នកនយោបាយបក្សប្រឆាំង សង្គមស៊ីវិលផ្សេងៗ គឺអត់មានបាក់ស្បាត ឬបាក់ទឹកចិត្តអ្វីទេ វាកាន់តែជំរុញទឹកចិត្តប្រជាពលរដ្ឋយើងកាន់តែខ្លាំងក្នុងការតស៊ូ»។
ចំណែក ប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង(South Korea) វិញ គ្រោងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោក លិម គិមយ៉ា និងជនស្នេហាជាតិជាច្រើននាក់ទៀតដែលរងការបាញ់សម្លាប់ ក្រោមអំណាចដឹកនាំរបស់ត្រកូលហ៊ុន មានដូចជាបណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី ជាដើម។
តំណាងអ្នករៀបចំកម្មវិធីបុណ្យនៅប្រទេសកូរ៉េខាងត្បូង អ្នកស្រី ឡេង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមករា ថា ពិធីបុណ្យនៅពេលខាងមុខនេះ រៀបចំនៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា នៅទីក្រុងអានសាន(Ansan)។ លោកស្រីឱ្យដឹងថា បើតាមគម្រោងនឹងមានកម្មវិធីគោរពវិញ្ញាណក្ខន្ធ និមន្តព្រះសង្ឃបង្សុកូលសម្តែងធម៌អប់រំចិត្ត ប្រគេនចង្ហាន់ព្រះសង្ឃ និងការសម្តែងមតិជាសាធារណៈអំពីបញ្ហាជាតិ ដើម្បីដាក់គោលដៅក្នុងការតស៊ូមតិស្វែងរកដំណោះស្រាយ។ លោកស្រីបញ្ជាក់ថា ការធ្វើបុណ្យតបស្នងអ្នកស្នេហាជាតិ ដែលបានបូជាជីវិតសម្រាប់ជាតិ គឺជាសារមួយដ៏សំខាន់ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងបណ្ដុះទឹកចិត្តដល់យុវជនខ្មែរឱ្យចូលរួមកិច្ចការងារសង្គម នយោបាយឱ្យកាន់តែផុលផុស ដើម្បីបញ្ចប់អំពើបាញ់សម្លាប់ និងវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
អ្នកស្រី ឡេង ចិន្តា៖ «ការណ៍ដែលយើងរំលឹកខួបវីរបុរស អ្នកស្នេហាជាតិដែលស្លាប់ ដោយសារបុព្វហេតុជាតិ ជារឿងមួយដាស់តឿនស្មារតីកូនខ្មែរទាំង អ៊ីចឹងការលះបង់របស់គាត់ គឺធំធេងសម្រាប់ប្រទេសជាតិ សម្រាប់ពួកយើងជាខ្មែរដូចគ្នា អ៊ីចឹងហើយសូមឱ្យកូនខ្មែរយកការឈឺចាប់នេះមកជាការជួយដល់ជាតិយើង»។
មកដល់ពេលនេះ សមត្ថកិច្ចថៃបានបង្ហាញមុខបុគ្គលពាក់ព័ន្ធ ៤នាក់ ក្នុងអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា រួមមាន ខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) អ្នកបើកឡានជនជាតិថៃឈ្មោះ ឆាឃីត ប៊ួប្លី(Chakit Buaplee) ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា។ ក្នុងនោះជនជាតិខ្មែរពីរនាក់ជាអ្នកបោះតម្រុយ គឺលោក ពេជ្រ គឹមស្រ៊ិន និងម្នាក់ទៀតជាទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គឺលោក លី រតនរស្មី ដែលបានជាប់ចោទជាអ្នកបញ្ជាខ្មាន់កាំភ្លើងឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែមករា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមករា បានចេញប្រតិកម្មទាំងកំហឹង ដោយបដិសេធថា លោក និងឪពុករបស់លោក គឺលោក ហ៊ុន សែន និងរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា នោះទេ។
ទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងការពារបែបនេះក្តី លោកមិនបានបង្ហាញជំហរឱ្យច្បាស់លាស់ ក្នុងការចាប់បញ្ជូនជនសង្ស័យពីរនាក់ទៀតជាជនជាតិខ្មែរ គឺលោក លី រតនរស្មី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន និងលោក ពេជ្រ គឹមស្រ៊ិន ដែលជាមនុស្សរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រគល់ឱ្យសមត្ថកិច្ច និងតុលាការព្រហ្មទណ្ឌប្រទេសថៃ ដើម្បីអនុវត្តច្បាប់នៅឡើយ។
មន្រ្តីគណបក្សប្រឆាំង អ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងឃាតកម្មសម្លាប់លោក លិម គិមយ៉ា មានតម្រុយជាច្រើនជាប់ពាក់ព័ន្ធអ្នកកាន់អំណាចនៅកម្ពុជា៕