[អានអត្ថបទជា ភាសាអង់គ្លេស៖ Cambodia sells research monkeys to the world. It's not all legal, US says.]
កសិដ្ឋានចិញ្ចឹមស្វាមួយកន្លែង មានព័ទ្ធជុំវិញដោយស្នាមភ្លោះ លើកដីកម្ពស់២ម៉ែត្រ និងរបងឥដ្ឋមានបន្លាលួសនៅពីលើ។ កសិដ្ឋាននោះគឺជារបស់ប្អូនស្រីបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី។
អតីតបុគ្គលិកម្នាក់នៃកសិដ្ឋាននោះ បានប្រាប់វិទ្យុអាស៊ីសេរីថា ទីនោះមានអ្នកយាមកាមជាច្រើននាក់ប្រដាប់ដោយកាំភ្លើងអាកា ដើរល្បាតបរិវេណខាងក្នុងកសិដ្ឋាននោះ ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។
តើទីតាំងនោះមានអ្វីជាអាថ៌កំបាំងនៅពីក្រោយជញ្ជាំងទាំងនោះដែលចាំបាច់ត្រូវការពារសន្តិសុខយ៉ាងដូច្នេះ?

ចម្លើយគឺថា សត្វដែលត្រូវគេចាប់បង្ខាំងទុកនៅខាងក្នុងរបងនោះ៖ គឺជាសត្វស្វាក្តាមកន្ទុយវែង ដែលជាប្រភេទពូជសត្វដ៏ពេញនិយមមួយសម្រាប់បម្រើឱ្យការស្រាវជ្រាវវេជ្ជសាស្ត្រ។
ការធ្វើពិសោធន៍លើសត្វទាំងនេះ បានជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រអាចរកឃើញវ៉ាក់សាំងបង្ការជំងឺគ្រុនលឿង (Yellow Fever)។ ថ្មីៗនេះទៀតសោត សត្វស្វាក្តាមទាំងនេះ ត្រូវបានគេយកទៅធ្វើពិសោធន៍សម្រាប់ព្យាបាលបញ្ហាជាច្រើនមុខ រាប់ចាប់តាំងពីជំងឺបន្តពូជ រហូតដល់ជំងឺធាត់លើសទម្ងន់ជ្រុល និងបញ្ហាញៀនថ្នាំ ជាដើម។
តម្រូវការពូជសត្វប្រភេទនេះបានកើនឡើងខ្លាំងនៅពេលដែលចាប់ផ្តើមមានជំងឺរាតត្បាតសាកល។ នេះគឺដោយសារតែសត្វស្វាក្តាមកន្ទុយវែងទាំងនេះ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំង mRNA ដើម្បីបង្ការជំងឺកូវីដ១៩។
ពីមុន កម្ពុជាមិនមែនជាប្រទេសមួយដែលពូកែខាងផ្គត់ផ្គង់សត្វសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មស្រាវជ្រាវវេជ្ជសាស្ត្រនៅលើសាកលលោកបែបនេះទេ។ តែឥឡូវនេះ ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់នាំចេញសត្វស្វាក្តាមកន្ទុយវែង ដែលជាអាជីវកម្មកាក់កបខ្លាំងតែបង្កប់ភាពខុសច្បាប់ដោយសារតែចំណងទាក់ទងនឹងក្រុមវរជននយោបាយនៃប្រទេសនេះ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២២ កសិដ្ឋានចិញ្ចឹមសត្វនៅកម្ពុជា ដូចជាកសិដ្ឋានមួយកន្លែងដែលអ្នកស្រី ហ៊ុន សេងនី ជាម្ចាស់កម្មសិទ្ធិនេះ បាននាំចេញសត្វស្វាក្តាមកន្ទុយវែងដែលមានតម្លៃសរុបប្រមាណ ២៥០លានដុល្លារ។
ក៏ប៉ុន្តែ នៅពេលដែលអាជីវកម្មប្រភេទនេះរីកដុះដាល សំណួរជាច្រើនអំពីប្រភពដើមនៃសត្វស្វាក្តាមដែលកម្ពុជានាំចេញទៅទូទាំងពិភពលោកនេះ កំពុងត្រូវបានគេចោទសួរឡើង។
ការចោទប្រកាន់នានាអំពីការជួញដូរខុសច្បាប់ ក្លាយជាចំណុចស្នូលនៃសំណុំរឿងក្តីក្តាំដ៏លេចធ្លោមួយតាមផ្លូវច្បាប់ដែលដាក់ប្តឹងដោយរដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអភិរក្សសត្វព្រៃចំនួនពីររូបនៅកម្ពុជា ត្រូវបានចោទប្រកាន់ពីបទចេញលិខិតអនុញ្ញាតក្លែងបន្លំលើការនាំចេញ ដោយបញ្ជាក់ថាសត្វស្វាក្តាមទាំងនោះជាប្រភេទពូជស្វាចិញ្ចឹម ក្នុងគោលដៅដើម្បីគេចវេសពីការរឹតត្បិតមិនឱ្យនាំចូលសហរដ្ឋអាមេរិក និងសន្ធិសញ្ញាអន្តរជាតិដែលគ្រប់គ្រងលើការជួញដូរប្រភេទសត្វជិតផុតពូជ។

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងញូវយ៉ក (New York) កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទអំពីការអភិរក្សសត្វព្រៃ នៅប្រទេសប៉ាណាម៉ា (Panama)។ បច្ចុប្បន្ន លោកកំពុងស្ថិតក្រោមការដាក់ឱ្យនៅឃុំខ្លួនក្នុងផ្ទះមួយកន្លែង នៅក្បែររដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. (Washington DC)។ លោកកំពុងរង់ចាំសវនាការកាត់ទោសនៅខែមិថុនាខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅឯក្រុងម៉ាយអាមី (Miami) នៃរដ្ឋហ្ល្វ័រីដា (Florida)។
មន្ត្រីទីពីរ ឈ្មោះ កែវ អូម៉ាលីស គឺជាអគ្គនាយករដ្ឋបាលព្រៃឈើនៅកម្ពុជា។ លោកគឺជាចៅហ្វាយនាយផ្ទាល់របស់លោក គ្រី ម៉ះផល ហើយកំពុងតែមានសេរីភាពដើរហើរនៅក្នុងប្រទេសកម្ពុជានៅឡើយ។

មន្ត្រីទីភ្នាក់ងារជលផល និងសត្វព្រៃនៃសហរដ្ឋអាមេរិកដែលទើបចូលនិវត្តន៍កាលពីពេលថ្មីៗនេះ លោក អេដ ញូវខាំមើរ (Ed Newcomer) ដែលបានចំណាយពេលវេលា២០ឆ្នាំដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសត្វព្រៃនៅជុំវិញពិភពលោក មានប្រសាសន៍ថា៖ «វាហាក់បីដូចជាថា រាល់អ្វីៗទាំងអស់ដែលជាក្តីបារម្ភបំផុតរបស់យើង កំពុងក្លាយជាការពិត»។
លោកបន្តថា៖ «នៅពេលដែលមន្ត្រីរដ្ឋាភិបាល និងសាច់ញាតិរបស់មន្ត្រីអ្នកមានអំណាចជាន់ខ្ពស់ ជាប់ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ តើបទប្បញ្ញត្តិ និងភ្នាក់ងារអនុវត្តច្បាប់នៅកម្ពុជា ត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពបែបណាទៅ?»
រដ្ឋាភិបាលកម្ពុជាបដិសេធថា មិនមានបញ្ហាពាក់ព័ន្ធនឹងការជួញដូរសត្វស្វាខុសច្បាប់នៅកម្ពុជាឡើយ បើទោះបីជាមានការអំពាវនាវជាច្រើនលើកច្រើនសារពីសំណាក់ក្រុមអ្នកអភិរក្សសត្វព្រៃ ឱ្យរឹតបន្តឹងបទប្បញ្ញត្តិចំពោះកសិដ្ឋានចិញ្ចឹមសត្វនៅកម្ពុជា អស់រយៈពេលជាងមួយទសវត្សហើយយ៉ាងណាក៏ដោយក្តី។
ជំនួញស្វា
ទើបតែថ្មីៗនេះទេ ដែលចិនក្លាយជាប្រទេសផ្គត់ផ្គង់សត្វស្វាក្តាមកន្ទុយវែងច្រើនជាងគេនៅលើពិភពលោក។ ក៏ប៉ុន្តែ ក្នុងគោលដៅដើម្បីការពារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយខ្លួនឯង ក្រុងប៉េកាំង (Beijing) បានហាមប្រាមមិនឱ្យនាំចេញសត្វព្រៃប្រភេទនេះ ដែលជាហេតុធ្វើឱ្យកម្ពុជាក្លាយជាប្រភពទីមួយនៃឧស្សាហកម្មស្រាវជ្រាវវេជ្ជសាស្ត្រជាសាកលនេះ ក្នុងពេលដែលឧស្សាហកម្មនេះត្រូវប្រឈមភ្លាមៗទៅនឹងការខ្វះខាតសត្វខ្លាំងបំផុតនៃសត្វសម្រាប់ពិសោធន៍។
យោងតាម ទិន្នន័យពាណិជ្ជកម្មរបសអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញប្រភេទសត្វព្រៃច្រើនបំផុតដែលប្រទេសនេះពុំដែលធ្លាប់ដឹកជញ្ជូនចេញក្នុងរយៈពេលតែមួយឆ្នាំ។ ពោលគឺ កម្ពុជាបាននាំចេញសត្វព្រៃទៅក្រៅប្រទេស រហូតដល់ទៅ ១៤.៩៣១ ក្បាល ក្នុងតម្លៃ ៣៣ លានដុល្លារ។ នេះមានន័យថា តម្លៃជាមធ្យមសម្រាប់សត្វស្វាក្តាមមួយក្បាលគឺ ២.២៧១ ដុល្លារ។
ចាប់តាំងពីពេលនោះមក បរិមាណនៃការនាំចេញ និងតម្លៃជាមធ្យមសម្រាប់សត្វស្វាមួយក្បាលៗ ចេះតែបន្តកើនឡើងជាលំដាប់។

ប៉ុន្តែ ក្រុមអ្នកជំនាញនិយាយថា ជារឿងមិនអាចទៅរួចឡើយដែលសត្វស្វាទាំងអស់នោះ ត្រូវបានគេចិញ្ចឹម និងមានប្រភពចេញមកពីកសិដ្ឋាន ផ្អែកតាមបទប្បញ្ញត្តិដែលគ្រប់គ្រងលើការប្រើប្រាស់ពពូជសត្វសម្រាប់បម្រើឱ្យការពិសោធន៍វេជ្ជសាស្ត្រ។
ការសិក្សាស្រាវជ្រាវមួយទើបនឹងបោះពុម្ពផ្សាយកាលពីដើមខែនេះនៅក្នុង ព្រឹត្តិបត្រឈ្មោះ «វ័ន ហេលស៍» (One Health) ដែលជាព្រឹត្តិបត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រនៃការព្យាបាលសត្វ បានរកឃើញថា ក្រុមអ្នកបង្កាត់ពូជសត្វនៅកម្ពុជាអាចត្រូវការពេលវេលាច្រើនជាងអត្រាផលិតកម្មរហូតដល់ទៅជាង៤ដងឯណោះ ដើម្បីអាចនាំចេញបានដោយស្របច្បាប់នៃចំនួនសត្វស្វាក្តាមដូចដែលត្រូវបានដឹកចេញក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
ក៏ប៉ុន្តែ ក្រុមអ្នកសិក្សាស្រាវជ្រាវបានសរសេរថា៖ «កម្ពុជាមានប្រវត្តិពុំមានសមត្ថភាពផលិតកូនសត្វស្វាក្តាមជំនាន់ទីពីរឡើយ។ ដូច្នេះហើយទើបបានជាការបង្កើនសមត្ថភាពផលិតកម្មសត្វស្វាក្តាមទាំងនេះដោយស្របច្បាប់ ទំនងដូចជាមិនអាចទៅរួចឡើយ»។
« លុយសន្ធឹកសន្ធាប់ »
កសិដ្ឋានចិញ្ចឹមស្វាដែលមានរបងហ៊ុំព័ទ្ធជុំវិញដូចបន្ទាយទាហាន ហើយដែលជាកម្មសិទ្ធិរបស់ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិនមែនជាផ្នែកមួយនៃសំណុំរឿងក្តីក្តាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។
ក៏ប៉ុន្តែ វាជាឧទាហរណ៍សំខាន់មួយនៃ «ទំនាក់ទំនងត្រូវដងត្រូវផ្លែនឹងគ្នា» ដូចដែលពណ៌នាដោយលោក អេដ ញូវខាំមើរ រវាងវរជននយោបាយនៅកម្ពុជា និងជំនួញសត្វស្វាក្តាមដែលកំពុងតែរីកដុះដាលនេះ។ វាក៏អាចពន្យល់ឱ្យដឹងផងដែរអំពីហេតុផលដែលនាំឱ្យវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅក្នុងប្រទេសនេះទំនងជាពិបាកនឹងធ្វើកំណែទម្រង់។

អ្នកស្រី ហ៊ុន សេងនី ពុំកាន់តំណែងណាមួយក្នុងជួររដ្ឋាភិបាលកម្ពុជាឡើយ។
ក៏ប៉ុន្តែ អ្នកស្រីស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលមានចំណងទាក់ទងជាមួយនឹងអ្នកមានអំណាចនយោបាយ ដែលជាមន្ត្រីនយោបាយ ឬជាបុគ្គលផ្សេងពីនេះ ហើយដែលទទួលបានផ្លែផ្កានៃសេរីភាពក្នុងការប្រកបអាជីវកម្មដោយមានការពិនិត្យពិច័យតិចតួចពីសំណាក់រដ្ឋាភិបាល។ អ្នកស្រី ហ៊ុន សេងនី ពុំបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយជុំវិញរឿងនេះឡើយ។
បរិវាររបស់លោក ហ៊ុន សែន ម្នាក់ទៀត ជារដ្ឋលេខាធិការក្រសួងកសិកម្ម គឺ លោក សេន សុវណ្ណ បានជួលដីទៅឱ្យកសិដ្ឋានចិញ្ចឹមស្វាមួយកន្លែង ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែស៊ើបអង្កេត។ កាលពីឆ្នាំមុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីពិនិត្យមើលលទ្ធភាពនៃការធ្វើជំនួញជាមួយក្រុមហ៊ុនមួយផ្សេងទៀតដែលជាប់ឈ្មោះជាអ្នកផ្សំគំនិតតែមិនមានឈ្មោះក្នុងដីកាកោះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក គ្រី ម៉ះផល ឡើយ។
ដោយសារតែឥទ្ធិពលដ៏សម្បើមរបស់អ្នកមានអំណាចនយោបាយនៅកម្ពុជាបែបនេះហើយ ទើបបានជាក្រុមអ្នកជំនាញព្រួយបារម្ភថា មានការលើកទឹកចិត្តតិចតួចដល់ការកែទម្រង់ជំនួញស្វានៅកម្ពុជា បើទោះជាលទ្ធផលនៃសវនាការលើសំណុំរឿងក្តីក្តាំនៅអាមេរិកនេះនឹងចេញទៅជាយ៉ាងណានោះ។
វានរជាតិវិទូ (Primatologist) ដែលឥឡូវជាទីប្រឹក្សានៃក្រុមការពារសិទ្ធិសត្វ ឈ្មោះ Peta អ្នកស្រី លីសា ចន-អែនជែល (Lisa Jones-Engel) និយាយថា៖ «ឥឡូវនេះ អាជីវកម្មនេះពាក់ព័ន្ធនឹងលុយកាក់ដ៏សន្ធឹកសន្ធាប់ ដែលពិបាកឱ្យសត្វស្វាទាំងនេះអាចមានឱកាសរួចខ្លួនណាស់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
