ពលរដ្ឋស្នើទៅអ្នកដឹកនាំប្រទេសឱ្យចងចាំពីការសម្លាប់ជនស្លូតត្រង់នៅក្នុងរបប ប៉ុល ពត ដោយកុំយកជីវិតពលរដ្ឋខ្លួន ធ្វើជាល្បែងនយោបាយដូចរបបអាវខ្មៅ។ ការលើកឡើងរបស់ពលរដ្ឋបែបនេះ ខណៈកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ឬទិវាចងកំហឹង ២០ឧសភា ខួបលើកទី៤៣ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជិត២លាននាក់ ដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រុមពលរដ្ឋសល់ជីវិតពីរបបវាលពិឃាត ឬរបប ប៉ុល ពត និយាយថា អ្នកដឹកនាំប្រទេសដែលមើលមិនឃើញពីការលំបាករបស់ពលរដ្ឋខ្លួន និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ គឺដឹកនាំប្រទេសមិនបានយូរនោះទេ ហើយក៏គ្មានឈ្មោះល្អ ក្នុងប្រវត្តិសាស្ត្រដែរ ជាក់ស្ដែងការដឹកនាំប្រទេសរបស់របប ប៉ុល ពត ជាឧទាហរណ៍ស្រាប់។
ពលរដ្ឋម្នាក់លោក សុវណ្ណ សង្កេតឃើញថា ស្ទើរពេញមួយអាណត្តិទី៥នេះ អ្នកនយោបាយខ្មែរឈ្លោះទាស់ទែងគ្នា រហូតជិតដល់ថ្ងៃបោះឆ្នោតអាណត្តិទី៦ ទៅហើយ ក៏ពួកគេមិនទាន់ត្រូវរ៉ូវគ្នាដែរ។ លោកព្រួយបារម្ភថា បើនៅតែគ្មានដំណោះស្រាយនយោបាយទេ នោះនឹងធ្វើឱ្យកម្ពុជាជួបគ្រោះថ្នាក់។ ពលរដ្ឋរូបនេះ ចង់ឃើញអ្នកនយោបាយវិលរកការចរចាជាថ្មី៖ «បាទខ្ញុំសង្កេតឃើញវិបត្តិនយោបាយធ្លាក់មកអ៊ីចឹង ខ្ញុំព្រួយបារម្ភ សង្ឃឹមថាអ្នកនយោបាយកំពូលៗធ្វើតាមសហគមន៍អន្តរជាតិនឹងវិលចូលតុចរចាឡើងវិញ »។
ពលរដ្ឋម្នាក់ទៀតនិយាយថា លោកក៏ដូចពលរដ្ឋផ្សេងទៀតដែរ គឺមិនចង់ឱ្យរបបវាលពិឃាត វិលត្រឡប់មកវិញទេ។ លោកបន្តថា បើមេដឹកនាំប្រទេសសព្វថ្ងៃ គ្មានភាពវៃឆ្លាតទេ នឹងធ្វើឱ្យប្រទេសកម្ពុជាជួបវិបត្តិថ្មី គឺការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ៖ «បើស្ថានការណ៍វិលមកភាពដើមវិញគឺជារឿងល្អព្រោះគ្មាននរណាម្នាក់ចង់បានសង្គ្រាមទេ»។
ការលើកឡើងរបស់ពលរដ្ឋបែបនេះ ខណៈរបបក្រុងភ្នំពេញបានរៀបចំទិវាចងកំហឹង ២០ ឧសភា នៅសារមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក នៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមហាជនទូទៅជាង ៧ពាន់នាក់។ សាលាក្រុងភ្នំពេញ ដែលទទួលរៀបចំទិវានេះ បានរៀបចំឱ្យមានការសម្ដែងពីការកាត់ទោសប្រហារជីវិតពលរដ្ឋដោយត្បូងចប របស់ក្រុមខ្មែរក្រហម។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម បានសរសេរនៅហ្វេសប៊ុករបស់លោក ដោយទាមទារឱ្យពលរដ្ឋចូលរួមការពារសន្តិភាពដែលលោកតែងតែអះអាងថា លោក ជាអ្នករំដោះកម្ពុជាចេញពីរបបវាលពិឃាដ។
ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងយុវជន លោក បូ ពៅ សង្កេតឃើញថា ទោះកម្ពុជារួចផុតពីរបបវាលពិឃាដ ប៉ុល ពត ជិត៤០ឆ្នាំមកហើយក្តី តែពលរដ្ឋដែលកំពុងរស់នៅក្នុងរបបលោក ហ៊ុន សែន ជួបប្រទះការបណ្ដេញចេញពីលំនៅឋានដោយសារវិបត្តិដីធ្លី អំពើអយុត្តិធម៌ក្នុងសង្គម និងការចំណាកស្រុក គឺធ្វើឱ្យពលរដ្ឋដូចស្លាប់ទាំងរស់។ លោកយល់ថា ដើម្បីកុំឱ្យពលរដ្ឋរងគ្រោះបន្តទៀត ពួកគេត្រូវមានភាពឈ្លាសវៃក្នុងការជ្រើសរើសអ្នកដឹកនាំ៖ «ដូចសម័យ ប៉ុល ពត គេយកទៅសម្លាប់ចោលភ្លាមៗហ្នងទៅគឺចប់សព្វគ្រប់ហើយ ប៉ុន្តែសម័យនេះមិនមែនអ៊ីចឹងទេ ធ្វើឱ្យវេទនាកូនព្រាត់ឪពុកម្តាយ ប្រពន្ធព្រាត់ប្តី ចេញទៅធ្វើការស្រុកគេ »។
របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ បានធ្វើឱ្យពលរដ្ឋខ្មែរជិតពីរលាននាក់បានបាត់បង់ជីវិតដោយការសម្លាប់ ការបង្អត់អាហារ និងការធ្វើពលកម្មហួសកម្លាំង។ ចំណែករបបលោក ហ៊ុន សែន សព្វថ្ងៃនេះបានសម្លាប់ឆន្ទៈពលរដ្ឋជាង៣លាននាក់ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ដែលម្ចាស់ឆ្នោតស្រឡាញ់គាំទ្រ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បាននិយាយថា លោក ហ៊ុន សែន កំពុងដើរតាមគន្លងរបស់ ប៉ុល ពត ហើយបើលោក ហ៊ុន សែន នៅតែរឹងទទឹងមិនព្រមចរចា គឺស្មើនិងការធ្វើអត្តឃាតខ្លួនឯង។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ព្រមានថា បើគ្មានដំណោះស្រាយនយោបាយទេប្រទេសកម្ពុជានឹងអាចធ្លាក់ចូលគន្លងចាស់ឡើងវិញ៖ «គិតមើលក្នុងស្ថានភាពសព្វថ្ងៃនេះ សម្រាប់ខ្ញុំអត់ថាដល់របបផ្ដាច់ការទេ ប៉ុន្តែបើយើងនឹងអាចធ្លាក់ចូលគន្លងហ្នឹងដែរ បើសិនស្ថានភាពបែបនេះនៅតែបន្តកាន់តែធ្ងន់ទៅៗ»។
ពលរដ្ឋម្ចាស់និងសហគមន៍អន្តរជាតិ តែងតែបានប្រាប់ទៅរបបលោក ហ៊ុន សែន ឱ្យវិលរកចរចាដើម្បីបញ្ចប់វិបត្តិនយោបាយ ប៉ុន្តែមេដឹកនាំប្រទេសរូបនេះ មិនបានអើពើទៅនឹងការអំពាវនាវនេះទេ។ សហគមន៍អន្តរជាតិព្រមានថា បើរបបក្រុងភ្នំពេញមិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ ពួកគេនឹងដាក់ទណ្ឌកម្ម។ ចំណែកសហរដ្ឋអាមេរិកកំពុងធ្វើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីរបបលោក ហ៊ុន សែន និងហាមឃាត់មិនឱ្យចរាចរសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
