គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីគោលនយោបាយរបស់បក្សខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ។ មន្រ្តីសង្គមស៊ីវិល ចង់ឱ្យមានការសួរដេញដោលបេក្ខជនតាមឃុំសង្កាត់អំពីគោលនយោបាយរបស់គណបក្សនីមួយៗដែលចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទដំណើរឆ្ពោះទៅការកសាងឃុំសង្កាត់គំរូឆ្នាំ២០២២-២០២៧ នៅថ្ងៃទី១៦ ខែឧសភា ដោយផ្តោតសំខាន់ទៅនឹងគោលនយោបាយ ស៥ រួម មាន សេដ្ឋកិច្ច សុខាភិបាល សក្សាធិការ និងយុវជន សង្គមកិច្ច សេវា និងសម្បត្តិសារធារណ: នៅអតីតស្នាក់ការកណ្តាលគណបក្សនៅភ្នំពេញដែលមានការចូលរួមពីបេក្ខជនឈរជាមេឃុំប្រមាណ១00នាក់ មកពី ៣២ ឃុំ សង្កាត់ ទូទាំងប្រទេស។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងក្នុងសន្និសិទថាការបោះឆ្នោតឱ្យមានតំណាងរបស់ខ្លួននៅតាមឃុំ សង្កាត់ គឺជាការជួយដល់ប្រជាពលរដ្ឋជាច្រើនហើយលោកថា ការ ឈ្នះ ឬចាញ់ មិនសំខាន់នោះទេគឺធ្វើយ៉ាងណាឱ្យឃុំសង្កាត់នៅកម្ពុជាក្លាយជាឃុំសង្កាត់គំរូប្រសើរបំផុត៖ «នៅតាមភូមិឃុំ ប្រជាពលរដ្ឋយើង តែងមានផ្នត់គំនិត ខំធ្វើអី មិនឈ្នះគេទេ ឈ្នះក៏ធ្វើអីមិនកើត ឈ្នះក៏គេមិនឱ្យ អាផ្នត់គំនិតហ្នឹងសង្គ្រាមចិត្តសាស្ត្រទេ អ្នកដែលនិយាយចឹង គាត់ចង់គាំទ្រឱ្យគណបក្សកាន់អំណាច កាន់អំណាចមួយជីវិតទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសុំអត្ថាធិប្បាយ ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ខែឧសភា។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកក៏បានក្រើនរម្លឹកទៅអាជ្ញាធរទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ អំឡុងពេលឃោសនាបោះឆ្នោតដោយគណបក្សទាំងអស់មានសិទ្ធិដូចៗគ្នាដើម្បីជាការបង្ហាញពីបរិយាកាសនយោបាយអព្យាក្រឹត្យ។
ជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាការផ្ទេរអំណាចពីថ្នាក់ជាតិដល់អាជ្ញាធរថ្នាក់មូលដ្ឋានក្នុងការធ្វើសម្រេចចិត្តដោយខ្លួនឯងក្នុងការអភិវឌ្ឍន៍ហើយបេក្ខជនគួរជួបប្រជុំលើកឡើងពីចំនុចនីមួយៗក្នុងពេលគណបក្សរបស់ខ្លួនជាប់ឆ្នោត។
លោក សំ គន្ធាមី បន្ថែមទៀតថា គោលនយោបាយការអភិវឌ្ឍន៍ឃុំសង្កាត់របស់គណបក្សនយោបាយនីមួយៗមានលក្ខណៈដូចគ្នាច្រើនតែសំខាន់ការអនុវត្តរបស់បេក្ខភាពឃុំសង្កាត់ក្រោយចូលធ្វើការហើយក៏មិនមែនជាការចម្លងគ្នានោះទេ៖ «បរិយាកាសហ្នឹង យើងកំពុងតែតាមដាន សង្កេតរហូតហ្នឹង ក្នុងដំណើរការ តិចទៀតឃោសនាបោះឆ្នោត គឺចាប់ផ្តើមទៀតហើយណា តែចាំមើលដំណាក់កាលឃោសនាបោះឆ្នោត មានការគំរាមគំហែង ឬក៏ទិញសន្លឹកឆ្នោតអីសព្វបែបយ៉ាងហ្នឹងណា»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះនឹងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ដែលមានគណបក្សនយោបាយចូលរួមការបោះឆ្នោតចំនួន ១៧ គណបក្សនយោបាយដែលក្នុងចំណោមគណបក្សទាំងអស់នោះមានគណបក្សធំៗចំនួន ២ មានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ច្រើនជាងគេគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនិងគណបក្សភ្លើងទៀន។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បេក្ខជនបានមួយភាគរយលើឃុំសង្កាត់ទូទាំងប្រទេស និងគណបក្សភ្លើងទៀនដាក់បេក្ខជនជាង១ពាន់៦០០ឃុំសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។