សកម្មជនគណបក្សប្រឆាំងជាច្រើននាក់នៅខេត្តបន្ទាយមានជ័យបានរត់ភៀសខ្លួនរកទីកន្លែងសុវត្ថិភាពរៀងៗ ខ្លួន។ ពួកគាត់អះអាងថា មូលហេតុដែលពួកគាត់គេចខ្លួន ដោយសារមន្ត្រីប៉ូលិសខេត្តនេះ តាមធ្វើទុក្ខបុកម្នេញ និងចាប់សកម្មជនបក្សខ្លួនជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការរារាំងដល់សកម្មជនបក្សប្រឆាំង ដើម្បីកុំឱ្យពួកគេទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
ប្រធានគណបក្សសង្គ្រោះជាតិក្រុងសិរីសោភ័ណ លោក ឃ្លាំង ប៊ុនឡាយ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៦ កញ្ញាថា លោកបានចាកចេញពីផ្ទះតាំងពីថ្ងៃទី២០ កញ្ញា ដោយសារព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះលោកថា មន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យប្រមាណ ២០នាក់ បានឡោមព័ទ្ធផ្ទះរបស់លោក កាលពីថ្ងៃទី៨ កញ្ញា និងបានដាក់កម្លាំងតាមដានលោកជាបន្តបន្ទាប់។ មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា មន្ត្រីប៉ូលិសនៅតែបន្តតាមធ្វើទុកទុក្ខបុកម្នេញមកលើរូបលោកមិនទាន់ឈប់នៅឡើយ ដោយសមត្ថកិច្ចខ្លាចពួកគេទៅទទួលអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «បាទ ! បើសិនជាតុលាការនៅស្រុកខ្មែរមានយុត្តិធម៌ ខ្ញុំអត់រត់មានទេ ព្រោះដោយសារខ្ញុំមិនបានប្រព្រឹត្តិខុសច្បាប់ ព្រោះកាលពីថ្ងៃទី១៣ កន្លងទៅ តុលាការបានចាប់សកម្មជនបក្សប្រឆាំងនៅស្រុកស្វាយចេក លោក យ៉ាត ភារម្យ ហើយកម្លាំងសមត្ថកិច្ច គាត់ទៅឡោមព័ទ្ធផ្ទះខ្ញុំរួចមកហើយ បានជាខ្ញុំគិតថា គ្មានប្រយោជន៍អី ត្រូវនៅតតាំងរកយុត្តិធម៌បានទេ » ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិស្រុកអូរជ្រៅឯណោះវិញ លោក សៅ ពល័ក្ខ ថ្លែងថា លោកបានរត់ភៀសខ្លួនដល់ទីសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២៥ កញ្ញា។ សកម្មជនបក្សប្រឆាំងរូបនេះបន្តថា ការរត់គេចខ្លួននេះ បន្ទាប់ពីលោកទទួលដំណឹងថា មានមន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យតាមចាប់សកម្មជនបក្សប្រឆាំងនេះជាច្រើននាក់ ក្នុងនោះ រូបលោកក៏ជាមុខសញ្ញាដែលសមត្ថកិច្ចតាមរកចាប់ខ្លួនដែរ។ លោកថា ប៉ូលិសតាមចាប់លោក ដោយសារកន្លងមកពួកលោកជួបប្រជុំគ្នាថ្លែងសារគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ៖ «ហើយក្រោយពីការចាប់ខ្លួនសកម្មជនម្នាក់នៅក្នុងខេត្តមក យើងមានឃើញមន្ត្រីប៉ូលិសទៅកន្លែងបុណ្យកាន់បិណ្ឌ នៅវត្តទំនប់ ក៥ ដែលខ្ញុំក៏ត្រៀមទៅចូលរួមបុណ្យនៅទីនោះដែរ ក៏បានផ្អាកទៅវិញ។ ទាំងនេះ គឺសកម្មភាពដែលធ្វើឱ្យខ្ញុំ និងមន្ត្រីបក្សប្រឆាំងដទៃទៀត សម្រេចចិត្តត្រូវតែគេចខ្លួន បើទោះបីជាបាត់បង់ការងារ និងឆ្ងាយពីគ្រួសារ ក៏ត្រូវតែសម្រេចចិត្តភៀសខ្លួន » ។
លោក សម រង្ស៊ី នៅតែប្រកាសម្ដងហើយម្ដងទៀតថា លោកនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលភៀសខ្លួនទៅក្រៅប្រទេស ធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ ទោះជាយ៉ាងណាក្ដី របបក្រុងភ្នំពេញក៏បានបញ្ជាក់ជាបន្តបន្ទាប់ដែរថា នឹងចាត់វិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។
