កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​រវាង​ប្រទេស​​អនុ​តំបន់​ទន្លេ​មេគង្គ​​​៥ជាមួយ​​នឹង​ចិន

ដោយ ហង្ស សាវយុត
2016-12-23
Share
ប្រជុំ​មេគង្គ ឡានឆាង ៨៥៥ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​៥ ជាមួយ​នឹង​ចិន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ធ្វើ​​ជា​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​​​៥ ជាមួយ​នឹង​ចិន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង លើក​ទី​២ នៅ​​​ខេត្ត​សៀមរាប ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អនុ​​​​តំបន់​ទន្លេ​មេគង្គ ដែល​ជួប​​​​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន នេះ ​មាន​ប្រទេស​​ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬ​ភូមា និង​​ប្រទេស​កម្ពុជា។

ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ រួម​ជាមួយ​នឹង​ប្រទេស​ចិន បាន​បង្ហាញ​ឆន្ទៈ​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​លើក​ទី​២ នៃ​កិច្ច​សហ​ប្រតិបត្តិការ​​មេគង្គ-​ឡានឆាង (Mekong-Lanchang) ថា នឹង​​​បន្ដ​​​ជំរុញ​​កិច្ច​សហប្រតិបត្ដិការ​លើ​បញ្ហា​សន្តិសុខ នយោបាយ ព្រម​ទាំង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព រួម​គ្នា​ឱ្យ​ឆ្ពោះ​ទៅ​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​លើក​ទី​២ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង ដែល​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ នៅ​ខេត្ត​សៀមរាប គឺ​បណ្ដា​ប្រទេស​ទាំង​៥ នៃ​អនុ​តំបន់​ទន្លេ​មេគង្គ រួម​ជាមួយ​នឹង​ចិន បាន​​ពិភាក្សា​​​​គ្នា​ទៅ​​លើ​វិស័យ​អាទិភាព​គន្លឹះ​ចំនួន​៥ ដូចជា​ការ​ត​ភ្ជាប់​សមត្ថភាព​ផលិត​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​ដែន​ បញ្ហា​ធនធាន​ទឹក​​សម្រាប់​​ប្រើប្រាស់ វិស័យ​កសិកម្ម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​ជា​ប្រធាន​ដឹកនាំ​អង្គ​ប្រជុំ គឺ​លោក ប្រាក់ សុខុន។ លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​​បញ្ចប់​កិច្ច​ប្រជុំ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ ថា ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង​៥ ជាមួយ​ចិន គឺ​បាន​ជជែក​គ្នា​ជុំវិញ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ-​ឡានឆាង ក្នុង​​ការ​​ជំរុញ​ការងារ​ជា​ច្រើន​ឱ្យ​ឆ្ពោះ​ទៅ​មុខ។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ទៀត​​ថា កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​មក​នេះ គឺ​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង​៥ ជាមួយ​នឹង​ចិន ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​រួម​គ្នា ដោយ​​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម វប្បធម៌ ប្រជាជន ​​និង​ប្រជាជន​ ព្រម​ទាំង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព៖ «យើង​ឈរ​នៅ​លើ​សសរស្ដម្ភ​បី គឺ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព និង​សង្គម វប្បធម៌ និង​ការ​ផ្លាស់ប្ដូរ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន»

ប្រទេស​ចិន បាន​គាំទ្រ​ដល់​ការ​បង្កើត​មូលនិធិ ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង ដោយ​សង្ឃឹម​ថា មូលនិធិ​នេះ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ដើម្បី​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ប្រទេស​ទាំង​៦។

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ថ្លែង​ថា ការ​រៀបចំ​បង្កើត​ផែនការ​សកម្មភាព​រយៈពេល ៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង គឺ​ជា​គោលដៅ​រក្សា​​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ភាព​រឹង​មាំ​ខ្លាំងក្លា​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង៖ «កិច្ច​ប្រជុំ​ថ្ងៃ​នេះ គឺ​យើង​បាន​​ជជែក​គ្នា​​លើ​បញ្ហា​ជា​ច្រើន​ទាំង​នៅ​ក្នុង​តំបន់ និង​បញ្ហា​ជា​សកល។ ចិន​បាន​ចែក​រំលែក​នូវ​បទពិសោធន៍​ជា​ច្រើន​ទៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង ដើម្បី​នាំ​​មក​នូវ​ភាព​រឹងមាំ ការ​អភិវឌ្ឍ និង​ការ​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​បណ្ដា​ប្រទេស​អាស៊ាន ជាមួយនឹង​ចិន»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ លោក ជុំ សុន្ទរី បាន​ថ្លែង​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ថា ក្រៅ​តែ​ពី​ជួប​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-​ឡានឆាង គឺ​​កម្ពុជា ក៏​បាន​ជួប​​ពិភាក្សា​​​​ទេ្វ​ភាគី​ជាមួយ​ប្រទេស​ឡាវ ជុំវិញ​គម្រោង​រៀប​ចំ​​ពិធី​​​សម្ពោធ​​ច្រក​ព្រំដែន ត្រពាំង​ក្រៀល​នៅ​​ខែ​មករា ឆ្នាំ​២០១៧ ​ខាង​មុខ។ ជជែក​អំពី​ការ​ជ្រើសរើស​រក​ទីតាំង​​​ដើម្បី​សាងសង់​ស្ពាន​ឆ្លង​​ទន្លេ​ល្ពៅ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ឡាវ និង​ជជែក​​អំពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​រដ្ឋមន្ត្រី​​ការបរទេស​ឡាវ មក​កាន់​កម្ពុជា នៅ​ឆ្នាំ​២០១៧ ខាង​មុខ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល