ព្រះសង្ឃគាំទ្រគណបក្សភ្លើងទៀនដែលគេបណ្ដេញចេញពីវត្តនៅខេត្តសៀមរាប ភៀសព្រះកាយទៅក្រៅប្រទេសក្រោយគេគំរាម
2022.06.01
ព្រះសង្ឃ ហេង គឹមឡាយ ដែលត្រូវបានមន្ត្រីសង្ឃខេត្តសៀមរាបបណ្ដេញចេញមិនឱ្យគង់នៅក្នុងវត្តប្រាសាទរង្ស៊ីទាំងកណ្ដាលយប់ដោយសារគាំទ្រគណបក្សភ្លើងទៀននោះមានថេរដីកាថា ពេលនេះព្រះអង្គបានភៀសព្រះកាយពីចេញពីកម្ពុជាដោយសុវត្ថិភាពហើយ កាលពីយប់ថ្ងៃទី១ មិថុនា។
ព្រះតេជព្រះគុណធ្លាប់តាំងចិត្តមិនភៀសព្រះកាយទៅណាក្រៅពីស្រុកកំណើតឡើយ ប៉ុន្តែព្រះអង្គថា ដោយសារការគំរាមកំហែងមានគ្រប់រូបភាព និងធ្ងន់ធ្ងរជាបន្តបន្ទាប់ ប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតសមាជិកក្រុមគ្រួសារ បើទោះបីជាមន្ត្រីសង្ឃខេត្តសៀមរាបបណ្ដេញព្រះតេជព្រះគុណចេញពីវត្តហើយក្ដី។
បញ្ហានេះហើយ ដែលបង្ខំឲ្យព្រះតេជព្រះគុណភៀសព្រះកាយចេញទៅក្រៅប្រទេសបណ្ដោះអាសន្នទាំងលំបាក ដើម្បីស្វែងរកយុត្តិធម៌ជុំវិញរឿងនេះ៖ «មានគេចិត្តល្អ ជាសមត្ថកិច្ចគេលួចប្រាប់ថា សូមព្រះអង្គនិមន្តចេញឲ្យផុត ទៅថៃទៅអីទៅ កុំឲ្យនៅទីនេះ ទីនេះគ្មានសុវត្ថិភាពសម្រាប់ព្រះអង្គទេ ហើយបើមានវត្តណានិមន្តព្រះអង្គកុំទៅ ប្រយ័ត្នទៅមិនដល់វត្ត មានប៉ូលិសទៅដល់ញោមស្រីអាត្មាទៀតនោះ»។
ព្រះអង្គមានថេរដីកាថា ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមកលើព្រះអង្គនេះ គឺដោយសារតែព្រះអង្គគាំទ្រគណបក្សភ្លើងទៀន និងតែងតែឈឺឆ្អាលក្នុងបញ្ហាសង្គម ជាពិសេស រឿងរ៉ាវដីធ្លីរបស់អ្នកស្រុកដែលរងនូវការច្បាមយកទាំងអយុត្តិធម៌ពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះអង្គអំពាវនាវដល់ព្រះសង្ឃនៅទូទាំងប្រទេស គួរតែហ៊ានក្រោកឈរឡើង បញ្ចេញមតិ និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងឃុំសង្កាត់មកពីគណបក្សប្រឆាំង ដើម្បីឱ្យពួកគេជួយការពារផលប្រយោជន៍ជូនពលរដ្ឋ កុំឱ្យគណបក្សកាន់អំណាចអាចធ្វើអ្វីបានស្រេចតែអំពើចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។