ទាក់ទងនឹងបញ្ហាដែលសកម្មជនគណបក្សសង្គ្រោះជាតិលើកឡើងនេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោក សិទ្ធ ឡោះ ប្រាប់អាស៊ីសេរីថា មន្ត្រីរបស់លោកមិនបានធ្វើទុកទុក្ខបុកម្នេញដល់មន្ត្រីគណបក្សប្រឆាំងណាម្នាក់ឡើយ។ លោកបន្តថា សព្វថ្ងៃប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនាំគ្នាធ្វើបុណ្យកាន់បិណ្ឌយ៉ាងសប្បាយ ដោយពុំមានអ្វីគួរឱ្យភ័យព្រួយដូចការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនោះទេ៖ «រឿងហ្នឹង មកពីខ្លួនគាត់ទេ។ ខ្ញុំអត់ដឹងដែរ ជារឿងរបស់ពួកគាត់។ តែសម្រាប់សន្តិសុខសុវត្ថិភាពទូទៅរបស់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ គេកំពុងតែធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ រស់នៅដោយសេចក្ដីសុខ សន្តិភាពត្រឹមត្រូវទេ។ ដូចមិនមានអីចឹងកើតឡើងទេបាទ » ។
កាលពីថ្ងៃទី១៣ កញ្ញា មន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យចាប់ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក លោក យ៉ាត ភារម្យ ដោយពុំមានដីកាពីតុលាការនោះទេ និងបានបញ្ជូនសកម្មជនរូបនេះទៅឃុំខ្លួននៅគុកព្រៃសរាជធានីភ្នំពេញ ដោយសារលោកបានជួបប្រជុំគ្នាឈឺឆ្អាលរឿងនយោបាយ ដែលច្បាប់កម្ពុជាអនុញ្ញាត។
គិតត្រឹមរសៀលថ្ងៃទី២៦ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ និងច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើទុក្ខបុកម្នេញនិងចាប់ចងសកម្មជនបក្សជាបន្តបន្ទាប់នេះ គឺជាគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការបង្ហោះសារឈឺឆ្អាលរឿងនយោបាយ គឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកហៅវិធានការរបស់សមត្ថកិច្ចនេះថា ជាចេតនារបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរារាំងកុំឱ្យប្រជាពលរដ្ឋទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «អីចឹង យើងឃើញថា ច្រើនហើយដែលអ្នកមិនបានធ្វើអីទេ។ គាត់គ្រាន់តែចែកចាយព័ត៌មានតាមហ្វេសប៊ុក គេចាត់ទុកថា គាត់ជាអ្នកចូលរួមនៅក្នុងគំនិតក្បត់ហ្នឹង។ ប៉ុន្តែបើសិនជាយើងមើលទៅលើទិដ្ឋភាពច្បាប់ តើបទល្មើសហ្នឹងវាកើតឡើងហើយឬនៅ ចំពោះពួកគាត់ទាំងអស់ហ្នឹង។ អីចឹងធាតុផ្សំនៃបទល្មើស ឬក៏ទិដ្ឋភាព ដែលកើតឡើង វាអត់មានទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ការចោទប្រកាន់ គឺទាក់ទងនឹងបទល្មើសហ្នឹងហើយ » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះថ្លែងថា ការធ្វើទុក្ខបុកម្នេញមកលើមន្ត្រីបក្សប្រឆាំងឥតស្រាកស្រាន្តនេះ ពុំមែនជាដំណោះស្រាយនយោបាយទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលអ្នកគាំទ្រគណបក្សប្រឆាំងជិតកន្លះនគរក្ដៅក្រហាយ ហើយជាការធ្វើឱ្យពួកគាត់កាន់តែស្អប់ខ្ពើមរដ្ឋាភិបាលទៅវិញទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឱ្យគិតគូរពីប្រយោជន៍ជាតិជាធំ ដោយងាកមករកតុចរចាគ្នាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាឱ្យបានឆាប់ ប្រសើរជាងការឈ្លោះគ្នានាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ។
គិតត្រឹមថ្ងៃទី២៦ កញ្ញា មានសកម្មជនបក្សប្រឆាំងខេត្តបន្ទាយមានជ័យប្រមាណ ១០នាក់ហើយ ដែលបានរតភៀសខ្លួនទៅកន្លែងសុវត្ថិភាព។ ទោះជាយ៉ាងណាពួកគាត់អះអាងថា ថ្វីត្បិតតែពួកគេបានរត់គេចខ្លួនក៏ដោយ ក៏ពួកគាត់នៅតែប្រកាន់ជំហរទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញដដែល ពីព្រោះពួកគាត់សង្ឃឹមថា ការធ្វើមាតុភូមិនិវត្តន៍របស់ប្រសិនបើលោកសម រង្ស៊ី នឹងមានដំណោះស្រាយនយោបាយនៅកម្ពុជាជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
